ដកបញ្ឈរជើងបណ្ដោះអាសន្នមន្រ្តីសាលាខេត្តស្ទឹងត្រែងម្នាក់ ដើម្បីឱ្យចូលខ្លួនដោះស្រាយវិវាទដីធ្លីមួយកន្លែង នៅស្រុកថាឡាបរិវ៉ាត់

0

ខេត្តស្ទឹងត្រែង៖ មន្រ្តីបម្រើការនៅការិយាល័យបុគ្គលិក នៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តស្ទឹងត្រែង ដែលទើបផ្ទេរភារកិច្ចមកពីសាលាខេត្តព្រះវិហារ គឺលោក អ៊ុំ សុភឿន ត្រូវបានរដ្ឋបាលខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ​សម្រេចដកបញ្ឈរជើងពីការងារជាបណ្តោះអាសន្ន ដើម្បីឱ្យសាមីខ្លួនចូលដោះស្រាយបញ្ហាវិវាទដីធ្លី និងទុកលទ្ធភាពឱ្យក្រុមប្រឹក្សាវិន័យធ្វើការពិនិត្យ និងតាមដានយ៉ាងម៉ត់ចត់។​

ការដកបញ្ឈរជើងបណ្តោះអាសន្នលើរូបលោក អ៊ុំ សុភឿន បន្ទាប់ពីមានការលើកឡើង និងការផ្សព្វផ្សាយយ៉ាងផុសផុលពីបណ្តាញសារព័ត៌មាន ព្រមទាំងការទាមទាររកយុត្តិធម៌ពីសាធារណជន ជុំវិញវិវាទដីធ្លីលើក្បាលដីលេខ ៦២៩ ស្ថិតនៅឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

រដ្ឋបាលខេត្តស្ទឹងត្រែង បានបញ្ជាក់យ៉ាងច្បាស់ថា លោក អ៊ុំ សុភឿន ជាមន្ត្រីដែលបានផ្ទេរមកពីសាលាខេត្តព្រះវិហារក្នុងឆ្នាំ២០២៥ ត្រូវបានរកឃើញថា មានឈ្មោះពាក់ព័ន្ធនឹងទំនាស់ការគ្រប់គ្រង កាន់កាប់ និងលក់ដូរដីធ្លីជាមួយលោកស្រី អៀវ វុទ្ធី ដែលជាភាគីអ្នកស្វែងរកយុត្តិធម៌។ មុននឹងឈានដល់ការសម្រេចចិត្តនេះ អាជ្ញាធរខេត្តបានតម្រូវឱ្យសាម៉ីខ្លួនចុះដោះស្រាយបញ្ហាដីធ្លីនោះឱ្យបានដាច់ស្រឡះតាមគោលការណ៍ច្បាប់ ប៉ុន្តែដើម្បីធានាតម្លាភាព និងប្រសិទ្ធភាពក្នុងការអនុវត្តនីតិវិធី ទើបរដ្ឋបាលខេត្តសម្រេចដាក់ចេញវិធានការរដ្ឋបាលចំនួនពីរចំណុច គឺ ១- ផ្អាកការងារបណ្តោះអាសន្ន និង ២- ដាក់ឱ្យស្ថិតក្រោមការតាមដាន និងត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ពីសំណាក់ក្រុមប្រឹក្សាវិន័យ។

ក្នុងករណីលទ្ធផលអង្កេតរកមិនឃើញកំហុសឆ្គង សាម៉ីខ្លួននឹងត្រូវបានអនុញ្ញាតឱ្យចូលបម្រើការងារតាមតួនាទីដើមវិញក៏ដោយ ប៉ុន្តែសេចក្តីសម្រេចនេះត្រូវបានមហាជន និងអ្នកតាមដានសង្គមចាត់ទុកថាជា «ជំហានដំបូងដ៏សំខាន់» នៃការឆ្លើយតបទៅនឹងសំឡេងទាមទាររកយុត្តិធម៌ និងការអនុវត្តច្បាប់ក្នុងនីតិរដ្ឋ។

ទោះជាយ៉ាងនេះក្តីប្រជាពលរដ្ឋ និងសាធារណជន ដែលបាននិងកំពុងតាមដានរឿងនេះយ៉ាងដិតដល់ នឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ចំពោះចំណាត់ការបន្តទៀតរបស់ ក្រុមប្រឹក្សាវិន័យនៃរដ្ឋបាលខេត្តស្ទឹងត្រែង ថាតើលទ្ធផលនៃការស៊ើបអង្កេត និងការផ្ទៀងផ្ទាត់ផ្លូវច្បាប់នឹងត្រូវបង្ហាញការពិតបែបណាជូនសាធារណជន ដើម្បីធានាបាននូវតម្លាភាព យុត្តិធម៌សង្គម និងការការពារកិត្តិនាម នៃការដឹកនាំរបស់រាជរដ្ឋាភិបាល?៕ដោយ៖ឡុង សំបូរ