កម្លាំងសឹករងខេត្តកំពង់ធំ សហការបង្ក្រាបបទល្មើសព្រៃឈើនៅស្រុកសន្ទុក ដកហូតគោយន្ត ម៉ាស៊ីនកាត់ឈើ និងឈើមូលជាង ១៥០កំណាត់

0

​ខេត្តកំពង់ធំ៖ គោយន្តកន្ត្រៃចំនួន ១គ្រឿង ម៉ាស៊ីនកាត់ឈើចំនួន ១គ្រឿង និងឈើមូលស្រស់សរុបជាង ១៥០កំណាត់ ត្រូវបានកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ សហការជាមួយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម បង្ក្រាបបាននៅចំណុចអូរអន្ទ្រក តំបន់ព្រៃអង់តែន ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។

​បើតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាម៉ោង ៣ និង១៥នាទីទៀបភ្លឺ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានបញ្ជាឲ្យកងកម្លាំងអន្តរាគមន៍ប្រចាំការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើក្នុងស្រុកសន្ទុក សហការជាមួយជំនាញរដ្ឋបាលព្រៃឈើ ចុះធ្វើសកម្មភាពទប់ស្កាត់ការកាប់ និងដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់ជាបន្ទាន់ នៅតំបន់ព្រៃអង់តែន ក្នុងភូមិសាស្ត្រឃុំបឹងល្វា ស្រុកសន្ទុក។

​លោកវរសេនីយ៍ទោ ទិត ចាន់ នាយសេនាធិការរង និងជាប្រធានក្រុមកងកម្លាំងអន្តរាគមន៍បង្ក្រាបបទល្មើសព្រៃឈើ បានបញ្ជាក់ថា ក្រោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់ លោកបានដឹកនាំកងកម្លាំងចុះរុករក និងស្ទាក់ចាប់រហូតដល់វេលាម៉ោង ៣ និង៤៥នាទីទៀបភ្លឺថ្ងៃខែឆ្នាំដដែល កងកម្លាំងបានប្រទះឃើញគោយន្តកន្ត្រៃ ១គ្រឿង កំពុងដឹកជញ្ជូនឈើខុសច្បាប់ និងបានស្ទាក់ចាប់បាននៅនឹងកន្លែងចំណុចអូរអន្ទ្រក។ ប៉ុន្តែដោយសារភាពងងឹត និងស្ថានភាពអំណោយផលដល់ការរត់គេច ម្ចាស់គោយន្តបានរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកគោយន្ត និងឈើមូលប្រមាណជាង ៤០កំណត់។

​ដោយឡែក នៅតំបន់ជិតគ្នាផ្សេងទៀត ក្រុមជនសង្ស័យដែលដឹងខ្លួនមុន ក៏បានកាត់ទម្លាក់ឈើចោល និងបើកគោយន្តគេចខ្លួនបាត់ស្រមោលផងដែរ ដោយបន្សល់ទុកម៉ាស៊ីនកាត់ឈើចំនួន ១គ្រឿង និងឈើមូលស្រស់ប្រមាណជាង ១១០កំណត់បន្ថែមទៀត ​នៅក្នុងឱកាសចុះត្រួតពិនិត្យផ្ទាល់នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានដាក់បទបញ្ជាយ៉ាងតឹងរ៉ឹងដល់ស្ថាប័នជំនាញរដ្ឋបាលព្រៃឈើ និងកងកម្លាំងពាក់ព័ន្ធ ត្រូវសហការជាមួយអាជ្ញាធរដែនដី ដើម្បីបើកការស្រាវជ្រាវស្វែងរកមុខសញ្ញាជនល្មើសយកមកកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ។
​ដោយ៖ ប៊ុន រដ្ឋា