សៀមរាប: ឆ្លងតាមការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់ (ក្រុងអង្គរ) ដែលបានចាប់ផ្តើមធ្វើកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ស្ថិតសម្ព័ន្ធក្លឹកីឡាវាយសីខេត្តសៀមរាប ស្ថិតភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប ត្រូវបានបញ្ចប់នៅល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមប្រគល់រង្វាន់ជ័យលាភីពីសំណាក់ឯកឧត្តម
ប្រាក់ សោភ័ណ ដោយមានការចូលរួមពីសមាជិកសម្ព័ន្ធក្លឹកីឡាវាយសីខេត្ត និងប្រតិភូកីឡា មកពីខេត្តបាត់ដំបង ,សៀមរាប និង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង កីឡាករ ការិនីជាច្រើនរូបទៀត ។
ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញរយៈពេល២ថ្ងៃនេះ លទ្ធផលដែលទទួលបានចំណាត់ថ្នាក់ជ័យលាភី រួម
កីឡាករកម្រិត(AB) ជ័យលាភីលេខ១ បានទៅលើ កីឡាករវាយសី មកពីខេត្តបាត់ដំបង , លេខ២ ខេត្តសៀមរាប និង លេខ៣ មានក្រុងប៉ោយប៉ែត និង ខេត្តបាត់ដំបង ។
កីឡាករកម្រិត(C) ជ័យលាភីលេខ១ បានទៅលើ កីឡាករវាយសី មកពីខេត្តសៀមរាប , លេខ២ ខេត្តបាត់ដំបង និង លេខ៣ មានខេត្តសៀមរាប និង បាត់ដំបង ។
កីឡាករកម្រិត(D) ជ័យលាភីលេខ១ បានទៅលើ កីឡាករវាយសី មកពីខេត្តសៀមរាប , លេខ២ ខេត្តសៀមរាប និង លេខ៣ បានទៅខេត្តសៀមរាប ។
កីឡាករកម្រិត Mixed Double(វាគួចម្រុះ)ជ័យលាភីលេខ១ បានទៅលើ កីឡាករវាយសី មកពីខេត្តសៀមរាប , លេខ២ ខេត្តសៀមរាប និង លេខ៣ មានក្រុងប៉ោយប៉ែត និង ខេត្តសៀមរាប ។
មានប្រសាសន៍សំណេះសំណាលនោះឯកឧត្តម ប្រាក់ សោភ័ណ បានគូសបញ្ជាក់ថា នេះជាព្រឹត្តិការណ៍មួយសំដៅលើកស្ទួយនូវវិស័យកីឡានៅក្នុងខេត្តសៀមរាប ឲ្យកាន់តែមានការរីកចម្រើនអភិវឌ្ឍន៍ឈានឡើង ឆ្លងតាមរយៈការប្រកួតនេះក្រុមកីឡាករនីមួយៗ បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត បញ្ញា ស្មារតី បង្ហាញនូវសមត្ថភាព ព្រមទាំង ដកស្រង់បាននូវបច្ចេកទេស បទពិសោធន៍គ្នាទៅវិញទៅមក គោរពវិន័យក្នុងការប្រកួត ប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ ក្នុងលក្ខណៈមិត្តភាព សាមគ្គីភាព ក្រោមបរិយាកាសរីករាយក្រៃលែង ។ ក្នុងនោះដែរឯកឧត្តម ក៏បានធ្វើការផ្តាំផ្ញើ ដល់បងប្អូនកីឡាករ កីឡាការិនី ដែលទទួលបានជ័យលាភី សូមបន្តយកចិត្តទុកដាក់បន្តទៀត ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួនឲ្យបានគ្រប់គ្រាន់ ហើយប្អូនៗកីឡាករ កីឡាការិនី ដែលមិនទទួលបានជ័យលាភី ក៏ទទួលបាននូវបទពិសោធន៍ និងការវាស់ស្ទង់សមត្ថភាពរបស់ខ្លួនតាមរយៈការប្រកួតនេះដែរ ហើយត្រូវខិតខំបន្តការហ្វឹកហាត់ និងលេងកីឡា ដើម្បីបង្កើនសមត្ថភាព ក៏ដូចជាលើកកម្ពស់សុខភាពបុគ្គល តាមរយៈសកម្មភាព អប់រំកាយនិងកីឡា។
ឯកឧត្តម ក៏បានគូសបញ្ជាក់ថា គ្រប់វិញ្ញាសារកីឡាទាំងអស់ គឺនាំមកនូវចំណេះដឹង បច្ចេកទេស កាយសម្បទារឹងមាំ សុខភាពល្អ បញ្ញាស្មារតីភ្លឺថ្លា ហើយក៏ជាសារមួយដើម្បីបំផុសស្មារតីយុវជនឲ្យស្រឡាញ់កីឡា និង ជៀសឆ្ងាយពីគ្រឿងញៀន។
សូមបញ្ជាក់ផងដែរថា រង្វាន់ដែលបានប្រគល់ជូនដល់ជ័យលាភីចំណាត់ថ្នាក់លេខ១កម្រិត(AB)និងកម្រិត(C)ម៉ូតូ ១គ្រឿង និងថវិកា ២លាន២២០ពាន់រៀល ,លេខ២ .១លាន៦សែនរៀល និង លេខ៣ .១លាន២សែនរៀលផងដែរ៕









































