សៀមរាប៖ លោកឧត្តមសេនីយ៍ទោ រស់ សារិន មេបញ្ជាការរងយោធភូមិភាគទី៤ និង នាយទាហានចំណុះទីបញ្ជាការយោធភូមិភាគទី៤ បានមូលមតិគ្នាជាឯកច្ឆ័ន្ទ ប្រារព្ធធ្វើអង្គកឋិនទានសាមគ្គី រួមនឹងអង្គកឋិនពុទ្ធបរិស័ទចំណុះជើងវត្ត បានដង្ហែយកទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស នៅក្នុងពុទ្ធសីមាវត្តព្រះព្រហ្មរ័ត្ន ក្រុងសៀមរាប នូវបច្ច័យប្រមូលបានពីអង្គ
កឋិនទានសាមគ្គី សរុប ១១៩លានរៀល និងប្រាក់ដុល្លា ២ពាន់៦៤០ដុល្លាអាមេរិក និង ស្បង់ជីវ័រ ដើម្បីសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធ និង សមិទ្ធិផលនានាក្នុងពុទ្ធសីមាវត្តព្រះព្រហ្មរត័្ន ព្រមទាំងទ្រទ្រង់ចង្ហាន់ព្រះសង្ឃ ដែលជាប្រយោជន៍រួមដ៏ថ្លៃថ្លាសម្រាប់ព្រះពុទ្ធសាសនា និងសង្គមជាតិទាំងមូល នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦នេះ ។
មានប្រសាសន៍នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ រស់ សារិន បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តអស់លោក លោកស្រី ជានាយទាហាន នាយទាហានរង និង ពុទ្ធបរិស័ទជិតឆ្ងាយ ដែលមានសទ្ធាជ្រះថ្លា ចូល រួមបច្ច័យ ក្នុងអង្គកឋិនទានសាមគ្គីនាពេលនេះ ដើម្បីប្រមូលបច្ច័យយកមកកសាងសមិទ្ធផលនានាក្នុងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឲ្យមានការរីកចម្រើនរុងរឿង ។ លោកបន្តទៀតថា បើគ្មានសុខសន្តិភាពទេ នោះយើងក៏គ្មាន ឱកាសជួបជុំគ្នាធ្វើបុណ្យអង្គកឋិនទាន ក្នុងការរួមគ្នាកសាង និង អភិវឌ្ឍសង្គមជាតិទៅរកភាពរីកចំរើនបាន។
ព្រះសាសនសត្ថា តង់ តន ព្រះគ្រូចៅអធិការវត្ត មានថេរដីកាថា កឋិនទាន គឺជាបុណ្យប្រពៃណីរបស់ព្រះពុទ្ធសាសនា ដែលមានចែងយ៉ាងច្បាស់នៅក្នុងព្រះវិន័យបិដក មហាវគ្គ កឋិនក្ខន្ធកៈ ។ ប៉ុន្តែបុណ្យកឋិនទានមានលក្ខណៈប្លែកពីបុណ្យដទៃ ៥យ៉ាងសំខាន់ៗ គឺប្លែកដោយកាល ជាកាលទានដែលក្នុងមួយឆ្នាំអាចប្រារព្ធធ្វើបានតែ ១ដង ហើយវត្តមួយទទួលបានកឋិនតែ ១ដងប៉ុណ្ណោះ, ប្លែកដោយវត្ថុ គឺសំពត់ដែលជាវត្ថុកឋិន មានតែស្បង់ចីវរ និងសង្ឃាដី ដែលគេធ្វើត្រឹមត្រូវតាមពុទ្ធបញ្ញត្តិ, ប្លែកដោយអំពើ ទាំងអ្នកធ្វើ និងព្រះសង្ឃ ត្រូវធ្វើឲ្យបានត្រឹមត្រូវតាមព្រះវិន័យបញ្ញត្តិ, ប្លែកដោយបដិគ្គាហកៈ គឺអ្នកទទួលសំពត់កឋិនបានតែភិក្ខុដែលនៅចាំព្រះវស្សាគ្រប់ ៣ខែ ដោយមិនដាច់វស្សាប៉ុណ្ណោះ និងប្លែកដោយអានិសង្ស ជាបុណ្យមានផលានិសង្សច្រើន ដែលអ្នកធ្វើទទួលបានអានិសង្ស ៥យ៉ាង ដូចជា មានប្រាជ្ញាក្លៀវក្លាមុតមាំ មានសម្បុរនិងរូបល្អ មានទ្រង់ទ្រាយល្អ និងបានជាស្តេចចក្រពត្តិក្នុងជាតិណាមួយពុំខានឡើយ។ ក្រៅពីនេះ បុណ្យកឋិនសាមគ្គី ក៏បង្ហាញអំពីការរួបរួមគ្នាជាធ្លុងមួយ របស់ពុទ្ធបរិស័ទចំណុះជើងវត្ត ឬញាតិញោមមកពីគ្រប់ទិសទី ក្នុងការចូលរួមចំណែកកម្លាំងកាយចិត្ត និងថវិកាដោយមិនប្រកាន់វណ្ណៈ ឬនិន្នាការណាមួយឡើយ ។ ព្រះគ្រូចៅអធិការ បានបន្ថែមថា តាមរយៈកឋិនទាននេះ វត្តក៏មានលទ្ធភាពទទួលបានបរិវាកឋិន រួមមាន សម្ភារ និងបច្ច័យ សម្រាប់បម្រើដល់ការកសាងទីសេនាសនៈផ្សេងៗ ដូចជា ព្រះវិហារ កុដិ្ឋ ឧបដ្ឋានសាលា ការទំនុកបម្រុងវិស័យពុទ្ធិកសិក្សា និងការកសាងសមិទ្ធផលសង្គម ហើយ ទីវត្តអារាម ក៏ជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សពីបុរាណកាលមក ទាំងអាណាចក្រ និង ពុទ្ធចក្រផងដែរ ។
គួរឲ្យដឹងថា បុណ្យកឋិនទានប្រារព្ធឡើងក្នុងគោលបំណង បង្កើនសាមគ្គីភាពរវាងបុគ្គល គ្រួសារ និងសង្គមជាតិ, ទ្រទ្រង់ព្រះពុទ្ធសាសនា ឲ្យបានចម្រើនរុងរឿង និងគង់វង្សយូរអង្វែង, ផ្តល់កម្លាំងកាយ ចិត្ត ដល់ព្រះភិក្ខុសង្ឃ ដែលជាសាសនទាយាទបន្តអាយុព្រះពុទ្ធសាសនា និងដើម្បីបានថ្វាយឧបការៈទំនុកបម្រុងឧបត្ថម្ភព្រះភិក្ខុសាមណេរ ដែលជាមហាកុសលដ៏ប្រសើរ៕






































