ពិធីបិទការប្រណាំងទូក ក្នុងឱកាសទិវារាជពិធីឡើងគ្រងរាជសម្បត្តិ និង បុណ្យចេញព្រះវស្សា

0

សៀមរាប៖ ការប្រកួតទូក(ង)រយៈពេលពីរថ្ងៃ នៅដងស្ទឹងអារញ្ញ ខេត្តសៀមរាប ដើមី្បអបអរសាទរទិវារាជពិធីឡើងគ្រងរាជសម្បត្តិ និង បុណ្យចេញព្រះវស្សា ជាលទ្ធផល ជ័យលាភីលេខ១ បានទៅទូកមានឈ្មោះ នាងកែវមុន្នីមានជ័យបារមី ប្រាសាទវត្តអាធ្វារ , ជ័យលាភីលេខ២ បានទៅទូកឈ្មោះ ស្តេចដំរីភ្លុកខៀវមានជ័យបារមី វត្តអារញ្ញសាគរ , ជ័យលាភី លេខ៣ បានទៅទូកឈ្មោះ ព្រះទីនាំងហនុមានចេស្តា (វត្តព្រិន្ទ) និង លេខ៤ បានទៅទូកឈ្មោះសុវណ្ណមាណីវារីមានជ័យ មកពីខេត្តកំពង់ធំ ។ ព្រឹត្តិការណ៍ប្រណាំងទូកមិត្តភាពជាលក្ខណៈសហគមន៍ នៅដងស្ទឹងសៀមរាបក្នុងភូមិសាស្ត្រសង្កាត់សៀមរាបក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីចូលរួមចំណែកលើកកម្ពស់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិ  ព្រមទាំងផ្តល់ឱកាសជូនប្រជាពលរដ្ឋបានកម្សាន្តសប្បាយ និងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ក្រោមគំនិតផ្តួចផ្តើមពី ព្រះវិភត្តិមុន្នីញាណ ហាក់ គឹមហ៊ត់ វិសារទោ ចៅអធិការវត្តអារញ្ញាសាគរ បានសហការគាំទ្រពីរដ្ឋបាលក្រុងសៀមរាបនិង អាជ្ញាធរមូលដ្ឋាន បានរៀបចំពិធីប្រណាំងទូក «ង» រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ដោយមានទូក «ង» ចូលរួមប្រកួតសរុប ៩ទូកចំណុះ២២នាក់ និងកិត្តិយស ៦ទូក មានកីឡាករ កីឡាការិនី ២៧០នាក់ និងមានទូក០១មកពីខេត្តកំពង់ធំចូលរួមផងដែរ។ ពិធីបិទការប្រណាំងទូកនេះ ក្រោមវត្តមាននិមន្ត និង អញ្ជើញចូលរួមរបស់លោកឧត្តមសេនីយ៍ទោ សាយ រិទ្ធិស័ក្ត នគរបាលជាតិ ឧត្តមកម្រិតថ្នាក់លេខ២ និង ជានាយកសាលានគរបាលភូមិភាគ៤ និង លោក ហាយ យង់ អភិបាលរងក្រុង តំណាងលោក  នួន ពុទ្ធារ៉ា អភិបាលនៃគណៈអភិបាលក្រុងសៀមរាប ។
ក្នុងឱកាសនោះ  លោក ហាយ យង់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះគ្រូចៅអធិការវត្តអារញ្ញសាគរ រដ្ឋបាលសង្កាត់សៀមរាប ព្រះសង្ឃ សប្បុរសជន ស្ថាប័នឧបត្ថម្ភគាំទ្រ ក្រុមកីឡាករ កីឡាការិនី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្ម និង បរិច្ចាគធនធាន ក្នុងការរៀបចំពិធីដ៏មានអត្ថន័យនេះឡើង ដែលមិនត្រឹមតែជាការជួបជុំសហគមន៍ដ៏កក់ក្តៅប៉ុណ្ណោះទេ បានជួយបង្ហាញពីស្មារតីសាមគ្គីភាព  និងការបន្តថែរក្សា វប្បធម៌ ប្រពៃណី ដ៏ផូរផង់របស់ខ្មែរ ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងព្រះពុទ្ធសាសនា និង បរិស្ថានធម្មជាតិ  ។  លោក អភិបាលរងក្រុង បានបន្តទៀតថា ពិធីប្រណាំងទូកនាពេលនេះ គឺមានប្រវត្តិទាក់ទងយ៉ាងស៊ីជម្រៅទៅនឹងវដ្តទឹក របរកសិកម្ម នេសាទ និងជំនឿរបស់ប្រជាជនខ្មែរ ដោយមានការចងចាំតាំងពីសម័យអង្គរ តាមរយៈការរំឭកដល់កងទ័ពជើងទឹកក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នៅចុងសតវត្សទី១២ ដែលបានចារិកចន្លាក់នៅតាមជញ្ជាំងប្រាសាទបាយ័ន និង ប្រាសាទបន្ទាយឆ្នា  ជាសម្បត្តិបេតិកភណ្ឌវប្បធម៌នេះ ស្ថិតស្ថេរប្រកបដោយចីរភាព និង ការអភិរក្ស ត្រូវតែផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយការអប់រំយុវជន ដោយត្រូវបង្កើតឱកាសឲ្យកូនចៅជំនាន់ក្រោយបានស្គាល់ និង យល់ដឹងពីជីវប្រវត្តិ របស់ទូកសហគមន៍ និង បានស្ដាប់បទពិសោធផ្ទាល់ពីចាស់ទុំ ដើម្បីថែរក្សាកើតចេញពីការយល់ដឹង និងក្ដីស្រឡាញ់ពីសំណាក់យុវជនផ្ទាល់  ។ ភាពសប្បាយរីករាយ និង ការប្រារព្ធពិធីអុំទូកនេះ កើតឡើងបានដោយសារម្លប់ដ៏ត្រជាក់នៃសុខសន្តិភាពក្រោម ការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ដូច្នេះសុខសន្តិភាពពិតជាសំខាន់ មិនអាចកាត់ថ្លៃបាន ដែលអនុញ្ញាតឲ្យយើងទាំងអស់គ្នា រួបរួមគ្នាថែរក្សាការពារ និង លើកស្ទួយវប្បធម៌ជាតិឲ្យបានគង់វង្ស និង យូរអង្វែង។ លោក ហាយ យង់ ក៏បានផ្តាំផ្ញើដល់កីឡាករ កីឡាការិនី ទូក(ង) ទាំងអ្នកទទួលបានជ័យលាភី និង មិនជាប់ចំណាត់ថ្នាក់ ក៏ត្រូវបន្តធ្វើការហ្វឹកហាត់របស់ខ្លួន ព្រមទាំងត្រូវដកស្រងនូវបទពិសោធន៍ បច្ចេកទេស ពីក្រុមទទួលបានជ័យលាភី ដើមី្បត្រៀមលក្ខណៈ ទៅចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ថ្នាក់ខេត្ត នៅពេលខាងមុខនេះផងដែរ ៕