ខេត្រស្ទឹងត្រែង៖ ការស្រាវជ្រាវផ្នែកបេតិកភណ្ឌធម្មជាតិនៅខេត្តស្ទឹងត្រែង បានបង្ហាញលទ្ធផលថ្មីគួរឱ្យកត់សម្គាល់ ដោយក្រុមការងារជំនាញក្រសួងបរិស្ថានបានរកឃើញហ្វូស៊ីលឈើបុរាណចំនួន ៣ទីតាំងបន្ថែមទៀត មានអាយុកាលចាប់ពី ១០ម៉ឺនឆ្នាំ រហូតដល់ ២លានឆ្នាំមុន ក្នុងតំបន់ភ្នំភូង៉យ ស្ថិតនៅភូមិកាតូត ឃុំកំភុន ស្រុកសេសាន ដែលក្នុងនោះមានហ្វូស៊ីលដើមឈើមួយមានប្រវែងរហូតដល់ ៤០ម៉ែត្រ និងផ្នែកគល់មានមុខកាត់រហូតដល់ ៤ម៉ែត្រ។ ការរកឃើញនេះបានបន្ថែមនូវភស្តុតាងវិទ្យាសាស្ត្រដ៏មានតម្លៃសម្រាប់ការសិក្សាស្វែងយល់ពីប្រវត្តិធម្មជាតិ និងសក្តានុពលបេតិកភណ្ឌធម្មជាតិរបស់កម្ពុជា។
ក្រសួងបរិស្ថានបានសរសេរបង្ហាញ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ឱ្យដឹងថា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ប្រតិភូថ្នាក់ដឹកនាំក្រសួងបរិស្ថាន បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការកំណាយស្រាវជ្រាវហ្វូស៊ីលឈើបុរាណ ដែលតាមការវាយតម្លៃបឋមមានអាយុកាលប្រមាណពី ១០ម៉ឺនឆ្នាំ រហូតដល់ ២លានឆ្នាំមុន។ ពិធីចុះពិនិត្យនេះមានការចូលរួមពីតំណាងរដ្ឋបាលខេត្ត មន្ទីរបរិស្ថាន មន្ទីរទេសចរណ៍ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ សរុបប្រមាណ ៤០នាក់។
ប្រធានការិយាល័យនៃនាយកដ្ឋានបេតិកភណ្ឌធម្មជាតិ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន លោក លឹម វណ្ណច័ន្ទ បានឱ្យដឹងថា ផ្អែកតាមរបាយការណ៍បច្ចេកទេស វឌ្ឍនភាពនៃការកំណាយស្រាវជ្រាវនៅរណ្តៅសំខាន់ៗទាំង៣ បានបង្ហាញលទ្ធផលគួរឱ្យចាប់អារម្មណ៍ រួមមាន៖ រណ្តៅទី១៖ រកឃើញហ្វូស៊ីលដើមឈើមានប្រវែងរហូតដល់ ៤០ម៉ែត្រ និងមុខកាត់ប្រមាណ ១,៥០ម៉ែត្រ ខណៈផ្នែកគល់មានមុខកាត់ធំរហូតដល់ ៤ម៉ែត្រ។
រណ្តៅទី២៖ រកឃើញផ្នែកគល់ហ្វូស៊ីលឈើ និងសំណល់ឈើហ្វូស៊ីលផ្សេងៗទៀត ដែលក្រុមការងារកំពុងបន្តសិក្សាស្រាវជ្រាវ ដើម្បីកំណត់អត្តសញ្ញាណ និងលក្ខណៈវិទ្យាសាស្ត្រឱ្យបានច្បាស់លាស់។ រណ្តៅទី៣៖ រកឃើញហ្វូស៊ីលដើមឈើមានប្រវែងប្រមាណ ១០ម៉ែត្រ និងមុខកាត់ប្រមាណ ១,៥០ម៉ែត្រ។
លោក លឹម វណ្ណច័ន្ទ បានបន្តថា ជុំវិញលទ្ធផលដ៏មានសារៈសំខាន់នេះ ក្រសួងបរិស្ថានបានកំណត់ទិសដៅបន្តសកម្មភាពកំណាយ និងស្រាវជ្រាវឱ្យកាន់តែសកម្មក្នុងឆ្នាំ២០២៧ ដើម្បីប្រមូលទិន្នន័យវិទ្យាសាស្ត្រ ផ្ទៀងផ្ទាត់ភស្តុតាង និងស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីប្រភពដើម លក្ខណៈភូមិសាស្ត្រ និងអាយុកាលនៃហ្វូស៊ីលទាំងនេះ។ ជាមួយគ្នានេះ ក្រសួងក៏មានទិសដៅរៀបចំតំបន់នេះឱ្យក្លាយជាគោលដៅទេសចរណ៍ធម្មជាតិ និងប្រវត្តិសាស្ត្រ ដោយផ្សារភ្ជាប់ការអភិរក្សបេតិកភណ្ឌធម្មជាតិជាមួយនឹងការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព។
គួររំលឹកថា កាលពីខែកក្កដា ឆ្នាំ២០២៥ ក្រុមមន្ត្រីជំនាញក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានចាប់ផ្តើមកំណាយស្រាវជ្រាវហ្វូស៊ីលឈើលើកទី១ នៅតំបន់ភ្នំភូង៉យនេះ និងបានរកឃើញហ្វូស៊ីលឈើមួយដែលមានមុខកាត់ប្រមាណ ១ម៉ែត្រ និងប្រវែងរហូតដល់ ១៧ម៉ែត្រ។ តាមការវាយតម្លៃបឋម ហ្វូស៊ីលនេះមានអាយុកាលប្រមាណពី ១០ម៉ឺនឆ្នាំ ដល់ ២លានឆ្នាំ និងត្រូវបានសន្និដ្ឋានថា ជាប្រភេទរុក្ខជាតិមានផ្កា និងផ្លែ។
ដោយផ្អែកលើលទ្ធផលនៃការកំណាយលើកទី១ ក្រសួងបរិស្ថានបានបន្តជំរុញការកំណាយលើកទី២ ក្នុងខែតុលា ឆ្នាំ២០២៦ ដែលជាលទ្ធផលបានរកឃើញហ្វូស៊ីលដើមឈើចំនួន៣ទីតាំងបន្ថែមទៀត។ ការរកឃើញជាបន្តបន្ទាប់នេះ បានបង្ហាញពីសារៈសំខាន់នៃការស្រាវជ្រាវជាប្រព័ន្ធ និងតម្រូវការចាំបាច់ក្នុងការរៀបចំវិធានការការពារទីតាំងទាំងនេះឱ្យបានត្រឹមត្រូវ ដើម្បីជៀសវាងការបំផ្លិចបំផ្លាញ ការជីកកកាយដោយគ្មានការអនុញ្ញាត ឬការបាត់បង់វត្ថុតាងវិទ្យាសាស្ត្រដ៏មានតម្លៃ។
បើតាមទិន្នន័យរបស់ក្រសួងបរិស្ថាន គិតត្រឹមឆ្នាំ២០២៦ ក្រុមការងារជំនាញបានកំណត់ និងចងក្រងបញ្ជីស្ថានីយហ្វូស៊ីលសរុបចំនួន ៧៨ទីតាំង នៅទូទាំងប្រទេស រួមមានខេត្តព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង មណ្ឌលគិរី រតនគិរី ក្រចេះ ប៉ៃលិន ឧត្តរមានជ័យ កំពត កោះកុង កំពង់ធំ ពោធិ៍សាត់ និងស្ទឹងត្រែង។
ជាមួយគ្នានេះ ក្រសួងបរិស្ថានក៏បានអនុវត្តការងារកំណាយស្រាវជ្រាវហ្វូស៊ីលនៅតាមបណ្តាខេត្តមួយចំនួន ដោយមានសកម្មភាពសំខាន់ៗដូចជា៖ ១. កំណាយហ្វូស៊ីលឈើនៅស្រុកលំផាត់ ក្នុងឆ្នាំ២០១៩-២០២០។ ២. កំណាយរកឃើញហ្វូស៊ីលឆ្អឹងដាយណូស័រដំបូងរបស់ប្រទេសកម្ពុជា ក្នុងឆ្នាំ២០២២។ ៣. កំណាយហ្វូស៊ីលឈើនៅតំបន់ភ្នំត្បែង ខេត្តព្រះវិហារ ក្នុងឆ្នាំ២០២៤។ ៤. កំណាយហ្វូស៊ីលឈើនៅស្រុកសេសាន ខេត្តស្ទឹងត្រែង លើកទី១ ក្នុងឆ្នាំ២០២៥ និងបន្តការស្រាវជ្រាវក្នុងឆ្នាំ២០២៦។
សកម្មភាពទាំងនេះមានគោលបំណងសិក្សាពីលក្ខណៈរបស់ហ្វូស៊ីល ស្រទាប់ដីនិងថ្មដែលផ្ទុកហ្វូស៊ីល ប្រមូលទិន្នន័យវិទ្យាសាស្ត្រ ព្រមទាំងវាយតម្លៃ និងរៀបចំវិធានការអភិរក្សធនធានបេតិកភណ្ឌធម្មជាតិរបស់ជាតិ។ ការរកឃើញហ្វូស៊ីលឈើបុរាណនៅខេត្តស្ទឹងត្រែង មិនមែនគ្រាន់តែជាការរកឃើញវត្ថុធម្មជាតិដែលមានទំហំធំមហិមាប៉ុណ្ណោះទេ ប៉ុន្តែជាការបើកទំព័រថ្មីមួយសម្រាប់ការសិក្សាស្វែងយល់ពីប្រវត្តិធម្មជាតិរបស់ដែនដីកម្ពុជា។ ដូច្នេះ ការស្រាវជ្រាវឱ្យបានច្បាស់លាស់ ការការពារទីតាំង ការចូលរួមពីសហគមន៍មូលដ្ឋាន និងការអភិវឌ្ឍទេសចរណ៍ដោយមានការទទួលខុសត្រូវគឺជាកត្តាចាំបាច់ ដើម្បីធានាថា បេតិកភណ្ឌដ៏មានតម្លៃនេះនឹងត្រូវបានថែរក្សាទុកជាមរតកសម្រាប់កូនចៅជំនាន់ក្រោយ និងជាផ្នែកមួយនៃចំណេះដឹងវិទ្យាសាស្ត្ររបស់មនុស្សជាតិ៕ដោយ៖ឡុង សំបូរ






































