ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជំរុញអាជ្ញាធរ និងសមត្ថកិច្ចខេត្តស្ទឹងត្រែង បង្កើនប្រសិទ្ធភាពការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ដើម្បីធានាសុខសាន្តជូនប្រជាពលរដ្ឋ

0

ខេត្តស្ទឹងត្រែង៖ ការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការដោះស្រាយទុក្ខកង្វល់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន គឺជាកត្តាស្នូលក្នុងការធានាសុខសុវត្ថិភាព និងស្ថិរភាពសង្គម។ ក្នុងន័យនេះ លោក ទូច ណារ៉ុថ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានជំរុញឱ្យអាជ្ញាធរ និងសមត្ថកិច្ចខេត្តស្ទឹងត្រែង បន្តពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសការដោះស្រាយបណ្តឹងប្រជាពលរដ្ឋ ការបង្ការទប់ស្កាត់បទល្មើស និងការបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះអាជ្ញាធរមូលដ្ឋាន។

ការជំរុញនេះធ្វើឡើងក្នុងពិធីបូកសរុបចលនាការងារប្រឡងប្រណាំងការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារបន្ត ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក ទូច ណារ៉ុថ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយនេះ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ព្រមទាំងអាជ្ញាធរក្រុង ស្រុក ឃុំ និងសង្កាត់ពាក់ព័ន្ធជាច្រើនរូប។

កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពការងារ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងលើកកម្ពស់សុខុមាលភាពសង្គម ជូនប្រជាពលរដ្ឋទូទាំងខេត្ត ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

ស្នងការនគរបាលខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា បានបញ្ជាក់ថា ក្រោមការដឹកនាំបញ្ជាយ៉ាងសកម្មរបស់គណៈបញ្ជាការឯកភាពខេត្ត និងការចង្អុលបង្ហាញពីអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំងក្រសួងមហាផ្ទៃ កម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់បានខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចស្នូលរបស់ខ្លួន ដោយលះបង់កម្លាំងកាយចិត្តក្នុងការថែរក្សា និងការពារសន្តិសុខ សុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

លោកស្នងការបានសង្កត់ធ្ងន់ថា ការធានាបាននូវសន្តិសុខ និងសុវត្ថិភាពនៅតាមមូលដ្ឋាន ទាមទារឱ្យមានការចូលរួមសហការពីគ្រប់មជ្ឈដ្ឋាន ជាពិសេសការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ព្រមទាំងការលើកកម្ពស់ការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការបាត់បង់អាយុជីវិត ក៏ដូចជាទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃលោក ទូច ណារ៉ុថ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តស្ទឹងត្រែង កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានសហការគ្នាយ៉ាងល្អប្រសើរ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាពសង្គម និងជំរុញការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ទទួលបានលទ្ធផលជាវិជ្ជមាន។

ទន្ទឹមនឹងការកោតសរសើរ លោករដ្ឋលេខាធិការក៏បានដាក់ចេញនូវអនុសាសន៍សំខាន់ៗមួយចំនួន ដើម្បីឱ្យអាជ្ញាធរ និងសមត្ថកិច្ចខេត្តបន្តយកចិត្តទុកដាក់អនុវត្ត ដោយផ្តោតលើចំណុចអាទិភាព គឺកម្លាំងមានសមត្ថកិច្ចត្រូវបង្កើនការយកចិត្តទុកដាក់ ចំពោះរាល់ពាក្យបណ្តឹង និងសំណូមពររបស់ប្រជាពលរដ្ឋ ដោយត្រូវខិតខំដោះស្រាយឱ្យបានយ៉ាងតិច ៨៥ភាគរយ និងមិនត្រូវទុកចោលបណ្តឹងណាមួយដោយគ្មានការដោះស្រាយឡើយ ,ត្រូវជំរុញការរៀបចំវេទិកាសាធារណៈឱ្យបានទៀងទាត់ និងញឹកញាប់ ដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋបានបញ្ចេញមតិ លើកឡើងពីបញ្ហាប្រឈម ទុក្ខកង្វល់ និងសំណូមពរនានា ដើម្បីឱ្យអាជ្ញាធរមូលដ្ឋានច្បាស់លាស់ក្នុងការដោះស្រាយ ,ត្រូវបន្តសហការជំរុញការឧបត្ថម្ភ និងជួយដោះស្រាយការលំបាកផ្នែកជីវភាពដល់គ្រួសារកងកម្លាំងដែលបានពលីក្នុងបុព្វហេតុជាតិមាតុភូមិ ,អាជ្ញាធរ និងសមត្ថកិច្ចត្រូវពង្រឹងកិច្ចសហការក្នុងការទប់ស្កាត់ និងផ្តល់ការបកស្រាយបំភ្លឺចំពោះព័ត៌មានមិនពិត (Fake News) ឱ្យបានឆាប់រហ័ស និងច្បាស់លាស់ ដើម្បីបង្ការការយល់ច្រឡំ និងការប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម ,ត្រូវបន្តជំរុញការងារឱ្យកាន់តែស៊ីជម្រៅ មានប្រសិទ្ធភាព និងមានការចូលរួមពីប្រជាពលរដ្ឋ ដើម្បីធានាបាននូវសុខដុមរមនា ស្ថិរភាព និងសេចក្តីសុខសាន្តនៅតាមមូលដ្ឋាន។

រួមសេចក្តីមក ការបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងការដាក់ចេញនូវទិសដៅបន្តនេះ មិនត្រឹមតែជាការវាយតម្លៃលើសមិទ្ធផលការងាររបស់អាជ្ញាធរ និងសមត្ថកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរំលេចពីតួនាទី និងការទទួលខុសត្រូវរួមក្នុងការធានាសន្តិសុខ សុវត្ថិភាព និងការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព។ ការអនុវត្តគោលនយោបាយនេះឱ្យបានជាក់ស្តែង និងមាននិរន្តរភាព នឹងក្លាយជាមូលដ្ឋានដ៏សំខាន់ក្នុងការកសាងភូមិឃុំមានសុវត្ថិភាព និងសង្គមមួយដែលប្រជាពលរដ្ឋរស់នៅដោយសុខសាន្ត និងមានទំនុកចិត្តលើអាជ្ញាធរមូលដ្ឋាន៕ដោយ៖ឡុង សំបូរ