សៀមរាប ក្រោមការចាត់តាំងរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ឃុន វុធ រដ្ឋលេខាធិការក្រសួងការពារជាតិ និង ជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកអង្គរធំ ខេត្តសៀមរាប បានអនុញ្ញាតឲ្យឯកឧត្តមឧត្តមសេនីយ៍ទោ ម៉ក់ សីហា និង ឯកឧត្តមឧត្តមសេនីយទោ គង្គ ប៊ុនធឿន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកអង្គរធំ បានអញ្ជើញជួប
សំណេះសំណាលនិងពិសារបាយសាមគ្គីក្រោមម្លប់សន្តិភាពជាមួយយុវជន យុវនារី ៣០នាក់ដែលស្ម័គ្រចិត្ដចូលបំពេញ កាតព្វកិច្ចយោធាក្នុងឆ្នាំ២០២៦ នៅសាលាស្រុកអង្គរធំ នៅព្រឹកថ្ងៃទី៣១ ខែ តុលា ឆ្នាំ២០២៦ ដើម្បីបង្កើនភាពស្និទ្ធស្នាល និង លើកទឹកចិត្ដដល់យុវជនដែលបានចូលបំពេញកាតព្វកិច្ចយោធា ក្នុងការពង្រឹងខឿនការពារជាតិ ។
តាមសេចក្តីរាយការណ៍របស់លោកវរៈសេនីយ៍ត្រី រ៉ា បួន មេបញ្ជាការកងរាជអាវុធហត្ថស្រុក បានឲ្យដឹងថា ក្នុងការចែកពាក្យ និង ទទួលពាក្យដែលប្អូនៗយុវជនស្ម័ត្រចិត្ត បានមកដាក់ពាក្យមានចំនួន៨៨នាក់ស្រី៦នាក់ ។ នៅពេលដាក់ពាក្យបំពេញកាតព្វកិច្ចយោធា មាន៧៩នាក់ ស្រី៥នាក់ ដោយឆ្លងកាត់ក្នុងការត្រួតពិនិត្យ ពីកាយសម្បទា និង សុខភាពរួចមក យើងទទួលបានយុវជន ស្ម័ត្រចិត្តបំពេញកាតព្វកិច្ចយោធា ចំនួន ៣០ នាក់ ។
ក្នុងប្រសាសន៍ផ្តាំផ្ញើរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ គង្គ ប៊ុនធឿន បានជម្រុញនិងលើកទឹកចិត្ដដល់យុវជនដែលបានចូលបំពេញកាតព្វកិច្ចយោធា និងត្រូវចេះថែរក្សាសុខភាពឲ្យបានល្អ យកចិត្ដទុកដាក់ខ្ពស់ ក្នុងពេលហ្វឹកហាត់គ្រប់យុទ្ធវិធីកងទ័ព គឺត្រូវគោរពច្បាប់ ត្រងត្រាបនូវការទូន្មានរបស់យោធាចារ្យ និងសាមគ្គីភាពល្អ ការសហការគ្នា និងត្រូវចេះជួយគ្នាទៅវិញទៅមក ។
មានប្រសាសន៍សំណេះសំណាលនោះដែរ ឯកឧត្តមឧត្តមសេនីយ៍ទោ ម៉ក់ សីហា បានលើកឡើងថា ការជួបជុំប្អូនៗយុវជន យុវនារី ស្ម័ត្រចិត្តបំពេញកាតព្វកិច្ចយោធានេះ ដោយបានវាយតម្លៃខ្ពស់ ចំពោះយុវជនយើង បានបង្ហាញទឹកចិត្តប្តូរផ្តាច់ ប្រកបដោយស្មារតីមុតស្រួច និងមានឆន្ទះមុតមាំ ក្នុងការការពារបូរណភាពទឹកដីកម្ពុជា ក្នុងករណីមានខ្មាំងសត្រូវ ឬរដ្ឋបរទេសណាមួយចង់ឈ្លានពានប្រទេសជាតិ ។ ឯកឧត្តមក៏បានលើកនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសកំណត់យកជាថ្ងៃដំបូងនៃការបើកវគ្គហ្វឹកហ្វឺនសម្រាប់យុវជនកាតព្វ កិច្ចយោធាទូទាំងប្រទេស គឺនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលជាថ្ងៃខួបលើកទី៧៣ នៃបុណ្យឯករាជ្យជាតិ និងកំណើត កងយោធពលខេមរភូមិន្ទ ។ ម៉្យាងទៀតកាតព្វកិច្ចយោធា គឺជាការវិនិយោគ សូមយុវជនកុំមើលកាតព្វកិច្ចយោធាជាបន្ទុក តែជា ឱកាសចូលបម្រើជាតិ ពង្រឹងវិន័យសីលធម៌ ពិសេសសមត្ថភាព និងជំនាញក្នុងវិស័យកងទ័ព ។ ឯកឧត្តម ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្ដមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្ដី និងជារដ្ឋមន្រ្ដីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ដសៀមរាប និងឯកឧត្ដមនាយឧត្តមសេនីយ៍ ឃុន វុធ រដ្ឋលេខាធិការក្រសួងការពារ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរធំ ជូនដល់យុវជនដែលបានចូលបំពេញកាតព្វកិច្ចយោធា ដែលនឹងក្លាយជាយោធិននាពេលខាងមុខ ។ ឯកឧត្តមបានគូសបញ្ជាក់ថា ការអនុវត្ដកាតព្វកិច្ចយោធានិងជាករណីយកិច្ចចាំបាច់ និងជាកិត្ដិយសដ៏ឧត្ដុង្គឧត្ដមរបស់ប្រជាពលរដ្ឋនៃព្រះរាជាណាចក្រកម្ពុជាស្របតាមមាត្រា៤៩នៃរដ្ឋធម្មនុញ្ញ ច្បាប់ស្ដីពីកាតព្វកិច្ចយោធា អនុក្រឹត្យស្ដីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា សេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល ផែនការរបស់ក្រសួងការពារជាតិ ច្បាប់ស្ដីពីលក្ខន្តិកៈទូទៅ ចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ និងអនុក្រឹត្យស្ដីពីបទវិន័យទូទៅនៃកងយោធពលខេមរភូមិន្ទ ។ ឧត្តមសេនីយ៍ទោ ម៉ក់ សីហា បានបន្តទៀតថា កងយោធពលខេមរភូមិន្ទ បានចូលរួមយ៉ាងសកម្មអនុវត្តគោលនយោបាយឈ្នះ ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន គឺសន្តិភាពជូនដល់ប្រជាពលរដ្ឋខ្មែរ និងសុខសុវត្ថិភាពលើទឹកដីមាតុភូមិកម្ពុជាទាំងមូល ព្រមទាំងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដែលធ្វើឲ្យកេរ្តិ៍ឈ្មោះ កិត្យានុភាពរបស់កងយោធពលខេមរភូមិន្ទ ត្រូវបានអន្តរជាតិទទួលស្គាល់។ ឯកឧត្តម បានបន្ថែមទៀតថា សន្តិភាពបានផ្ដល់នូវឱកាស ដើម្បីការពារ អភិវឌ្ឍន៍ជាតិ ការកសាងសង្គម និងគ្រួសាររីកចំរើនសម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប គ្រប់ជំនាន់ និងតទៅមុខ ហើយសន្តិភាពនៅគង់វង្សបានយូរអង្វែងទៅមុខក៏ដោយសារពលិកម្មដ៏ធំធេងរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ចូលរួមចំពោះកិច្ចការពារជាតិ ខឿនការពារជាតិ និង បូរណភាពទឹកដីមាតុភូមិរបស់ខ្លួន ។ ក្នុងឱកាសនោះដែរឯកឧត្តមឧត្តមសេនីយ៍ទោ ម៉ក់ សីហា ក៏បានធ្វើការបកស្រាយនូវរាល់សំណួរ និង ចម្ងល់របស់ក្មួយៗយុវជនស្ម័ត្រចិត្តបំពេញកាតព្វកិច្ចយោធា ដើមី្បទទួលបានធាតុចូលសម្រាប់ពួកគេ ក្នុងពេលចូលទៅសាលាហ្វឹកហ្វឺននៅថ្ងៃខាងមុខនេះ។ ឯកឧត្តមក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះយុវជនដែលបានចូលរួមក្នុងការបំពេញកាតព្វកិច្ចយោធា ដែលបានបង្ហាញពីឧត្ដមគតិ ឆន្ទ:
ម៊ីសុខារិទ្ធ សាលាខេត្ត: និងការទទួលខុសត្រូវពោរពេញដោយការពលិកម្មគ្រប់រូបភាព ក្នុងបុព្វហេតុការពារ និងកសាងជាតិ មាតុភូមិ ៕





































