ផ្លូវ១ខ្សែមានប្រវែង ៤៥គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៧អា ឆ្ពោះទៅស្រុកសៀមប៉ាង កំពុងដំណើរការជួសជុលឡើងវិញ ក្រោយរងការខូចខាតធ្ងន់ធ្ងរក្នុងរដូវវស្សា ខណៈគម្រោងសាងសង់ផ្លូវកៅស៊ូកំពុងរង់ចាំជំនួយថវិកា

0

ខេត្តស្ទឹងត្រែង៖ កំណាត់ផ្លូវដីក្រហមលេខ ៧៨សេ (78C) ប្រវែង ៤៥គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកដុងក្រឡ ឆ្ពោះទៅកាន់ស្រុកសៀមប៉ាង ដែលបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ក្នុងរដូវវស្សាកន្លងមក បច្ចុប្បន្នការងារជួសជុល និងថែទាំរបស់ក្រុមមន្ត្រីជំនាញសាធារណការ និងដឹកជញ្ជូនខេត្ត សម្រេចបានលើការងារជួសជុលប្រមាណ ៩០ភាគរយហើយ។ ទន្ទឹមនឹងនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងរដ្ឋបាលខេត្ត កំពុងជំរុញនីតិវិធីស្នើសុំថវិកាពីធនាគារចិន ដើម្បីសាងសង់កំណាត់ផ្លូវ១ខ្សែនេះជាផ្លូវកៅស៊ូប្រភេទ DBST ដែលជាដំណោះស្រាយរយៈពេលវែង ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលនានារបស់ប្រជាពលរដ្ឋក្នុងតំបន់។

ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវនេះបានលើកឡើងថា ក្នុងរដូវវស្សាឆ្នាំ២០២៦ ជាពិសេសអំឡុងខែកញ្ញា ផ្លូវលេខ ៧៨សេ បានរងការខូចខាតយ៉ាងខ្លាំង ដោយមានជង្ហុកជ្រៅ និងភក់ជ្រាំនៅតាមចំណុចមួយចំនួន បង្កឱ្យយានយន្តតូចធំជាប់ផុង និងពិបាកធ្វើដំណើរឆ្លងកាត់។ ស្ថានភាពនេះមិនត្រឹមតែប៉ះពាល់ដល់ការធ្វើដំណើរប្រចាំថ្ងៃប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យការដឹកជញ្ជូនកសិផល ទៅកាន់ទីផ្សារមានការលំបាក និងប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងតំបន់ផងដែរ។

ជុំវិញរឿងនេះ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្ទឹងត្រែង លោក ស គឹមណាត បានថ្លែងឱ្យដឹងថា ផ្លូវលេខ ៧៨សេ មានប្រវែងសរុប ៤៥គីឡូម៉ែត្រ និងត្រូវបានដាក់ក្នុងផែនការថែទាំប្រចាំឆ្នាំចំនួនពីរដង។ ទោះជាយ៉ាងណា ដោយសារឆ្នាំ២០២៦ មានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ រួមផ្សំនឹងការធ្វើចរាចរណ៍របស់រថយន្តធុនធ្ងន់ដឹកសម្ភារសំណង់មួយចំនួន បានធ្វើឱ្យផ្លូវដីក្រហមនេះទទួលរងការខូចខាតធ្ងន់ធ្ងរជាងឆ្នាំកន្លងទៅ។

លោក ស គឹមណាត បានបញ្ជាក់ថា ក្រោយទទួលបានសំណូមពរ និងការលំបាករបស់ប្រជាពលរដ្ឋ មន្ទីរជំនាញបានចាត់បញ្ជូនគ្រឿងចក្រចុះជួសជុល កៀរ និងកែលម្អផ្លូវឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូន។ ជាមួយគ្នានេះ អាជ្ញាធរខេត្តក៏បានជំរុញឱ្យមានការត្រួតពិនិត្យ និងគ្រប់គ្រងការធ្វើចរាចរណ៍របស់រថយន្តដឹកទំនិញធុនធ្ងន់ ដើម្បីទប់ស្កាត់ការដឹកលើសទម្ងន់ ដែលជាកត្តាអាចបង្កការខូចខាត ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់បន្ថែមទៀត។

ពាក់ព័ន្ធនឹងដំណោះស្រាយរយៈពេលវែង ប្រធានមន្ទីររូបនេះបានបន្ថែមថា បច្ចុប្បន្ន ក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងរដ្ឋបាលខេត្ត កំពុងខិតខំជំរុញការស្នើសុំគម្រោងថវិកាពីធនាគារចិន ដើម្បីសាងសង់កំណាត់ផ្លូវនេះជាផ្លូវកៅស៊ូប្រភេទ DBST។ ទោះបីមិនទាន់មានការកំណត់ពេលវេលាច្បាស់លាស់ សម្រាប់ការចាប់ផ្តើមអនុវត្តគម្រោងក៏ដោយ ក៏នីតិវិធីស្នើសុំថវិកាកំពុងបន្ត ដើម្បីឈានទៅរកការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវនេះឱ្យកាន់តែមានគុណភាព និងនិរន្តរភាព។

ដោយឡែក អភិបាលស្រុកសៀមប៉ាង ​លោក សន សារឿន បានបញ្ជាក់ថា កំណាត់ផ្លូវលេខ ៧៨សេ ចាប់ពីចំណុចផ្លូវបំបែកដុងក្រឡ រហូតដល់តំបន់ទន្លេក្នុងស្រុកសៀមប៉ាង មានប្រវែងសរុប ៤៥គីឡូម៉ែត្រ ហើយការងារកៀរ សម្អាត និងជួសជុលកែលម្អផ្លូវសម្រេចបានប្រមាណ ៩០ភាគរយហើយ។ លោកបានចាត់ទុកផ្លូវនេះថា ជាហេដ្ឋារចនាសម្ព័ន្ធដ៏មានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋក្នុងស្រុក ជាពិសេសការធ្វើដំណើរទៅកាន់ទីរួមខេត្ត និងការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ។

ជាក់ស្តែង ផ្លូវលេខ ៧៨សេ មិនមែនគ្រាន់តែជាផ្លូវសម្រាប់ធ្វើដំណើរធម្មតាប៉ុណ្ណោះទេ ប៉ុន្តែជាសរសៃឈាមដ៏សំខាន់សម្រាប់សកម្មភាពសេដ្ឋកិច្ច និងការតភ្ជាប់តំបន់ ដោយជួយសម្រួលដល់ការដឹកជញ្ជូនកសិផល ការធ្វើដំណើររបស់សិស្សានុសិស្ស ការទទួលបានសេវាសាធារណៈ និងការផ្លាស់ប្តូរទំនិញរវាងតំបន់នានា ព្រមទាំងការតភ្ជាប់មកកាន់ទីរួមខេត្តស្ទឹងត្រែង រួមទាំងខេត្តរតនគិរីផងដែរ។

ការជួសជុលផ្លូវដែលកំពុងអនុវត្តនាពេលនេះ គឺជាវិធានការដោះស្រាយបញ្ហាប្រឈមចំពោះមុខ ដើម្បីកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ ខណៈការសាងសង់ផ្លូវកៅស៊ូប្រវែង ៤៥គីឡូម៉ែត្រនេះ នឹងក្លាយជាដំណោះស្រាយរយៈពេលវែង ប្រសិនបើគម្រោងទទួលបានការអនុម័តថវិកា និងអាចអនុវត្តបានតាមផែនការ។ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធនេះត្រូវបានរំពឹងថា នឹងជួយកាត់បន្ថយការលំបាកក្នុងរដូវវស្សា បង្កើនប្រសិទ្ធភាពដឹកជញ្ជូន កាត់បន្ថយចំណាយ និងជំរុញជីវភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងតំបន់ឱ្យកាន់តែប្រសើរឡើង។

យ៉ាងណាក៏ដោយ អ្វីដែលប្រជាពលរដ្ឋស្រុកសៀមប៉ាងកំពុងទន្ទឹងរង់ចាំ មិនមែនត្រឹមតែការជួសជុលផ្លូវឱ្យអាចធ្វើដំណើរបានក្នុងពេលបច្ចុប្បន្ននោះទេ ប៉ុន្តែគឺការជំរុញឱ្យគម្រោងសាងសង់ផ្លូវកៅស៊ូខាងលើអាចទទួលបានថវិកា និងអនុវត្តបានឆាប់រហ័ស ដើម្បីធានាបាននូវការធ្វើដំណើរប្រកបដោយសុវត្ថិភាព ភាពងាយស្រួល និងនិរន្តរភាព ព្រមទាំងបើកឱកាសអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែរីកចម្រើន៕ដោយ៖ឡុង សំបូរ