សៀមរាប៖ អង្គកឋិនទានសាមគ្គី ដែលផ្តួចផ្តើមឡើងដោយលោកអាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទជិតឆ្ងាយ រួមទាំងអាជ្ញាធរមូលដ្ឋាន ដើមី្បធ្វើការដង្ហែនាំយក ទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្តបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀត ស្ថិតនៅក្នុងភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ដើមី្បប្រមូលបច្ច័យ
កសាងសមទ្ធិផលក្នុងវត្ត នារសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦។ ពិធីដង្ហែអង្គកឋិនទាននេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏អធិកអធម ប្រកបដោយសេចក្តីជ្រះថ្លា និងសាមគ្គីភាព ដោយមានការចូលរួមពីពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។ ក្នុងនោះ ពុទ្ធបរិស័ទបានរួមគ្នាដង្ហែគ្រឿងបរិក្ខារ ត្រៃចីវរ និងទេយ្យទានផ្សេងៗ ចូលកាន់ព្រះវិហារ ដើម្បីប្រារព្ធពិធីវេរប្រគេនអង្គកឋិនទានដល់ព្រះសង្ឃ តាមគន្លងប្រពៃណីព្រះពុទ្ធ សាសនា។
ព្រះសច្ចានុបាល នឿម វុឌ្ឍី ព្រះចៅអធិការវត្តស្វាយរមៀត បានមានថេរដីកាថា ពិធីបុណ្យកឋិនទាន គឺជាបុណ្យប្រពៃណីដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនា ដែលប្រារព្ធធ្វើឡើងក្នុងរយៈពេលមួយខែ បន្ទាប់ពីព្រះសង្ឃបានបញ្ចប់ការគង់ចាំព្រះវស្សា។ ពិធីបុណ្យនេះ មិនត្រឹមតែជាការបំពេញកុសលផលបុណ្យរបស់ពុទ្ធបរិស័ទប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីស្មារតីសាមគ្គីភាព ការចែករំលែក និងការចូលរួមថែរក្សាប្រពៃណីវប្បធម៌ដ៏ល្អផូរផង់របស់ប្រជាជនខ្មែរផងដែរ។
ព្រះសច្ចានុបា នឿម វុឌ្ឍី មានថេរដិកាបន្ថែមថា ពុទ្ធបរិស័ទទាំងអស់ មានឱកាសជួបជុំគ្នាប្រារព្ធពិធីបុណ្យកឋិនទានក្នុងថ្ងៃនេះ ប្រកបដោយភាពជិតស្និទ្ធសប្បាយរីករាយ ក្រោមម្លប់សន្តិភាព ត្រូវយើងគ្រប់គ្នា អរគុណសន្តិភាព! អរគុណយោបាយ ឈ្នះ ឈ្នះ! ដឹងគុណជានិច្ចស្ថាបនិកមគ្គទេសក៍ឯកនិងប្រតិបត្តិករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និង ការឯកភាពជាតិពេញលេញ ក្រោមកិច្ចដឹកនាំសម្តេចតេជោ ហ៊ុន សែន និងបន្តមកដល់អាណត្តិទី៧របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ព្រះចៅអធិការវត្ត បានថេរដីកាបន្តថា បច្ច័យដែលប្រមូលបានពីការចូលរួមរបស់ពុទ្ធបរិស័ទ និងសប្បុរសជន នឹងយកទៅប្រើប្រាស់ក្នុងការកសាង និងជួសជុលសមិទ្ធផលនានាក្នុងទីអារាម ការទ្រទ្រង់ចង្ហាន់ព្រះសង្ឃ និងបំពេញតម្រូវការចាំបាច់ផ្សេងៗក្នុងវត្ត ដើម្បីរួមចំណែកអភិវឌ្ឍទីអារាមឱ្យកាន់តែមានភាពរីកចម្រើន។ ព្រះអង្គបន្ថែមថា តាមរយៈពិធីបុណ្យដ៏ប្រពៃនេះ ក៏បានឆ្លុះបញ្ចាំងឱ្យឃើញពីទឹកចិត្តសទ្ធាជ្រះថ្លារបស់ប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត ដែលតែងតែរួបរួមសាមគ្គីគ្នា ចូលរួមទ្រទ្រង់ព្រះពុទ្ធសាសនា និងបន្តថែរក្សាមរតកវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អប្រពៃរបស់ដូនតាខ្មែរ ឲ្យបានគង់វង្សស្ថិតស្ថេរតទៅមុខ។
ពិធីបុណ្យកឋិនទាននេះ គឺជាសក្ខីភាពនៃសទ្ធា សាមគ្គីភាព និងការរួមចំណែករបស់ពុទ្ធបរិស័ទ ក្នុងការលើកស្ទួយ ព្រះពុទ្ធសាសនា និងកសាងសង្គមប្រកបដោយសីលធម៌ សន្តិភាព និងសេចក្តីសុខ៕






































