អភិបាលខេត្តបន្ទាយមានជ័យលើកឡើងថាការសិក្សា គឺជាពន្លឺនៃជីវិត និងជាគ្រឹះដ៏រឹងមាំសម្រាប់អនាគតកូនៗគ្រប់រូប

0

បន្ទាយមានជ័យ៖ ថ្លែងបែបនេះខណះឯកឧត្ដម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ដែលប្រារព្ធធ្វើនៅសាលាបឋមសិក្សា រហាត់ទឹក ស្ថិតក្នុងឃុំរហសត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ពិធីនេះក៏មានការចូលរួមថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស អាណាព្យាបាល សិស្សានុសិស្ស បានចូលរួមជាច្រើននាក់ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២៦ ។
នាឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មីឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានជំរុញដល់អាណាព្យាបាល មាតាបិតាសិស្ស ត្រូវណែនាំជំរុញឱ្យកូនៗគ្រប់អាយុត្រូវចូលរៀនឲ្យបានគ្រប់ៗគ្នា ។
ឯកឧត្ដម បានលើកឡើងថា ការសិក្សា គឺជាគន្លឹះនៃពន្លឺជីវិត និងជាគ្រឹះដ៏រឹងមាំបំផុតសម្រាប់អនាគតកូនៗគ្រប់រូប ហើយការអប់រំ គឺជាកាដូដ៏មានតម្លៃបំផុត ដែលឪពុកម្តាយ និងអាណាព្យាបាលគ្រប់រូបអាចផ្តល់ឱ្យកូនៗបាន។
ជាមួយគ្នានោះ ឯកឧត្ដម អភិបាល ខេត្ត បានអំពាវនាវ និងជំរុញយ៉ាងទទូចដល់អាណាព្យាបាល និងកុំទុកឱ្យកូនៗផុតអាយុ ត្រូវនាំកូនៗ ចៅៗដែលគ្រប់អាយុចូលរៀន ឱ្យបានទៅចុះឈ្មោះ និងចូលរៀននៅតាមសាលារៀនជិតផ្ទះឱ្យបានគ្រប់ៗគ្នា ដោយមិនត្រូវទុកក្មេងណាម្នាក់ចោល ឬបោះបង់ចោលការសិក្សានោះឡើយ។
ឯកឧត្ដម បន្តថា ការវិនិយោគលើចំណេះដឹង ការឱ្យកូនរៀនសូត្រ គឺជាការកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់ពួកគាត់ ឱ្យផុតពីភាពក្រីក្រ និងក្លាយជាទំពាំងស្នងឫស្សីដ៏ល្អសម្រាប់គ្រួសារ និងសង្គមជាតិផងដែរ។
ក្រៅពីសិក្សារៀនសូត្រនៅសាលារៀន ឯកឧត្ដម អ៊ុ រាត្រី ក៏បានណែនាំបន្ថែមដល់កូនៗសិស្សានុសិស្ស ត្រូវធ្វើការសិក្សារៀនសូត្របន្ថែម តាមរយៈ ការសិក្សានៅតាមបណ្ណាល័យ ការសិក្សាបន្ថែមនៅផ្ទះ ពេលទំនេរពីការសិក្សាត្រូវជួយកិច្ចការងារឪពុកម្តាយមិនត្រូវធ្វើអ្វីដែលគ្មានប្រយោជន៍ ប៉ះពាល់ ដល់ កត្តិយសគ្រួសារ និងសង្គមជាតិឡើយ។
ទន្ទឹមគ្នានេះដែរឯកឧត្តមបានអំពាវនាវដល់អាណាព្យាបាល ក៏ដូចជាសិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ ប្រជាពលរដ្ឋ ត្រូវបន្តចូលរួមគោរពច្បាប់ចរាចរណ៍បានគ្រប់ៗគ្នា ត្រូវការបើកបរដោយមានការប្រុងប្រយ័ត្ន ។ពិសេសណែនាំដល់សិស្សានុសិស្ស ត្រូវចៀសឱ្យឆ្ងាយគ្រឿងញៀន និងត្រូវផ្សព្វផ្សាយពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនទៅដល់ សហគមន៍ មិត្តភក្តិ និងក្រុមគ្រួសារ។
ឯកឧត្តម អភិបាលខេត្ត ក៏បានផ្តល់ប័ណ្ណសរសើរជូនដល់សិស្សពូកែ និងបានផ្ដល់ជូនបានលិខិតសសើរជូនដល់លោកគ្រូ-អ្នកគ្រូ រួមឧបត្ថម្ភថវិកាមួយចំនួន ជូនសាលាបឋមសិក្សា រហាត់ទឹកផងដែរ៕ដោយ៖ឃិន គន្ធា