សៀមរាប: កាលពីចុងសប្តាហ៍កន្លងទៅថ្មីៗនេះ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប មានបើកិច្ចប្រជុំផ្សព្វ ផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ក្រោមការដឹកនាំ
របស់លោក ឧត្តមសេនីយ៍ត្រី ងួន វ៉ា ស្នងការរង ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារទី២ និងលោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ដោយមានការចូលរួមពីលោកមេបញ្ជាការរង លោកប្រធាន-អនុប្រធានមន្ទីរ និង នាយការិយាល័យដែលពាក់ព័ន្ធ ព្រមទាំងលោកមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង១៣ផងដែរ ។
ក្នុងកិច្ចស្វាគមន៍របស់ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានគូសបញ្ជាក់ថា
កិច្ចប្រជុំនេះក្នុងគោលបំណងផ្សព្វផ្សាយ និងពង្រឹងការយល់ដឹងពាក់ព័ន្ធនឹងការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីដែលពាក់ព័ន្ធ ដើម្បីឲ្យការអនុវត្តនីតិវិធី និងការរៀបចំឯកសារពាក់ព័ន្ធ ប្រព្រឹត្តទៅដោយមានភាពត្រឹមត្រូវ ច្បាស់លាស់ និងស្របតាមបទប្បញ្ញត្តិជាធរមាន។ ជាមួយគ្នានេះ កិច្ចប្រជុំក៏ជាវេទិកាសម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ ផ្សព្វផ្សាយព័ត៌មាន ចែករំលែកការយល់ដឹង និងពិនិត្យលើចំណុចដែលត្រូវយកចិត្តទុកដាក់ ក្នុងការអនុវត្តចំពោះការងារគ្រប់គ្រងកម្លាំង និងការរៀបចំរបបសោធននិវត្តន៍ របស់មន្ត្រី និង បូកសរុបលទ្ធផលនៃការត្រួតពិនិត្យ និង វាយតម្លៃយោធិនដែលដល់អាយុកំណត់តាមបទប្បញ្ញត្តិ ។
លោកឧត្តមសេនីយ៍ត្រី ងួន វ៉ា បាននាំការផ្តាំផ្ញើសួរសុខទុក្ខ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនដល់កម្លាំងកងរាជអាវុធហត្ថទាំងអស់ និងជម្រាបជូនអង្គពីធីអំពីច្បាប់ស្តីពីរបបសោធននិវត្តន៍ និងសោធនបាត់បង់សមត្ថភាពការងារ ចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ ដែលត្រូវបានប្រកាសឲ្យប្រើប្រាស់ដំបូង នៅក្នុងឆ្នាំ១៩៩៤ និងត្រូវបានធ្វើវិសោធនកម្មជាបន្តបន្ទាប់ (រួមទាំងការធ្វើបច្ចុប្បន្នភាព តាមរយៈច្បាប់ស្តីពីរបបសន្តិសុខសង្គម)។ ច្បាប់នេះបង្កើតឡើងដើម្បីគ្រប់គ្រងការពារ និងផ្តល់អត្ថប្រយោជន៍ដល់យោធិនដែលបានបំពេញភារកិច្ចបម្រើជាតិ។ លោកឧត្ដមសេនីយ៍តី្រ បានបញ្ជាក់ថា បើទោះបី ជាយោធិនចូលនិវត្តន៍យ៉ាងណាក៏ដោយ ក្នុងនាមមហាគ្រួសារកងរាជអាវុធហត្ថ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកបានបង្កើតមូលនិធិចំនួន២ គឺ ១៖ មហាគ្រួសារអាវុធហត្ថ ដើម្បីជួយទ្រទ្រង់ អាវុធហត្ថដែលបម្រើរការងារនៅក្នុងជួរ បើពលី រមណៈ មិនពាក់ព័ន្ធបទល្មើស លោកមេបញ្ជាការ និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន៥លានរៀល និងមានការចូលរួមបន្ថែមពីមហាគ្រួសារកងរាជអាវុធហត្ថបន្ថែមទៀត, ២៖ មូលនិធិ អតីតមហាគ្រួសារកងរាជអាវុធហត្ថ សម្រាប់កងរាជអាវុធហត្ថចូលនិវត្តន៍ ពិការ ទទួលមរណភាព មូលនិធិ និងឧបត្ថម្ភដល់គ្រួសារសពចំនួន៥លានរៀល ៕






































