សៀមរាប៖ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និង ជា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានជួបសំណេះសំណាល និង ជូនដំណើរយុវជនស្ម័ត្រចូលបំពេញកាតព្វ-កិច្ចយោធា ទៅកាន់សាលាហ្វឹកហ្វឺន យោធភូមិភាគទី៤ និង សាលាហ្វឹកហ្វឺនកោះឆ្នេរ ចំនួនប្រមាណជាង ៥០០នាក់។ ពិធីជូនដំណើរយុវជនស្ម័ត្រចិត្តនេះ
ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាព មេបញ្ជាការរងយោធភូមិភាគទី៤ ស្នងការ ,មេបញ្ជាការ បញ្ជាការរង តំបន់ប្រតិបត្តិការសឹករងសៀមរាប កងរាជអាវុធហត្ថខេត្ត រដ្ឋបាលក្រុង ស្រុក និង មេបញ្ជាការអាវុធហត្ថក្រុង ស្រុក ព្រមទាំងក្រុមគ្រួសារ អាណាព្យាបាល ដែលធ្វើឡើងនៅពហុកីឡាដ្ឋានខេត្តសៀមរាប នៅព្រឹកថ្ងៃទី ០៤ ខែ វិច្ឆិកាឆ្នាំ២០២៦នេះ។
តាមសេចក្តីរាយការណ៍របស់ ឧត្តមសេនីយ៍ទោ ស៊ិន ភាត់ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងសៀមរាប និង ជាប្រធានគណៈកម្មាធិការកាតព្វកិច្ចយោធាខេត្ត បានឲ្យដឹងថា ឆ្លងតាមការទទួលពាក្យនិងការត្រួតពិនិត្យកាយសម្បទា និង សុខភាព គណៈកម្មាធិការក្រុង ស្រុកទាំង១៣ បានទទួលបេក្ខជនសរុបប្រមាណជាង ៥០០នាក់ ។ ក្នុងនោះបាន បែងចែកទៅធ្វើការហ្វឹកហ្វឺន នៅសាលាហ្វឹកហ្វឺនកោះឆ្នេរ មួយចំនួនតូច និង សាលាហ្វឹកហ្វឺនយោធភូមិភាគទី៤ មួយ ចំនួនធំ ។
ក្នុងឱកាសជូនដំណើរប្អូនៗ ដែលបានស្ម័គ្រចិត្តចូលហ្វឹកហ្វឺនដើម្បីបំពេញកាតព្វកិច្ចយោធានាពេលនេះ ឯកឧត្តម ប្រាក់ សោភ័ណ បានថ្លែងអំណរគុណចំពោះគណៈកម្មាធិការកាតព្វកិច្ចយោធា លោក លោកស្រី ដែលជាក្រុមគ្រួសារ អាណាព្យាបាលរបស់ប្អូនៗ និង កោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះប្អូនៗ ដែលបានស្ម័គ្រចិត្តហ្វឹកហ្វឺនចូលបំពេញកាតព្វកិច្ចយោធាទាំងអស់ ដែលបានបង្ហាញនូវស្មារតីស្នេហាជាតិដ៏មុតស្រួច ហ៊ានលះបង់កម្លាំងកាយចិត្ត និងពេលវេលាផ្ទាល់ខ្លួន ដើម្បីឆ្លើយតបនឹងការអំពាវនាវដ៏ពិសិដ្ឋរបស់ប្រទេសជាតិ ។ ឆ្លៀតក្នុងឱកាសនេះឯកឧត្តម ប្រាក់ សោភ័ណ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ រាជរដ្ឋាភិបាលក្រោមការដឹកនាំ ដ៏ឈ្លាសវៃ និង ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់លើកិច្ចការពារបូរណភាព ទឹកដី អធិបតេយ្យភាពជាតិ និងការលើកកម្ពស់វិស័យការពារជាតិ ព្រមទាំងសុខុមាលភាពរបស់កងយោធពលខេមរភូមិន្ទ ។ ឯកឧត្តមប្រាក់ សោភ័ណ ក៏បានធ្វើការផ្តាំផ្ញើ និង ណែនាំប្អូនៗ នៅក្នុងសាលាហ្វឹកហ្វឺន គឺជាទីកន្លែងបណ្តុះបណ្តាលនូវវិន័យ សីលធម៌ ជំនាញយុទ្ធសាស្ត្រ និងបណ្តុះមនសិការស្រឡាញ់ជាតិ មាតុភូមិយ៉ាងពិតប្រាកដ។ ឯកឧត្តមសង្ឃឹម និងមាន ការរំពឹងទុកយ៉ាងមុតមាំ លើប្អូនៗទាំងអស់គ្នាថា នៅពេលទៅដល់សាលាហ្វឹកហ្វឺន ប្អូនៗ យុវជនស្ម័គ្រចិត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងធ្វើតេស្ត និងទទួលបានជោគជ័យ ក្នុងការជាប់ជ្រើសរើសចូលហ្វឹកហ្វឺនកាតព្វកិច្ចយោធា និងព្រមទាំងលើកទឹកចិត្ត និងការគាំទ្រដល់ប្អូនៗយុវជន ដែលមិនទាន់ទទួលបានជោគជ័យក្នុងការធ្វើតេស្ត លើកនេះ សូមកុំមានការបាក់ទឹកចិត្ត ឬបាត់បង់ជំនឿលើខ្លួនឯងឡើយ ។ ការមិនជាប់នៅពេលនេះ មិនមែនមានន័យថាប្អូនៗបរាជ័យនោះទេ ប៉ុន្តែវាជាបទពិសោធន៍មួយ សម្រាប់ពង្រឹងសមត្ថភាព និងត្រៀមខ្លួនឲ្យកាន់តែប្រសើរឡើងនាពេលអនាគត។ ម៉្យាងទៀតប្អូនៗដែលបានធ្វើតេស្តជាប់ហើយ ត្រូវតាំងចិត្តខិតខំសិក្សារៀនសូត្រ ត្រងត្រាប់ ស្តាប់ការណែនាំរបស់យោធាចារ្យ គ្រូបង្វឹក ប្រកបដោយស្មារតីអត់ធ្មត់ខ្ពស់ និង ត្រូវរក្សាឲ្យបាននូវ សេចក្តីថ្លៃថ្នូរ ភាពអង់អាចក្លាហាន ការអំណត់ព្យាយាម យកឈ្នះ រាល់ការលំបាកទាំងឡាយក្នុងពេលហ្វឹកហ្វឺន។ ឯកឧត្តម ប្រាក់ សោភ័ណ មានជំនឿជាក់ថា ប្អូនៗទាំងអស់គ្នានឹងបញ្ចប់ការសិក្សាហ្វឹកហ្វឺនប្រកបដោយ ភាពជោគជ័យ និង ត្រឡប់មកបំពេញបេសកកម្មការពារជាតិមាតុភូមិ ថែរក្សាសុខសន្តិភាព និងសន្តិសុខសង្គម ។ ប្អូនៗនឹងក្លាយទៅជា «សសរទ្រូងដ៏សំខាន់របស់ប្រទេសជាតិ» នឹងយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីការហ្វឹកហ្វឺននេះ ទៅអនុវត្ត ឲ្យមានប្រសិទ្ធភាពក្នុងជីវភាពរស់នៅ និងការងារបម្រើសង្គម ដោយប្រកាន់ខ្ជាប់នូវវិន័យ សាមគ្គីភាព ភាពស្មោះត្រង់ និងស្មារតីស្នេហាជាតិ ដើម្បីក្លាយជាយុវជនគំរូ និងជា ធនធានមនុស្សដ៏មានតម្លៃសម្រាប់ប្រទេសជាតិ។ ពេលចូលសាលាហ្វឹកហ្វឺន ត្រូវចេះស្រឡាញ់គ្នា ចេះជួយទុក្ខធុរៈគ្នា សាមគ្គីគ្នា មានភាពក្លាហានមោះមុះនឹងការងារ ភារកិច្ច និង ត្រូវប្រកាន់ខ្ជាប់នូវសុភាសិទ្ធខ្មែរ លើកឡើងថា (នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ) ៕






































