កិច្ចប្រជុំពិភាក្សាជាមួយ ADB លើគម្រោងអភិវឌ្ឍន៍ “ទីក្រុងឆ្លាតវៃ និងគួរឱ្យចង់រស់នៅ” ក្នុងក្រុងសិរីសោភ័ណ

0

បន្ទាយមានជ័យ៖កិច្ចប្រជុំពិភាក្សាការងារជាមួយទីប្រឹក្សាបច្ចេកទេស នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ស្តីពី «គម្រោងទីក្រុងឆ្លាតវៃ និងគួរឱ្យចង់រស់នៅ» (Livability and Smart City Project) ធ្វើឡើងនៅសាលប្រជុំ សាលាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យនាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦។

កិច្ចប្រជុំនេះក៏មានការចូលរួមពី លោក ឃ្លោក នួយ អភិបាលរងខេត្ត បន្ទាយមានជ័យ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ លោក លោកស្រីអភិបាលរងក្រុង តំណាងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ និងមន្ត្រីបច្ចេកទេស។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិភាក្សា សិក្សា និងវាយតម្លៃអំពីស្ថានភាពហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការគ្រប់គ្រងបរិស្ថាន អនាម័យ និងផែនការរៀបចំដែនដីប្រកបដោយចីរភាព ដើម្បីរៀបចំក្រុងសិរីសោភ័ណឱ្យក្លាយជាទីក្រុងដែលមានភាពឆ្លាតវៃ (Smart City) មានបរិស្ថានបៃតង និងផ្តល់នូវផាសុខភាពសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ។

លោក ឃ្លោក នួយ អភិបាលរងខេត្ត សូមស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលតែងតែជួយគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តបន្ទាយមានជ័យ ជាពិសេសក្រុងសិរីសោភ័ណនាពេលនេះ។ ការរៀបចំក្រុងសិរីសោភ័ណឱ្យទៅជា “ទីក្រុងឆ្លាតវៃ និងគួរឱ្យចង់រស់នៅ” គឺជាទិសដៅយុទ្ធសាស្ត្រដ៏សំខាន់មួយ ដើម្បីលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ ទាក់ទាញការវិនិយោគ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងមូលដ្ឋាន។ ដើម្បីឱ្យគម្រោងនេះអនុវត្តទៅទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានោះលោកអភិបាលរងខេត្ត ក៏បានស្នើដល់អាជ្ញាធរក្រុង និងមន្ទីរ-អង្គភាពជំនាញ ត្រូវសហការឱ្យបានជិតស្និទ្ធជាមួយក្រុមការងារទីប្រឹក្សាបច្ចេកទេស ADB ដោយផ្តល់នូវទិន្នន័យ ព័ត៌មាន និងកិច្ចសម្រួលចាំបាច់នានា ដើម្បីឱ្យការសិក្សាស្រាវជ្រាវមានភាពស៊ីជម្រៅ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង។

ទន្ទឹមនឹងនេះ លោក ឃ្លោក នួយ ក៏បានបញ្ជាក់ថា ក្រុមការងារបច្ចេកទេស ADB សូមបន្តជួយផ្តល់អនុសាសន៍ ដំណោះស្រាយបច្ចេកទេស និងបទពិសោធន៍ល្អៗក្នុងការរៀបចំផែនការរៀបចំក្រុង ដោយផ្ដោតលើការគ្រប់គ្រងសំណល់ រៀបចំប្រព័ន្ធរំដោះទឹក បង្កើនតំបន់បៃតង និងការប្រើប្រាស់បច្ចេកវិទ្យាទំនើបផងដែរ៕ដោយ៖ឃិន គន្ធា