យោធាថៃដាក់ពង្រាយរថក្រោះ ២គ្រឿងនៅភូមិជោគជ័យ ខណៈពលរដ្ឋខ្មែរ ១ ០៤៥គ្រួសារ នៅតែមិនអាចវិលត្រឡប់ទៅផ្ទះវិញ!

0

រាជធានីភ្នំពេញ៖ រថក្រោះយោធាថៃចំនួន២គ្រឿង ត្រូវបានដាក់ពង្រាយនៅចម្ងាយប្រមាណ ២៥០ម៉ែត្រពីទីតាំងសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន នៅក្បែរភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងការពារជាតិ។

ក្រសួងបានបញ្ជាក់ទៀតថា នៅក្នុងតំបន់នេះ មានប្រជាពលរដ្ឋជិត ៤ ០០០នាក់ នៅតែមិនអាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញបានឡើយ បើទោះបីបទឈប់បាញ់បានចូលជាធរមានអស់រយៈពេលជាង ១០ខែមកហើយក៏ដោយ។

លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា ក្រុមអ្នកសង្កេតការណ៍អាស៊ាននៅកម្ពុជា (AOT-KH) ដោយមានក្រុមទំនាក់ទំនងកម្ពុជាអមដំណើរ បានចុះបេសកកម្មសង្កេតការណ៍នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ នៅក្នុងតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ជាទីតាំងដែលរថក្រោះថៃទាំង២គ្រឿងត្រូវបានដាក់ពង្រាយ។

លោកស្រីបានបញ្ជាក់ថា បេសកកម្មនេះមានគោលបំណងតាមដាន ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ស្របពេលជាមួយគ្នានេះ ក្រុមអ្នកសង្កេតការណ៍បានឃើញផ្ទាល់នូវផលប៉ះពាល់ផ្នែកមនុស្សធម៌ដែលប្រជាពលរដ្ឋខ្មែរបន្តប្រឈមមុខ ដោយមានប្រជាពលរដ្ឋសរុប ៣ ៩៥១នាក់ ក្នុងនោះមានកុមារ ១ ១៥៥នាក់ មកពី ១ ០៤៥គ្រួសារ នៅតែមិនអាចវិលត្រឡប់ទៅលំនៅឋានវិញបាន។

លោកស្រីបានថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាននៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មក យោធាថៃនៅតែបន្តដាក់ពង្រាយកុងតឺន័រ ដំឡើងបន្លាលួស ជីកលេណដ្ឋាន សាងសង់លេណដ្ឋានការពារ និងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជា»។

លោកស្រីបានបន្ថែមថា កងកម្លាំងថៃនៅតែបន្តកាន់កាប់ដោយខុសច្បាប់នូវទឹកដីកម្ពុជានៅក្នុងតំបន់ភូមិជោគជ័យ ដែលធ្វើឱ្យប្រជាពលរដ្ឋរាប់ពាន់នាក់មិនអាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនវិញបាន បើទោះបីមានបទឈប់បាញ់ក៏ដោយ។

លោកស្រីបានបញ្ជាក់ថា ការចុះសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាននេះ បានបង្ហាញពីភាពចាំបាច់ជាបន្ទាន់ក្នុងការចាប់ផ្តើមឡើងវិញនូវការងារវាស់វែង និងបោះបង្គោលខណ្ឌសីមាព្រំដែន តាមរយៈគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ (JBC) ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ជាពិសេសចំណុចទី៤ នៃសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

លោកស្រីបានថ្លែងថា៖ «នេះគឺជាកត្តាចាំបាច់ ដើម្បីធានាថាប្រជាពលរដ្ឋស៊ីវិលកម្ពុជាស្លូតត្រង់ អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញ ដោយគ្មានការរារាំង មានសុវត្ថិភាព និងប្រកបដោយសេចក្តីថ្លៃថ្នូរ»។ កម្ពុជាមិនទទួលស្គាល់ការផ្លាស់ប្តូរខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងឡើយ ហើយព្រំដែនអន្តរជាតិត្រូវតែរក្សាឱ្យបានស្របតាមកិច្ចព្រមព្រៀង អនុសញ្ញា សន្ធិសញ្ញា ផែនទី និងឯកសារប្រវត្តិសាស្ត្រពាក់ព័ន្ធ ព្រមទាំងច្បាប់អន្តរជាតិ និងគោលការណ៍ Uti Possidetis Juris ស្តីពីការគោរពខ្សែព្រំដែនដែលបានបន្សល់ទុកពីអតីតកាល៕