សៀមរាប៖ លោក លី ប៊ុនណា លេខាធិការគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប តំណាងឯកឧត្ដម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់កីឡាករ កីឡាការនីបាល់ទះអង្គុយជនពិកា នៃសមាគមជនពិការអង្គរ (ស.ជ.អ) ចំនួន ៣៦នាក់ ស្រី ១២នាក់។ ពិធីនេះធ្វើនៅទីស្នាក់ការ
សមាគមជនពិការអង្គរ (ស.ជ.អ) ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប នៅព្រឹកថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។
មានប្រសាសន៍នាឱកាសនោះ លោក បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជា ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដែលតែងតែគិតគូរចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់រូបដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ស្របតាមទិសស្លោក «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នាមិនទុកអ្នកណាម្នាក់ចោលឡើយ» និង «ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា»។ ក្នុងឱកាសនេះដែរ លោក បានថ្លែងអំណរអរគុណចំពោះទឹកចិត្ត ការតស៊ូ ការប្ដេជ្ញាចិត្ត លះបង់ពេលវេលាក្នុងការចូលរួមលេងកីឡាបាល់ទះអង្គុយនេះ និងសូមជូនពរដល់កីឡាករ កីឡាការនី ទទួលបានជោគជ័យក្នុងការចូលរួមប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ នាពេលខាងមុខនេះ។
សម្ភារអំណោយដែលបានផ្ដល់ជូនក្នុងម្នាក់ទទួលបាន៖ មុង ១, ភួយ ១, សារុង ១, ក្រមា ១, អង្ករ ៣០គីឡូក្រាម, មី ១កេស, ទឹកស៊ីអ៊ីវ ១យួរ និងថវិកាមួយចំនួន៕






































