យុវជនជំនាន់ថ្មីខេត្តព្រះវិហារ ស្ម័គ្រចិត្តប្តេជ្ញាចិត្តខ្ពស់បំពេញកាតព្វកិច្ចយោធាឆ្នាំ២០២៦ ដើម្បីឧត្តមភាពជាតិ មាតុភូមិ និងទឹកដី

0

ខេត្តព្រះវិហារ៖ គណៈកម្មាធិការកាតព្វកិច្ចយោធាខេត្តព្រះវិហារ សហការជាមួយយោធភូមិភាគទី៤ នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ​បានរៀបចំពិធីអបអរសាទរ និងជូនដំណើរយ៉ាងអធិកអធមដល់យុវជនស្ម័គ្រចិត្ត ចូលរួមបំពេញកាតព្វកិច្ចយោធា ជំហានទី១ ឆ្នាំ២០២៦ ឆ្ពោះទៅកាន់សាលាហ្វឹកហ្វឺនកងទ័ព។

ពិធីដ៏មានអត្ថន័យជាតិនិយមនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាណាព្យាបាល ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បង្ហាញពីស្មារតីស្នេហាជាតិយ៉ាងមុតស្រួច។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភក្រ្តា ជាប្រធានគណៈកម្មាធិការកាតព្វកិច្ចយោធាខេត្ត បានបញ្ជាក់ថា ការកែនទ័ព និងបំពេញកាតព្វកិច្ចយោធានេះ គឺអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាម ច្បាប់ស្តីពីកាតព្វកិច្ចយោធា និងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់គោលដៅជ្រើសរើសពលរដ្ឋស្ម័គ្រចិត្ត ១ម៉ឺននាក់ សម្រាប់ទូទាំងប្រទេសក្នុងឆ្នាំ២០២៦។

លោកឧត្តមសេនីយ៍មេបញ្ជាការបានបញ្ជាក់បន្ថែមថា ក្រោមការយកចិត្តទុកដាក់ និងសហការគ្នាយ៉ាងជិតស្និទ្ធរវាងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ស្នងការដ្ឋាននគរបាលខេត្ត និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្រុមការងារបានចុះស្រង់ទិន្នន័យ និងធ្វើបច្ចុប្បន្នភាពយ៉ាងម៉ត់ចត់លើប្រជាពលរដ្ឋ ដែលមានអាយុស្របតាមច្បាប់ (ចាប់ពី ១៨ឆ្នាំ ដល់ ២៥ឆ្នាំ) ក្នុងការចែក និងទទួលពាក្យស្នើសុំចូលបំពេញកាតព្វកិច្ចយោធា ដោយប្រកាន់ខ្ជាប់នូវ តម្លាភាព ភាពត្រឹមត្រូវ និងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះមុខច្បាប់ និងជាតិមាតុភូមិ។

អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានពាំនាំនូវការសួរសុខទុក្ខ ក្តីស្រឡាញ់ និងការកោតសរសើរដ៏ជ្រាលជ្រៅពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះយុវជនស្ម័គ្រចិត្តទាំងអស់ ព្រមទាំងបងប្អូនក្រុមគ្រួសារ និងអាណាព្យាបាល ដែលបានលះបង់ និងអនុញ្ញាតឱ្យកូនចៅ ស្វាមី ទៅបំពេញភារកិច្ចដ៏ថ្លៃថ្លាបំផុតនេះ។

លោកអភិបាលខេត្តបានសង្កត់ធ្ងន់ថា៖ «ការចូលរួមបំពេញកាតព្វកិច្ចយោធានៅពេលនេះ មិនត្រឹមតែជាកាតព្វកិច្ចតាមផ្លូវច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា កិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់បុគ្គលម្នាក់ៗ គ្រួសារ និងប្រទេសជាតិ ក្នុងការរួមដៃគ្នាជាធ្លុងមួយ ដើម្បីការពារបូរណភាពទឹកដី អធិបតេយ្យភាព និងសុខសន្តិភាព ដែលកម្ពុជាខិតខំស្វែងរកបានមកដោយលំបាក។ លោកថា យុវជន គឺជារបងការពារជាតិដ៏រឹងមាំ និងជាទំពាំងស្នងឫស្សីដ៏មានតម្លៃរបស់សង្គមជាតិយើង»។

អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានណែនាំដល់យុវជនស្ម័គ្រចិត្តទាំងអស់ ត្រូវខិតខំរៀនសូត្រយកចិត្តទុកដាក់ខ្ពស់លើការងារហ្វឹកហ្វឺនយុទ្ធវិធី សេចក្តីក្លាហាន វិន័យសណ្តាប់ធ្នាប់ និងគោរពយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជាផ្ទៃក្នុងរបស់កងទ័ព ក៏ដូចជាបទបញ្ជាពីមេបញ្ជាការគ្រប់ថ្នាក់ ដើម្បីប្រែក្លាយខ្លួនទៅជា កងកម្លាំងប្រដាប់អាវុធដែលមានសមត្ថភាពខ្លាំងក្លា ស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងជាពលរដ្ឋគំរូក្នុងសង្គមជាតិយើងតទៅមុខទៀត៕ដោយ៖ឡុង សំបូរ