ពលរដ្ឋក្នុងស្រុកកោះសូទិន បានស្នើសុំផ្លូវទៅស្រែ​ ចម្ការ​ រួមនឹងបញ្ហាផ្សេងៗ ១១ករណី ក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម

0

កំពង់ចាម: ប្រជាពលរដ្ឋក្នុងស្រុកកោះសូទិន បានស្នើសុំស្ថាបនាផ្លូវទៅស្រែ​ ចម្ការ​ រួមនឹងបញ្ហាផ្សេងៗ ចំនួន ១១ករណី ក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សា ខេត្តកំពង់ចាម លើកទី៣ អាណត្តិទី៤ នាព្រឹកថ្ងៃទី៥ ខែតុលា​ ឆ្នាំ២០២៦ នៅវត្តរតនបុប្ផារាម(វត្តមហាខ្ញូង) ស្ថិតក្នុងឃុំមហាខ្ញូង ស្រុកកោះសូទិន​ ខេត្តកំពង់ចាម ។

ក្នុងអង្គវេទិកានេះ តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម លោកសា ស៊ីថា​ អភិបាលរងខេត្ត បានដឹកនាំការឆ្លើយតបភ្លាមៗ នូវសំណើរ សំណូមពរ និងកង្វល់ ដែលបងប្អូនប្រជាពលរដ្ឋ​ បានលើកឡើងរួមមាន​ ការស្នើសុំពង្រីកផ្លូវធ្វើដំណើរ សុំស្ថាបនាផ្លូវទៅបង្កបង្កើនផលកសិកម្ម សុំកសាងផ្លូវបេតុង សុំដាំបង្គោលភ្លើងនៅតាមបណ្តោយផ្លូវបេតុង១ខ្សែ សុំសៀវភៅជំនួយភាសាខ្មែរសម្រាប់សិស្សបឋមសិក្សា សុំដោះស្រាយបញ្ហារថយន្តធនធ្ងន់ដឹកថ្មបង្កការខូចខាតផ្លូវ និងដោះស្រាយបញ្ហាបាក់ស្រុតច្រាំងទន្លេ​ ។ល។

ក្នុងឱកាសនេះដែរ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានគូសបញ្ជាក់ថា ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ យើងទាំងអស់គ្នា បានពិភាក្សា ពិគ្រោះយោបល់ ជាមួយអ្នកចូលរួមទាំងអស់ បានរកឃើញនូវបញ្ហាអាទិភាពសំខាន់ៗ សម្រាប់រដ្ឋបាលខេត្តយកទៅពិនិត្យ ពិចារណាក្នុងការឆ្លើយតប ដើម្បីលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងខេត្ត ជាពិសេស ពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ក្នុងកិច្ចអភិវឌ្ឍន៍ខេត្តឱ្យកាន់តែល្អ ប្រសើរឡើង ក្នុងគោលបំណងពង្រឹងយន្តការ តម្លាភាព ព្រមទាំងលើកកម្ពស់គោលការណ៍ អភិវ ឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ៕