ខេត្តស្វាយរៀង៖ឯកឧត្តម សំ ប៊ុណ្ណារិន សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខា រ៉ាម អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តឆ្នាំ២០២៦ស្ថិតនៅបរិវេណសាលាស្រុកចន្ទ្រាព្រឹកថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០២៦នេះ។
វេទិការនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អាជ្ញាធរពាក់ព័ន្ធ ព្រមទាំងអង្គការ សមាគមន៍ព្រមទាំងប្រជាពលរដ្ឋចូលរួមសរុបប្រមាណ៤០០នាក់។
លោក សុ ខារ៉ាម អភិបាលរងខេត្តស្វាយរៀង បានថ្លែងថា ការរៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនាពេលនេះ គឺអនុវត្តស្របតាមច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងបន្តបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ តម្លាភាព និងគណនេយ្យភាព ក្នុងនាមជាតំណាងឱ្យប្រជាពលរដ្ឋទូទាំងខេត្ត ក្នុងនោះវេទិកានេះមានគោលបំណង ផ្តល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានស្វែងយល់ពី ស្ថានភាពទូទៅនៃការអភិវឌ្ឍខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងបញ្ហាប្រឈមនានា ដែលកើតមាននា រយៈកាលកន្លងមក។ ទន្ទឹមនោះផ្តល់នូវឱកាសជូនបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំង អស់ បានបញ្ចេញមតិរបស់ខ្លួន ដែលពាក់ព័ន្ធនឹងក្តីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្តែងក្នុងមូល ដ្ឋាន ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតបចំពោះតម្រូវការ និងសំណូមពរដែលបាន លើកឡើងផងដែរ ដែលយន្តការនេះជួយឱ្យក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត អាចឈ្វេងយល់ និង ដោះស្រាយបញ្ហាបានចំគោលដៅ ឆ្លើយតបទៅនឹងតម្រូវការដ៏ពិតប្រាកដរបស់ប្រជាពលរដ្ឋ ។
ឯកឧត្តម សំ ប៊ុណ្ណារិន បានបញ្ជាក់ថា ឆ្នាំនេះ ជាឆ្នាំទី៣ នៃអាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ក្នុងនាមជាតំណាងឱ្យប្រជាពលរដ្ឋ និងតាងនាមឱ្យក្រុមប្រឹក្សាខេត្ត សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ កិច្ចខិតខំប្រឹងប្រែង អនុវត្តតួនាទី ភារកិច្ចរបស់គណៈអភិបាលខេត្ត និងមន្ទីរ អង្គភាពនានាពាក់ព័ន្ធ ក្នុង ការបម្រើប្រជាពលរដ្ឋ ទាំងការងារផ្តល់សេវាសាធារណៈ ការដោះស្រាយបញ្ហាប្រឈម សំណើ និង សំណូមពរនានា អនុវត្តបានយ៉ាងល្អប្រសើរ ធ្វើឱ្យខេត្តស្វាយរៀង នៅតែជាខេត្តមួយដែលរក្សាបាននូវ អត្រាកំណើនសេដ្ឋកិច្ចខ្ពស់ និងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ ក្នុងការទាក់ទាញអ្នកវិនិយោគ ឱ្យមកបណ្តាក់ ទុនវិនិយោគជាបន្តបន្ទាប់ ដែលភាពរីកចម្រើនេះ បានបង្ហាញឱ្យឃើញពីភាពប៉ិនប្រសព្វ នៃការសម្របសម្រួល ទំនាក់ទំនង និងដឹកនាំ របស់ថ្នាក់ដឹកនាំខេត្ត ជាពិសេសការធានា រក្សាបាននូវសុខសុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ជូនដល់វិនិយោគិន និងប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ រួមទាំងការដោះស្រាយបញ្ហាបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងភាពម៉ឺងម៉ាត់ នៃការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដែលជាមូលដ្ឋានគ្រឹះ ធានាស្ថិរភាព និង សន្តិសុខក្នុងសង្គមផងដែរ។
ឯកឧត្តមបានថ្លែងនូវការអរគុណចំពោះវត្តមាន សមាជិកអង្គវេទិកាទាំងមូល ដែលបានយកចិត្តទុកដាក់តាមដានស្តាប់ និងចូលរួមបញ្ចេញមតិយោបល់ លើកឡើងនូវបញ្ហាប្រឈម សំណើ សំណូមពរ ក៏ដូចជាការផ្តល់នូវ អនុសាសន៍ល្អ ទាក់ទងនឹងជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងគោលបំណង ចូលរួមចំណែកជំរុញ និងតាមដានការងារអភិវឌ្ឍតាមមូលដ្ឋាន ឱ្យកាន់តែមានតម្លាភាព និងចំគោលដៅ ជាពិសេសការជួយកែលម្អការផ្តល់សេវាសាធារណៈ តាមរយៈយន្តការច្រកចេញចូលតែមួយ និងយន្តការ ផ្សេងៗទៀតដែលមានស្រាប់ ឱ្យកាន់តែមានភាពល្អប្រសើរ និងទាន់ចិត្ត សម្រាប់ផ្តល់ជាធាតុចូល ជួយដល់ក្រុមប្រឹក្សាខេត្ត ក្នុងការជំរុញដល់គណៈអភិបាល និងមន្ទីរជំនាញ ឱ្យខិតខិតអនុវត្តឱ្យជោគជ័យ នូវគោលនយោបាយ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេស ជាធាតុចូលដ៏មានសារៈសំខាន់ ក្នុងការគិតគូរពិចារណា ស្វែងរកគន្លឹះ ក្នុងការការរៀបចំ និងការពិនិត្យ កែលម្អឡើងវិញ ការតាមដាននូវការអនុវត្តផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគរបស់ខេត្ត រួមទាំងសេចក្តី សម្រេចនានា ដែលបានដាក់ចេញដោយក្រុមប្រឹក្សាខេត្ត ដើម្បីធានា និងឆ្លើយតបឱ្យកាន់តែមាន ប្រសិទ្ធភាព ចំពោះកិច្ចអភិវឌ្ឍន៍មូលដ្ឋាន និងការលើកកម្ពស់ផ្តល់សេវាសាធារណៈ និងការចូលរួមកាត់ បន្ថយភាពក្រីក្រ នៅតាមមូលដ្ឋាន៕គឹមសេង






































