បន្ទាយមានជ័យ ៖ ក្រុងសិរីសោភ័ណ នឹងប្រែមុខមាត់ថ្មី តាមរយៈនៃការអភិវឌ្ឍនៅតាមដងផ្លូវមួយចំនួន ដោយមានការរៀបចំឱ្យមានផ្លូវថ្មើរជើង ការដាំដើមឈើលម្អតាមសងខាងផ្លូវ ក៏ដូចជាការរៀបចំតាមដងស្ទឹង នឹងការរៀបចំភ្នំ ឱ្យមានភាពទាក់ទាញ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង ក្រោមគម្រោងនៃការអភិវឌ្ឍរបស់រដ្ឋបាលខេត្ត ដែលធ្វើឱ្យក្រុងសិរីសោភ័ណមានភាពបៃតង
និងទាក់ទាញ ដែលគម្រោងនឹងដំណើរការនៅឆ្នាំ២០២៧ខាងមុខនេះ។
រដ្ឋ បាលខេត្តបន្ទាយមានជ័យ រួមនិងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកកិច្ចប្រជុំពិភាក្សា អំពីកែលម្អសោភ័ណភាព លើកំណាត់ផ្លូវទាំង៥ខ្សែ ដងស្ទឹង និងភ្នំ ក្នុងភូមិសាស្រ្តក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ ។
កិច្ចប្រជុំនេះក៏មានការដឹកនាំដោយឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ហង្ស សុតសំភារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាអគ្គលេខាធិការ នៃ គណៈស្ថាបត្យករកម្ពុជា មានការចូលរួមពីប្រតិភូអមដំណើរ អភិបាល រងខេត្ត មន្ទីររៀបចំដែនដី មន្ទីរសាធារណៈការដឹកជញ្ជូនខេត្ត សង្កាត់ពាក់ព័ន្ធក្នុងក្រុង ធ្វើឡើងនៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦។
គម្រោង នេះ គឺដើម្បីរៀបចំសណ្តាប់ធ្នាប់សាធាណៈ បរិស្ថាន អនាម័យ និងកែលម្អសោភណភាពក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ព្រមទាំងកែលម្អសោភ័ណភាព ពង្រីកបន្ថែម មានជារៀបចំបែងចែកការប្រើប្រាស់ផ្លូវលើមធ្យោបាយធ្វើ ដំណើរ ការរៀបចំជាផ្លូវថ្មើរជើង ផ្លូវជិះកង់ ចំណត និងតំបន់បៃតង បង្គោលភ្លើងបំភ្លឺផ្លូវ បង្គោលដងទង់ជាតិ ការរៀបចំសួនច្បារ និងការដាំ ដើមឈើអមសងខាងផ្លូវជាដើម។
ជាមួយគ្នានោះដែររាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងដំឡើងអំពូលភ្លើងបំភ្លឺផ្លូវប្រើថាមពលពីពន្លឺព្រះអាទិត្យ (Solar) ដោយថវិកាគ្រោងចំណាយប្រមាណ ៥លានដុល្លារអាមេរិក ដែលជាអំណោយរបស់អគ្គិសនីកម្ពុជា ខណៈដែលគម្រោងនេះគ្រោងនឹងដំឡើងតាមបណ្តាញផ្លូវថ្នល់សរុបប្រមាណ ១,០០០គីឡូម៉ែត្រ ក្នុងរាជធានី-ខេត្តចំនួន ១៣ ជាពិសេសបណ្តាខេត្តជុំវិញបឹងទន្លេសាប។
ក្នុងចំណោមខេត្តទាំង១៣ ក៏មានខេត្តបន្ទាយមានជ័យផងដែរ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋនូវសុខសុវត្ថិភាព លើកស្ទួយសោភ័ណភាព និងសុខុមាលភាពក្នុងការរស់នៅ ជាពិសេស កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបទល្មើសផ្សេងៗ ក៏ដូចជាជួយជំរុញបង្កើនសកម្មភាពសេដ្ឋកិច្ចពេលយប់ តាមរយៈទេសចរណ៍ជាដើម៕ដោយ៖ឃិន គន្ធា






































