បន្ទាយមានជ័យ៖ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ បានដឹកនាំបើកយុទ្ធនាការផ្សព្វផ្សាយ និងដំឡើងផ្ទាំងប៉ាណូអប់រំយល់ដឹងអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ដែលឧបត្ថម្ភគាំទ្រពីគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៥ ដល់អាជ្ញាធរមូលដ្ឋាន លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ធ្វើនៅ
បរិវេណ វិទ្យាល័យអូរសំព័រ ស្ថិតនៅក្នុងភូមិបន្ទាយទី២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦។
ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍លើកឡើងថា៖ ជាក់ស្តែង ចំនួនជនរងគ្រោះដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមចាប់ពីឆ្នាំ១៩៧៩ មកដល់បច្ចុប្បន្ន សរុបក្នុងខេត្តមានចំនួន ៨.៩០១នាក់ (ដោយសារមីនចំនួន៧.១៤៩នាក់ និងដោយសារសំណល់ជាតិផ្ទុះពីសង្រ្គាមចំនួន១.៧៥២នាក់) បណ្តាលឱ្យមនុស្សស្លាប់ចំនួន២.២៥៨នាក់ របួសចំនួន៥.១៩៥នាក់ និងពិការចំនួន១.៤៤៨នាក់។ដោយឡែក ក្នុងស្រុកម៉ាឡៃ មានជនរងគ្រោះដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមចាប់ពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្នចំនួន១.០០៨នាក់ (ដោយសារមីនចំនួន ៩៤៧ នាក់ និងដោយសារសំណល់ជាតិផ្ទុះពីសង្រ្គាមចំនួន ៦១ នាក់) បណ្តាលឱ្យមនុស្សស្លាប់ចំនួន២០៧នាក់ របួសចំនួន៣០៩នាក់ និងពិការចំនួន៤៩២នាក់។
ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា៖ ជាក់ស្ដែងបញ្ហាព្រំដែនដែលកំពុងតែមានបញ្ហាតាមរយៈសង្គ្រាមឈ្លានពានទាំងកម្រោលនេះដែរ ក៏បានបន្សល់ទុកនូវគ្រាប់មិនទាន់ផ្ទុះ និងគ្រាប់បែកចង្កោមជាច្រើនឥតគណនា ទាំងនៅក្នុងដី និងលើដី ជាពិសេស បណ្តាលឱ្យប្រជាពល រដ្ឋជនភៀសសឹកចំនួន៣.៣១៨គ្រួសារ មិនអាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ខ្លួនវិញបាន ដោយសារទាហាថៃ បានដាក់កង់ឡាន និងរាយបន្លាលួសហ៊ុព័ទ្ធយកដី-ផ្ទះរបស់ពួកគាត់ និងផ្ទះសម្បែងមួយចំនួនទៀត ត្រូវបានទាហានថៃ វាយបំផ្លាញខ្ទេចខ្ទីរគ្មានសេសសល់ឡើយ។
ឯកឧត្តមបណ្ឌិត លី ធុជ បានសម្តែងក្តីព្រួយបារម្ភចំពោះការគំរាមកំហែងថ្មីពីសំណល់ជាតិផ្ទុះ ជាពិសេសគ្រាប់បែកចង្កោមក្នុងចំនួនដ៏ច្រើន ដែលយោធាថៃបានបន្សល់ទុកក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ កាល ពី ឆ្នាំ ២០២៥។ យុទ្ធភណ្ឌទាំងនេះបង្កហានិភ័យខ្ពស់ ដល់អាយុជីវិតប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅ និងប្រកប របរ ចិញ្ចឹម ជីវិត ក្នុងតំបន់រងផលប៉ះពាល់។ ហានិភ័យកាន់តែធ្ងន់ធ្ងរ ប្រសិនបើប្រជាពលរដ្ឋយល់ច្រឡំថា តំបន់ ដែល ធ្លាប់ បានបោសសម្អាតរួចហើយ មានសុវត្ថិភាពទាំងស្រុង។
ឯកឧត្តមបានបញ្ជាក់ថា៖ ដើម្បីឆ្លើយតបនឹងបញ្ហានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាន ដាក់ ចេញអនុសាសន៍ឱ្យពន្លឿនការកំណត់ទីតាំង និងការបោសសម្អាតយុទ្ធភណ្ឌគ្រឿងផ្ទុះ ដើម្បី ធានា សុវត្ថិភាព ជូន ប្រជាពលរដ្ឋពីសំណល់សង្គ្រាមអតីតកាល និងការគំរាមកំហែងថ្មីៗ។ នេះ បង្ហាញ ពី ការ យក ចិត្ត ទុកដាក់ របស់ រាជរដ្ឋាភិបាល ក្នុងការការពារអាយុជីវិត និងសុខសុវត្ថិភាពប្រជាពលរដ្ឋ ដោយមិនទុក ឱ្យ នរណា ម្នាក់ រងគ្រោះ ដោយ សារគ្រាប់មីន និងយុទ្ធភណ្ឌគ្រឿងផ្ទុះឡើយ។
ទន្ទឹមនឹងការពន្លឿនការបោសសម្អាត ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំឱ្យប្រតិបត្តិករសកម្មភាពមីន ពង្រឹង កិច្ចសហការ ជាមួយអាជ្ញាធរមូលដ្ឋាន និងពង្រីកការអប់រំផ្សព្វផ្សាយឱ្យបានទូលំទូលាយ ជាពិសេស ដល់ ប្រជាពលរដ្ឋ សិស្សានុសិស្ស និងកុមារដែលរស់នៅក្បែរតំបន់មានហានិភ័យ។ ឯកឧត្តមបានគូសបញ្ជាក់ថា ការការពារអាយុជីវិតប្រជាពលរដ្ឋ មិនអាចពឹងផ្អែកតែលើការបោសសម្អាតប៉ុណ្ណោះទេ ប៉ុន្តែ ត្រូវ ផ្សារ ភ្ជាប់ ជាមួយ ការអប់រំ បង្ការ និងការផ្តល់ព័ត៌មានទាន់ពេលវេលាផងដែរ៕ដោយ៖ឃិន គន្ធា






































