អភិបាលខេត្តស្ទឹងត្រែង នាំយកស្បៀង និងសម្ភារៈប្រើប្រាស់ ប្រគល់ជូនដល់ប្រជាពលរដ្ឋជិត ៨០០ គ្រួសារ និងប្រជាការពារជិត ៥០នាក់ នៅស្រុកសេសាន ក្រោមគម្រោង «កម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព»!

0

ខេត្តស្ទឹងត្រែង៖ ក្រោមម្លប់សន្តិភាព និងការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បាននាំយកអំណោយជាស្បៀង និងសម្ភារៈប្រើប្រាស់ ចែកជូនដល់ប្រជាពលរដ្ឋចំនួន ៧៥៥គ្រួសារ និងកម្លាំងប្រជាការពារចំនួន ៤៧នាក់ នៅចំណុចអូរសែវ ឃុំស្តៅ ស្រុកសេសាន ដើម្បីធានាបាននូវជីវភាពរស់នៅ និងកសាងមូលដ្ឋានសេដ្ឋកិច្ចគ្រួសាររឹងមាំ ក្នុង «កម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព (ផ.ក.អ.)»។

ពិធីប្រគល់អំណោយដ៏មានអត្ថន័យនេះ បានប្រារព្ធឡើងនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក សរ សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព (ផ.ក.អ.)។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុកទាំង៦ កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងប្រជាពលរដ្ឋទាំង ៧៥៥គ្រួសារ ដែលរស់នៅក្នុងតំបន់អនុវត្តគម្រោងផ្ទាល់ផងដែរ។

អំណោយដែលបានឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋទាំង ៧៥៥គ្រួសារ នាឱកាសនោះ រួមមាន៖ អង្ករ ទឹកបរិសុទ្ធ ទឹកក្រូច ធុងចម្រោះទឹកស្អាត ចង្ក្រានបរិស្ថាន និងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួនទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់រដ្ឋបាលខេត្ត ក្នុងការជួយសម្រាលបន្ទុកជីវភាពរស់នៅប្រចាំថ្ងៃ ព្រមទាំងជំរុញស្មារតីម្ចាស់ការលើការកសាងអនាគត។

នៅក្នុងឱកាសដ៏មានតម្លៃនោះ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍សំណេះសំណាល និងផ្តាំផ្ញើការគាំទ្រយ៉ាងទូលំទូលាយដោយសង្កត់ធ្ងន់ថា គោលដៅចម្បង និងជាអាទិភាពបំផុតរបស់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត គឺការផ្តល់កម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ សម្រាប់កសាងលំនៅឋានអចិន្ត្រៃយ៍ និងប្រកបរបរកសិកម្មបង្កើនចំណូល ក្នុងគោលបំណងលើកកម្ពស់ជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង និងកាត់បន្ថយពីភាពក្រីក្រ។

លោកអភិបាលខេត្ត បានបញ្ជាក់បន្ថែមយ៉ាងមុតមាំថា៖ «ការចូលរួមអនុវត្តគម្រោងទី១ នេះ ត្រូវបានចាត់ទុកថាជាស្ពានចម្លងដ៏មានសារៈសំខាន់មិនអាចខ្វះបាន ដែលមិនត្រឹមតែជួយលើកកម្ពស់ជីវភាពរស់នៅ និងផ្តល់ភាពម្ចាស់ការលើដីធ្លីស្របច្បាប់ ជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្សារភ្ជាប់គ្នារវាងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចមូលដ្ឋាន និងការការពារធនធានធម្មជាតិ ប្រកបដោយចីរភាពយូរអង្វែងផងដែរ»។

លោកអភិបាលខេត្តស្ទឹងត្រែង បានក្រើនរំលឹក និងផ្ដល់ការអប់រំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចេះថែរក្សាសុខភាព សហការគ្នាឱ្យបានល្អក្នុងសហគមន៍ រួមគ្នាកសាងអភិវឌ្ឍភូមិឋានថ្មីឱ្យរីកចម្រើន និងត្រូវចូលរួមការពារថែរក្សាព្រៃឈើព្រមទាំងធនធានធម្មជាតិជុំវិញខ្លួន ព្រោះសុខសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន គឺផ្ដើមចេញពីការស្រឡាញ់ និងការទទួលខុសត្រូវរួមគ្នារវាងប្រជាពលរដ្ឋ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់៕ដោយ៖ឡុង សំបូរ