ខេត្តព្រះវិហារ៖«ពីស្រាថ្នាំល្បីកក្រើក TikTok/ហ្វេសប៊ុក ឈានដល់អាជ្ញាធរខេត្តព្រះវិហារ អន្តរាគមន៍ និងណែនាំ «យាយនឿន» ឱ្យប្រញាប់ចុះបញ្ជីច្បាប់ និងហាមដាច់ខាតការលាយសារធាតុគីមី ដើម្បីការពារសុខភាពសាធារណៈ» ដែលជាឆ្លើយតបទៅនឹងការផ្ទុះការគាំទ្រយ៉ាងកក្រើក នៅលើបណ្តាញសង្គម លើផលិតផល «ស្រាថ្នាំយាយនឿន» ស្ថិតក្នុងស្រុកគូលែន។
អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានចេញមុខអន្តរាគមន៍ណែនាំភ្លាមៗ ដោយតម្រូវឱ្យម្ចាស់ផលិតផលប្រញាប់ចុះបញ្ជីស្ថាប័នជំនាញឱ្យបានត្រឹមត្រូវ និងបានដាក់បទបញ្ជាម៉ឺងម៉ាត់ហាមឃាត់ការលាយសារធាតុគីមី ឬបន្លំគុណភាព ដែលអាចបង្កហានិភ័យធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។
ការចេញមុខព្រមាន និងណែនាំរបស់លោកអភិបាលខេត្ត បានធ្វើឡើងតាមរយៈសំណេរលើគណនីហ្វេសប៊ុកផ្លូវការ កាលពីយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោយពេល «ស្រាសត្រាំថ្នាំយាយនឿន» បានក្លាយជាប្រធានបទក្តៅគគុក នៅលើបណ្តាញសង្គម ដែលយាយនឿនបានអះអាងថា ជាស្រាសបិតពីអង្ករធម្មជាតិក្នុងស្រុក លាយជាមួយមើមរុក្ខជាតិព្រៃភ្នំ មានប្រសិទ្ធភាព «ជួយកម្រើករាត្រី បំបាត់ឈឺសរសៃ និងព្យាបាលរោគស្ត្រី»។
ទោះបីជាលោកអភិបាលខេត្ត បានសម្តែងការអបអរសាទរ ចំពោះគំនិតច្នៃប្រឌិតផលិតផលក្នុងមូលដ្ឋានយ៉ាងណាក្តី ប៉ុន្តែដោយក្តីព្រួយបារម្ភជាខ្លាំងលើសុវត្ថិភាពរបស់អ្នកបរិភោគ និងដើម្បីចៀសវាងបាតុភូតពុលស្រា ឬផលប៉ះពាល់សុខភាពរ៉ាំរ៉ៃ លោក គីម រិទ្ធី បានចាត់ឱ្យមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តព្រះវិហារ ចុះសម្របសម្រួល និងជួយយាយនឿនក្នុងការចុះបញ្ជីត្រួតពិនិត្យគុណភាព និងស្តង់ដារបច្ចេកទេសជាបន្ទាន់។
អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានបញ្ជាក់ជំហរយ៉ាងច្បាស់ៗថា៖ ត្រូវប្រើប្រាស់ស្រាសសុទ្ធបិតពីអង្ករធម្មជាតិ និងមើមរុក្ខជាតិសុទ្ធសាធ ដោយហាមដាច់ខាតការលាយសារធាតុគីមីបន្ថែម ដើម្បីធានាសុខភាពអ្នកហូបចុក ,ផលិតផលនេះជា «ស្រាថ្នាំ») ប៉ុណ្ណោះ មិនមែនជាថ្នាំសម្រាប់ព្យាបាលជំងឺ ដូចការអះអាងហួសហេតុនោះឡើយ និងការណែនាំនេះ មិនមែនជាការជំរុញឱ្យមហាជនសេពគ្រឿងស្រវឹងនោះទេ គឺសូមពិសាដោយការទទួលខុសត្រូវ។
គួរបញ្ជាក់ផងដែរថា មុនពេលមានការអន្តរាគមន៍ពីអាជ្ញាធរខេត្ត មហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន បានសម្តែងការព្រួយបារម្ភ និងជជែកដេញដោលយ៉ាងក្តៅគគុក ដោយបានស្នើសុំឱ្យក្រសួង-មន្ទីរជំនាញ ចុះយកសំណាកស្រាថ្នាំនេះទៅធ្វើតេស្តនៅក្នុងមន្ទីរពិសោធន៍ ឱ្យបានច្បាស់លាស់ជាមុនសិន ដើម្បីកុំឱ្យមានការផ្សព្វផ្សាយភូតភរ និងការពារអាយុជីវិតប្រជាពលរដ្ឋ៕ដោយ៖ឡុង សំបូរ






































