ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជើញបើកវិញ្ញាសារប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៤-២០២៥ នៅវិទ្យាល័យកំពង់ធំ

0

កំពង់ធំៈ  ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញបើកវិញ្ញាសារប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៤-២០២៥ របស់សិស្សានុសិស្ស ដើម្បីបញ្ជេញសមត្ថភាពប្រឡងទុតិយភូមិឆ្នាំ២០២៥នេះ នៅវិទ្យាល័យកំពង់ធំ ដោយមានការចូលរួមលោជំទាវ លំ គន្ធារី អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមទាំងក្រុមគណៈកម្មការមេប្រយោគ រួមទាំងមន្ត្រី អង្គភាពប្រឆាំងអំពើពុករលួយ នាព្រឹកថ្ងៃទី២៨ និង២៩ ខែសីហា ឆ្នាំ ២០២៥ ។

ដោយឡែក តាមការបញ្ជាក់របស់លោកប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ធំ  នៅក្នុងខេត្តកំពង់ធំ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទូទាំងខេត្តសៀមរាប ឆ្នាំសិក្សា២០២៤-២០២៥នេះ មាន១៣មណ្ឌលប្រឡង មានសិស្សានុសិស្សមកពីបណ្តាវិទ្យាល័យនានាក្នុងក្រុង ស្រុកទាំង៩ ស្មើនឹង ២៣៤បន្ទប់ ដែលមានសិស្សប្រឡងសរុប ៥៧៩៥ ស្រី៣៣១៩នាក់ ចំពោះវិញ្ញាសារ ប្រឡង មាន១០មុខវិជ្ជា គឺ គណិតវិទ្យា ភាសាខ្មែរ គីមីវិទ្យា ភូមិវិទ្យា, ប្រវត្តិវិទ្យា ,ពលរដ្ឋវិទ្យា ,ផែនដីវិទ្យា ,រូបវិទ្យា ,ជីវៈវិទ្យា និងភាសារបរទេស។

ឯកឧត្តមនួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ណែនាំ និង ផ្តាំផ្ញើរដល់លោកគ្រូ អ្នកគ្រូ ជាគណៈមេប្រយោគ អនុរក្ស និង ក្មួយៗជាបេក្ខជនទាំងពីរភេទបានឲ្យដឹងថា ការប្រឡងនេះ ជាការវាស់ស្ទង់នូវកម្រិត នៃចំណេះដឹងរបស់ក្មួយៗ ដែលត្រូវបានបញ្ចប់ការសិក្សា នៅ មធ្យមសិក្សាទុតិយភូមិ និង ឈានចូលទៅសិក្សាបន្តនៅមហាវិទ្យាល័យសកលវិទ្យាល័យផងដែរ ។ ម៉្យាងទៀតបេក្ខជនទាំងពីរភេទ ដែលត្រូវចូលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលនេះ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ និងខិតខំសរសេរឲ្យល្អត្រឹមត្រូវទៅលើក្រដាសវិញ្ញាសារ មុននឹងឆ្លើយត្រូវគិតត្រិះរិះ ពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ និង ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដោយត្រូវគោរពឲ្យបានខ្ជាប់ខ្ជួន នូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង និង ប្រកាន់យកនូវគោលការណ៍ «ចេះជាប់»។

 

អភិបាលខេត្តកំពង់ធំបន្តថា ការប្រឡងនេះ គឺដើម្បីដឹងពីសមត្ថភាពចំណេះដឹង  ដែលបានសិក្សាអស់រយៈពេល១២ឆ្នាំកន្លងមក និងស្វែងរកនូវធនធានមនុស្ស ជាទំពាំងស្នងឫស្សី ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីក្នុងអាណត្តិទី៧ ដែលបានចាត់ទុក    វិស័យអប់រំ ជាវិស័យអាទិភាពចម្បង ក្នុងយុទ្ធសាស្ត្របញ្ញកោណដំណាក់កាលទីមួយ ។

សូមបញ្ជាក់ផងដែរថា មុនពេលបេក្ខជនចូលទៅក្នុងមណ្ឌលប្រឡង អ្នកសារព័ត៌មានយើងបាន សង្កេតឃើញ ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា និង ក្រុមគណៈកម្មការមេប្រយោគ រួមទាំងមន្ត្រី អង្គភាពប្រឆាំងអំពើពុករលួយ បានយកចិត្តទុកដាក់ខ្ពស់ ចំពោះបេក្ខជនចូលប្រឡង ធ្វើការលាក់បំបាំងទុកឯកសារយ៉ាងណាក៏ដោយ បានសហការគ្នាល្អ ធ្វើការឆែកឆេ និង ដកហូតនូវឯកសារទាំងនោះ ដោយមានការ ប្រុងប្រយ័ត្នខ្ពស់  មិនឲ្យឯកសារទាំងនោះហូរចូលទៅក្នុងបន្ទប់ប្រឡងបានឡើយ  ៕

ដោយ ប៊ុន រដ្ឋា