(កំពង់ធំ)៖ លោកសេង សំអាង អភិបាលរងស្រុក តំណាងដ៏ខ្ពង់ខ្ពស់លោក វណ្ណៈ សោភានិតអភិបាលស្រុកប្រាសាទបល្ល័ង្ក បានអញ្ជើញជាអធិបតីភាពក្នុងពិធីពិនិត្យព្យាបាលជំងឺទូទៅ ចែកថ្នាំ វាស់ភ្នែក ចែកវែនតា និងពិនិត្យសុខភាពមាត់ធ្មេញ
ជូនប្រជាពលរដ្ឋនៅ ឃុំផាន់ញ្ចើម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។កម្មវិធីនេះមានរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ សហការរៀបចំដោយ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកប្រាសាទបល្ល័ង្ក និងអង្គការព័ន្ធកិច្ចគ្រិស្តបរិស័ទកម្ពុជា។
លោក ហ៊ុន សុខុម ប្រធានអង្គការ ព័ន្ធកិច្ច គ្រឹសបរិស័ទ្ធ ដោយកត្តាប្រទេសជាតិមានសុខសន្តិភាពក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ជូនប្រជាពលរដ្ឋទូទាំងប្រទេស។ ជាពិសេសបងប្អូនដែលមកថែរក្សាអ្នកជំងឺ និងអ្នកជំងឺផ្ទាល់ សូមរក្សាអនាម័យបីប្រការគឺ (ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត) ដើម្បីចៀសវាងការឆ្លងជំងឺផ្សេងៗ ឧស្សាហាត់ប្រាណដើម្បីសុខភាពរយៈពេលមួយថ្ងៃ ៣០នាទី សម្រាកឲ្យបានគ្រប់គ្រាន់ ហូបចំណីអាហារឱ្យបានទៀងទាត់ និងទទួលទានថ្នាំតាមលោកគ្រូអ្នកគ្រូពេទ្យដែលបានកំណត់។
ក្នុងឱកាសនោះ លោក សេង សំអាង បានថ្លែងថា ការចុះពិនិត្យ និងព្យាបាលជំងឺ នាពេលនេះ គឺដើម្បីលើកម្ពស់សុខុមាលភាពជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់នៅក្នុងឃុំដែលជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ ពីព្រោះថាបើមានជំងឺឈឺថ្កាត់ ត្រូវទៅកាន់ពេទ្យ ត្រូវការចំណាយប្រាក់ ត្រូវការចំណាយពេលវេលា មិនបានទៅធ្វើការ ទៅរៀនសូត្រ រកស៊ី ឬធ្វើស្រែចំការនោះទេ។ពេលមានបញ្ហាផ្នែកសុខភាព ត្រូវមកពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីព្យាបាលជំងឺបានទាន់ពេលវេលា ចៀសវាងការប្រើប្រាស់ថ្នាំខុសបច្ចេកទេស ធ្វើឱ្យប៉ះពាល់ដល់សុខភាព។
លោកបន្តថា បញ្ហាចំពោះមុខ ដែលកម្ពុជាយើងត្រូវបានចោរសៀមឈ្លានពានទឹកដីនៅតាមក្រវ៉ាត់ព្រំដែន ក្នុង តំបន់តាមភ្នំទ្រព្យ តាមមាន់តូច តាមមាន់ធំ ធ្វើអោយកងទ័ព្ទយើង ពលីនិងរបួស ជាច្រើន រហូតដល់ចាប់ កងទ័ព្ទយើងធ្វើជាចំណាប់ខ្មាំង ប្រជាជនជាច្រើននាក់ត្រូវ ជំលៀសរកទីតាំងមានសុវតត្ថិភាព ។ក្នុងបរិបទនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគិតគូដល់បងប្អូនប្រជាពលរដ្ឋ និងវិរះកងទ័ព្ទជានិច្ច។ ប្រទេសកម្ពុជា ត្រូវការសន្តិភាព Cambodia need peace កម្ពុជាមិនឈ្លានពាន ទឹកដីណាទេ តែកម្ពុជា ក៏ត្រូវរក្សាបូរណភាពទឹកដីរបស់ខ្លួន។
ជាក់ស្តែងក្នុងបេសកកម្មនៅស្រុកប្រាសាទបល្ល័ង្កលើកនេះក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់អង្គការ បានផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដែលផ្តល់ជូនរួមមានជំងឺទូទៅ ពិនិត្យបឋម និងវាស់សំពាធឈាម ជំងឺកុមារ ជំងឺមនុស្សចាស់ ជំងឺសសៃរឈាម និងបេះដូង អេកូបេះដូង ជំងឺសន្លាក់ និងវះកាត់តូច ជំងឺភ្នែក ផ្តល់វ៉ែនតាតាមដឺក្រេភ្នែក ជំងឺច្រមុះ ត្រចៀក បំពង់ក បំពាក់ឧបករណ៍ជំនួយការស្តាប់ ជំងឺមាត់ធ្មេញ ជំងឺសើរស្បែក និងកាមរោគ ជំងឺផ្លូវចិត្ត ជំងឺតម្រងនោម រោគស្រ្តី និងពិនិត្យផ្ទៃពោះ មន្ទីរពិសោធន៍ចល័ត អប់រំសុខភាពសាធារណ:អប់រំសុខភាពកុមារ ក្រោមពាក្យស្លោកសុខទុក្ខកូនៗ ជាសុខទុក្ខរបស់អង្គការព័ន្ធកិច្ច គ្រឹសបរិស័ទ្ធដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ។
នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ប្រជាពលរដ្ឋ ជាពិសេសលោកតា លោកយាយដែលបានចូលរួមបានសម្ដែងនូវសេចក្តីសប្បាយរីករាយ ថ្លែងអំណរគុណដល់ ឯកឧត្តម ហ៊ុយ វណ្ណៈប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកប្រាសាទបល្ល័ង្ក និង អង្គការ ព័ន្ធកិច្ច គ្រឹស្តបរិស័ទ្ធ ដែលបានចាត់បញ្ជូនក្រុមគ្រូពេទ្យជំនាញៗ មានសម្ភារ:បរិក្ខារវេជ្ជសាស្រ្ត និងថ្នាពេទ្យល្អៗមកពិនិត្យ ព្យាបាល វះកាត់ជូនពួកគាត់ដោយឥតគិតថ្លៃដល់មូលដ្ឋាន និងសូមអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ដែលតែងគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋនៅតំបន់ជនបទ និងសូមសំណូមពរឲ្យមានកម្មវិធីនេះ ជារៀងរាល់ឆ្នាំផងដែរ៕



































