លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈអញ្ជើញបិទវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ឆ្នាំសិក្សា២០២៤-២០២៥ និងបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ឆ្នាំសិក្សា២០២៥-២០២៦

0

សៀមរាប៖ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តសៀមរាប បានប្រារព្វពិធីបិទវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ឆ្នាំសិក្សា២០២៤-២០២៥ និងបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ដោយអញ្ជើញជាអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកគ្រូ អ្នកគ្រូ និងសិក្ខាកាម មកពីបណ្តាខេត្តទាំង៣ក្នុងនោះមានខេត្តសៀមរាប ខេត្តកំពង់ចាម និងខេត្តកណ្តាល នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២៥ នៅក្នុងបុរីរដ្ឋបាលសៀមរាប។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចូលរួមអបអរសាទរចំពោះសិក្ខាកាមនៃវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤-២០២៥ ដែលបានខិតខំប្រឹងប្រែង និងទទួលបានជោគជ័យក្នុងវគ្គបណ្តុះបណ្តាលមួយឆ្នាំពេញនាពេលកន្លងមក និងសូមស្វាគមន៍ចំពោះសិក្ខាកាមនៃវគ្គបណ្តុះបណ្តាលថ្មី ឆ្នាំ២០២៥នេះ និងសូមលើកទឹកចិត្តសិក្ខាកាមទាំងអស់ សូមប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីទទួលបាននូវអាជីព មុខរបរ និងការចាប់ផ្តើមកសាងស្វ័យភាពចំណូល ដើម្បីអនាគតខ្លួនឯងនិងក្រុមគ្រួសារ និងបន្តសហការគាំទ្រពីសំណាក់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី តំណាងក្រសួង ស្ថាប័ន គណៈអភិបាលខេត្ត អង្គការ សមាគមពាក់ព័ន្ធទាំងអស់ ដែលជំរុញឱ្យវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ឆ្នាំ២០២៤-២០២៥ ឈានមកដល់កម្រិតជោគជ័យនាពេលនេះ។

 

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា មានប្រសាសន៍ថា យោងទៅលើអាទិភាព និងភាពចាំបាច់ នៃកិច្ចការអភិរក្សជំនាញគ្រប់ប្រភេទ បន្សល់ទុកដោយដូនតាយើង និងស្របពេលដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវ «កម្មវិធីជាតិជំនួយផ្នែកសង្គម» បានគោរពស្នើសុំគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អាណត្តិទី៦ នៃរដ្ឋសភា បានគាំទ្រដ៏ខ្ពង់ខ្ពស់ឱ្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រៀបចំវគ្គបណ្តុះបណ្តាលដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ចំនួនចន្លោះពី៣ទៅ៦ម៉ឺននាក់ សម្រាប់រយៈពេល៤ឆ្នាំ ក្នុងនោះសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានបន្តអនុវត្តគោលនយោបាយនេះ ដោយបានដាក់ចេញនូវផែនការសកម្មភាពអាទិភាពទាំង៦ ដែលក្នុងនោះ ការងារបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ក៏ត្រូវបានផ្តល់អាទិភាព រីឯគ្រប់សិក្ខាកាមទាំងអស់ ក៏ត្រូវបានផ្តល់នូវប្រាក់ឧបត្ថម្ភជារៀងរាល់ខែ សម្រាប់រយៈពេលបណ្តុះបណ្តាលទាំងមូល។

លោកជំទាវរដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបន្តថា ការដាក់ឱ្យអនុវត្តនូវកម្មវិធីជាតិជំនួយផ្នែកសង្គម គឺជាឆន្ទៈនយោបាយដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាជន និងការធានានូវនិរន្តរភាពផ្នែកចំណូល តាមរយៈការពង្រឹងអាជីព មុខរបរ របស់ប្រជាជនទាំងអស់ កម្មវិធីបណ្តុះបណ្តាលជំនាញដូនតា គឺជាការធ្វើឲ្យរស់រវើកឡើងវិញនៃព្រលឹងជាតិដែលជាមរតកនៃបុព្វបុរសខ្មែរ បំផុសនូវអត្តសញ្ញាណជាតិ ហើយបង្ហាញផ្លូវទៅមុខសម្រាប់យុវជនជំនាន់ក្រោយ។

លោកជំទាវបានរំលេចថា នូវការបណ្តុះបណ្តាលជំនាញដូនតាមិនមែនជារឿងដែលធ្វើដើម្បីលម្អ ឬគ្រាន់តែបង្ហាញប៉ុណ្ណោះទេ  តែគឺជា យុទ្ធសាស្ត្រដ៏ស្រួចស្រាវរបស់រាជរដ្ឋាភិបាលដែលធានាការពារផងនូវចំណេះដឹងជាអមតៈរបស់ដូនតា និងជាការបើកផ្លូវសេដ្ឋកិច្ចដ៏សំខាន់មួយសម្រាប់យុវវ័យក្មេងៗរបស់យើងឲ្យមានឱកាសនិងមោទនភាពក្នុងវិស័យវប្បធម៌ ទេសចរណ៍ ច្នៃប្រឌិត និងការសិក្សាស្រាវជ្រាវតាមរយៈការបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ គឺជាការបន្តព្រលឹងនៃបុព្វបុរសជាតិយើង ការវិនិយោគលើវិស័យបណ្តុះបណ្តាលជំនាញដូនតានេះ គឺជាការវិនិយោគមោទនភាពរបស់ជាតិ និងវប្បធម៌ដ៏រុងរឿងនៃចក្រភពខ្មែរ នៅក្នុងស្មារតីទទួលខុសត្រូវនៃយុវជនជំនាន់ក្រោយ និងជាអធិបតេយ្យវប្បធម៌របស់ជាតិយើង។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរំឭកដល់សិក្ខាកាមគ្រប់រូបថា ការទទួលបានជំនាញគឺជាឱកាសដ៏ល្អមួយក្នុងជីវិត ដើម្បីចាប់ផ្តើមអាជីពនិងមុខរបរ សិក្ខាកាមទាំងអស់ គប្បីបន្តប្រឹងប្រែងទាញប្រយោជន៍ពីជំនាញនេះ ហើយគួរតែពិចារណាបន្តកសាងជំនាញពាក់ព័ន្ធផ្សេងទៀត ដើម្បីជាជំរើសសម្រាប់ខ្លួនឯងផង និងតម្រូវទៅតាមស្ថានភាពតម្រូវការទីផ្សារផង ជាមួយគ្នានេះ ក្រុមមន្ត្រីជំនាញនៃវគ្គបណ្តុះបណ្តាល ត្រូវបន្តរក្សាទំនាក់ទំនងជាប់ជាប្រចាំជាមួយសិក្ខាកាមដែលបានបណ្តុះបណ្តាលទាំងអស់ដើម្បីបន្ត ជួយគាំទ្រទៅដល់សកម្មភាពកសាងមុខរបរអាជីវកម្ម តាមទម្រង់ផ្សេងៗ ដែលអាចជាការចងក្រងជាក្រុម ជាបណ្តាញ ការកសាងម៉ាកសញ្ញា និងការជួយស្វែងរកទីផ្សារជាដើម នេះជាអ្វីដែលខ្ញុំចាត់ទុកថាជាបញ្ហាប្រឈម បន្ទាប់ពីវគ្គបណ្តុះបណ្តាល ហើយដែលខ្ញុំរួមជាមួយក្រុមមន្ត្រីជំនាញ បាននិងកំពុងបន្តគិតគូរ បង្កើតគំរូជោគជ័យសំដៅធានាថា សិក្ខាកាមបញ្ចប់វគ្គ ពិតជាអាចមានលទ្ធភាពបង្កើតមុខរបរ និងចំណូលនាពេលអនាគត ហើយមិនបោះបង់ជំនាញដែលទទួលបាន។

បន្ទាប់ពីលោកជំទាវ រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សំណេះសំណាលជាមួយសិក្ខាកាមរួច  ក៏បានផ្តល់វិញ្ញាបនបត្រជូនដល់លោកគ្រូ អ្នកគ្រូ៥នាក់ និងក្មួយដែលជាសិក្ខាមមកពីសាលារៀនវិចិត្រសិល្បៈ៦០នាក់ ដើម្បីទុកជាប្រយោជន៍ សម្រាប់ប្រើប្រាស់ក្នុងពេលអនាគត់ ក្នុងនោះលោកជំទាវក៏បានជូនពរឲ្យ ឯកឧត្តម លោកជំទាវ លោកគ្រូ អ្នកគ្រូ លោក លោកស្រី និងក្មួយៗទាំងអស់ សុខភាពល្អ សម្រេចបានជោគជ័យ ក្នុងជីវិត ។

ដោយ ប៊ុន រដ្ឋា