កុមារដែលមានជីវភាពខ្វះខាត០២នាក់ ទទួលបានកង់០២គ្រឿងពីលោកអភិបាលរងស្រុកស្ទោង

0

កំពង់ធំ÷ លោក សួគ៌ ប៊ុនធង អភិបាលរងស្រុក តំណាងលោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី បាននាំយកកង់០២គ្រឿង ទៅប្រគល់ជូនដល់កុមារដែលមានជីវភាពខ្វះខាតចំនួន០២នាក់សម្រាប់ជាមធ្យោបាយក្នុងការធ្វើដំណើរទៅសិក្សារៀនសូត្រដូចកុមារដ៏ទៃទៀត ដែលជាអំណោយរបស់លោកជំទាវ សាយ សំអាត អគ្គទេសាភិបាលរងធនាគារជាតិ នៃកម្ពុជា ចំនួន០១គ្រឿង  និង០១គ្រឿងទៀត ជាអំណោយ របស់ម្ចាស់រោងម៉ាស៊ីន កិនស្រូវ១៦៨៨ ស្ថិតនៅភូមិកំពង់ប្រដំឃុំ ម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ។

ក្នុងនាមរដ្ឋបាលស្រុក និងសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្ទោង សូមលើកទឹកចិត្តដល់កុមារឈ្មោះ ណាន វណ្ណៈ ភេទស្រី អាយុ១៤ឆ្នាំ និងកុមារឈ្មោះ ណាន ម៉ាណែត ភេទប្រុស អាយុ៧ឆ្នាំ ត្រូវខិតខំសិក្សារៀនសូត្រឱ្យអស់លទ្ធភាព ហើយក្លាយខ្លួនជាសិស្សពូកែ ជាពិសេសខិតខំរៀនសូត្របន្តរហូតដល់មហាវិទ្យាល័យដើម្បីអនាគតភ្លឺត្រចះត្រចង់ ជាម្ចាស់លើជីវិតខ្លួនឯង ទ្រទ្រង់សុខុមាលភាពគ្រួសារ និងបងប្អូនផងដែរ។

ជាមួយគ្នានេះលោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់លោកជំទាវ សាយ សំអាត អគ្គទេសាភិបាលរងធនាគារជាតិ នៃកម្ពុជាឧបត្ថម្ភចំនួន០១គ្រឿង  និង០១គ្រឿងទៀត ជាអំណោយ របស់ម្ចាស់រោងម៉ាស៊ីន កិនស្រូវ១៦៨៨ ដល់កុមារទាំង០២ដែលមានជីវភាពខ្វះខាត ដើម្បីចូលរួមឧបត្ថម្ភដល់ក្មួយៗនៅក្នុងឱកាសនេះ ដែលជាលទ្ធភាព និងឥរិយាបថដ៏គួរឱ្យកោតសរសើរ ជួយសម្រាលទុក្ខលំបាករបស់ក្មួយៗបានមួយកម្រិត។

លើសពីនេះលោកបានអំពាវនាវដល់ រដ្ឋបាលឃុំម្សាក្រង មណ្ឌលសុខភាពម្សាក្រង និងមន្ទីរពេទ្យបង្អែកស្ទោង សូមជួយសម្របសម្រួលហើយព្យាបាលជូនប្អូនស្រី និងប្អូនប្រុសដោយឥតគិតថ្លៃ ប្រសិនបើមានកាលៈទេសៈនិងស្ថានភាពត្រូវថែទាំ និងព្យាបាលជំងឺថែមទៀត។ ប្រសិនបើមានការខ្វះខាតទៅលើសម្ភារៈសិក្សារៀនសូត្រ សូមអាជ្ញាធររាយការណ៍មករដ្ឋបាលស្រុក ដើម្បីក្រុមការងារចុះជួយដល់កុមារឱ្យបានសិក្សារៀនសូត្របន្ថែមទៀត។