ខេត្តព្រះវិហារ៖ ប្រធានមណ្ឌលសុខភាពគូលែន បានចាត់ក្រុមគ្រូពេទ្យ (ឆ្មប) ចុះជួយសង្គ្រោះទារកដោយជួយសម្រាលចេញពីផ្ទៃម្តាយ នៅលើគោយន្តកន្ត្រៃមួយគ្រឿង នៅលើដងផ្លូវនសតំបន់ដាច់ស្រយាលពីទីប្រជុំជន បានដោយសុខ សុវត្ថិភាព ទាំងម្តាយ និងទារក នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅភូមិពោធិ៍រៀង ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ។
បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍តាមទូរស័ព្ទ ពីសំណាក់សមាជិកក្រុមប្រឹក្សាឃុំគូលែនជើង ថា មានស្ត្រីម្នាក់ឈ្មោះ ពៅ សារឿន ស្ថិតក្នុងវ័យ ២៩ឆ្នាំ កំពុងឈឺពោះសម្រាលកូននៅលើគោយន្ត ពេលកំពុងធ្វើដំណើរតាមដងផ្លូវក្នុងតំបន់ដាច់ស្រយាលនោះភ្លាម ប្រធានមណ្ឌលសុខភាពគូលែន បានចាត់មន្ត្រីឆ្មបម្នាក់ រួមជាមួយនឹងរថយន្តសង្គ្រោះបន្ទាន់ ១គ្រឿង ចេញទៅជួយអន្តរាគមន៍ជាបន្ទាន់។
ក្នុងដំណើរឆ្ពោះទៅកាន់គោលដៅស្ត្រីឈឺពោះឆ្លងទន្លេនោះ ខណៈទៅដល់ភ្លាមក្រុមការងារសង្គ្រោះបានជួយសម្រាលកូននៅលើគោយន្ត នៅតាមដងផ្លូវដាច់ស្រយាលមួយ ដោយទទួលបានលទ្ធផលជោគជ័យគួរឱ្យកត់សម្គាល់ ដោយម្តាយ និងទារក (កូនប្រុសទី២) តើតមកមានទម្ងន់ ៣,២ គីឡូក្រាម មានសុខភាពល្អទាំងម្តាយ និងកូន។
ក្រោយពីសម្រាលរួច ក្រុមគ្រូពេទ្យក៏បានបញ្ជូនម្តាយ និងកូនទាំងពីរនាក់ មកសម្រាកនៅមណ្ឌលសុខភាពគូលែន ដើម្បីតាមដានសុខភាពបន្ត និងធានាបាននូវសុវត្ថិភាពពេញលេញ។ សកម្មភាពដ៏ប្រពៃ និងការយកចិត្តទុកដាក់ខ្ពស់ ពីក្រុមគ្រូពេទ្យមូលដ្ឋាន បានបង្ហាញឱ្យឃើញពីស្មារតីទទួលខុសត្រូវខ្ពស់ នៅក្នុងការអនុវត្តតួនាទី ភារកិច្ចក្នុងនាមជាគ្រូពេទ្យជំនាញ៕ដោយ៖ឡុង សំបូរ





































