សៀមរាប: នាព្រឹកថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ២០២៥ លោកមួន សុភាពប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តសៀមរាប បានដឹកនាំសិល្បករ សិល្បការិនីសាលា វិចិត្រសិល្ប:ភូមិភាគសៀមរាប រួមជាមួយលោក ស្រីនីវ៉ាសារ៉ាវ និងលោក ហ្គាណាសិក្ខាវ៉ាន់ តំណាងក្រុមហ៊ុន Seenu Gnanam Travels ប្រចាំនៅខេត្តសៀមរាប បានសហការនាំយក សិល្ប:ការីនី នៃសមាគមសិល្ប:ឥណ្ឌាប្រចាំប្រទេសន័រវេសប្រមាណ សរុបទាំងកម្ពុជានិងឥណ្ឌាជិត១០០នាក់ រួមគ្នាសម្តែងសិល្បៈរបាំរួមគ្នាក្នុងពិធីបុណ្យរបាំ អន្តរជាតិ-កម្ពុជា ២០២៥ ដើម្បីជាការផ្លាស់ប្តូរវប្បធម៌ និងបង្កើននូវកិច្ចទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ នៅមុខប្រាសាទបីក្នុងតំបន់បេតិកភណ្ឌពិភពលោក”ឧទ្យានអង្គរ”ខេត្តសៀមរាប ។
លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប ថ្លែងអំណរគុណនិងកោតសរសើរចំពោះក្រុមហ៊ុន Seenu Gnanam Travels ប្រចាំនៅខេត្តសៀមរាបដែលបានបង្កើតព្រឹត្តិការណ៍នេះចំនួន៧លើករួចមកហើយ។កិច្ចសហការដ៏ល្អនេះឆ្លុះបញ្ចាំងឱ្យឃើញពីចំណងទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងកម្ពុជា – ឥណ្ឌាតាំងពីយូរយារណាស់មកហើយ ពោលគឺតាំងពីសតវត្សរ៍ទី១ នៃ គ.ស ក្នុងសម័យហ្វូណន មកម៉្លេះ។ លោក មួន សុភាព មានប្រសាសន៍ថា ប្រទេសកម្ពុជាបានទទួលឥទ្ធិពលពីឥណ្ឌានូវសាសនាធំពី គឺសាសនាហិណ្ឌូ និងព្រះពុទ្ធ សាសនា មានជាអាទិ៍ ប្រាសាទអង្គរវត្តជាភស្តុតាងស្រាប់ ហើយព្រះពុទ្ធសាសនាត្រូវបានប្រជាជនកម្ពុជា គោរពបូជារហូតដល់សព្វថ្ងៃ ។ ក្រៅពីនោះនៅមានទទួលឥទ្ធិពលពីឥណ្ឌានូវទំនៀម ទម្លាប់ប្រពៃណីមួយចំនួនទៀត ដែលដូនតាខ្មែរបានច្នៃប្រឌិតមកជាអត្តសញ្ញាណរបស់ខ្លួនរហូតដល់បច្ចុប្បន្ន ។ ជាមួយគ្នានេះប្រទេសឥណ្ឌាក៏ធ្លាប់បានជួយឧបត្ថម្ភគាំទ្រដល់ប្រទេសកម្ពុជាក្នុងវិស័យវប្បធម៌ជាច្រើន ដូចជាការជួយជួសជុលប្រាសាទមួយចំនួន ពិសេសជំនួយជួសជុលប្រាសាទអង្គរ ។ លោកប្រធានមន្ទីរបង្ហាញនូវសុទ្ឋិនិយមនិងជឿជាក់ថា៖ទំនាក់ទំនងដ៏ល្អប្រពៃនេះនឹងកើតឡើង ជាបន្តបន្ទាប់ ជារៀងរាល់ឆ្នាំ ដែលមិត្តភាពកម្ពុជា-ឥណ្ឌានេះ នៅតែបន្តរឹតតែប្រសើរឡើងរជា រៀងរហូត ជាពិសេស និងសូមស្នើឲ្យពលរដ្ឋឥណ្ឌាបានមកទស្សនាអង្គរវត្តកាន់តែច្រើនឡើងៗ ៕