ព្រះសង្ឃ អាចារ្យគណ:កម្មការវត្តដំណាក់ និងបរិស័ទជិតឆ្ងាយ បានប្រារព្វពិធីបុណ្យ អាសាឡ្ហបូជា រួមគ្នាជាមួយនឹងបុណ្យចូលព្រះវស្សា

0

សៀមរាប: កម្មវិធីនេះអាចជាកម្មវិធីដំបូងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ពីព្រោះថា ទោះបីកន្លងមកមានការប្រារព្ធពិធីនេះក៏ដោយ ក៏មិនប្រារព្ធក្នុងលក្ខណ:ឱឡារឹកនោះទេ ប៉ុន្តែសម្រាប់ការរៀបចំរបស់វត្តដំណាក់នេះ គឺមានពិធីហែព្យុហយាត្រាអាសាឡ្ហបូជា ដោយមានអ្នកចូលរួមរាប់ពាន់អង្គ/នាក់ ទៅតាមបណ្តាដងវិថីនានាក្នុងក្រុងសៀមរាបនារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ដូចគ្នាទៅនឹងបុណ្យមាឃបូជា និង វិសាខបូជា ផងដែរ ។
ព្រះគ្រូធម្មវិសុទ្ធិរង្សី ឡាច ចន្ថា ព្រះគ្រូចៅអធិការវត្តដំណាក់ បានមានសង្ឃដីកាថា កន្លងទៅយេីងបានប្រារព្ធ បុណ្យមាឃបូជា និងវិសាខបូជាបានជោគជ័យ ដោយមានញាតិញោមពុទ្ធបរិស័ទយ៉ាងច្រេីនកុះករមកចូលរួម ។ ឥឡូវនេះយេីងចង់បង្ហាញពុទ្ធបិស័ទក៏ដូចជាប្រជាពលរដ្ឋខ្មែរយេីងឱ្យបានដឹងនូវបុណ្យអាសាឡ្ហបូជា។ ព្រះតេជគុណបានបន្ថែមទៀតថា បុណ្យនេះរំឭកព្រឹត្តិការណ៍៥ក្នុងសម័យពុទ្ធកាលគឺ កាលសត្តុសិតទេវបុត្រចុះចាប់បដិសន្ធិ១ ព្រះសិទ្ថត្ថ(សិត ធាត់ ថាក)រាជកុមារចេញសាងផ្នួស១ ព្រះអង្គសំដែងធម្មបក្កប្បវត្តនសូត្រប្រោសបញ្ចវគ្គីយ៍១ ការស្ថាបនាព្រះសង្ឃក្នុងលោក១ និង ការសំដែងយមកបាដិហារ្យ(ឫទ្ធិ)ផ្ចាញ់ពួកតិរ្ថិយ១ ។ ជាមួយគ្នានេះដែរដោយសារថ្ងៃ!១៥កេីតខែអាសាឍជាថ្ងៃដែលបរិស័ទត្រូវធ្វេីបុណ្យប្រគេនភត្ត និង សំពត់ងូតទឹកផង ដូចនេះពិធិបុណ្យនេះក៏ប្រារព្ធព្រមជាមួយគ្នាតែម្តង។ ចំណែកពិធីបុណ្យចូលព្រះវស្សាគឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។ បងប្អូនដែលជាអ្នកមានជំនឿទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យដោយនាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗ ទៅប្រគេនព្រះសង្ឃតាមលទ្ធភាព។ ពិធីបុណ្យចូលព្រះវស្សា ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពីថ្ងៃ១រោចខែអាសាធដល់ថ្ងៃ ១៥ កើត ខែអស្សុជ។ តែពិធីត្រូវបានចាប់ផ្តើមនៅល្ងាចថ្ងៃ ១៥កើត ខែអាសាឍ ដោយមានការចូលរួមពីសំណាក់បងប្អូននិងចាស់ទុំចំណុះជើងវត្ត នាំគ្នាហែរទៀនវស្សា សំពត់ សាដក និងសម្ភារៈប្រើប្រាស់ផ្សេងៗ ហែរជុំវិញព្រះវិហារ និងបន្ទាប់មកសម្តែងធម៌ទេសនា និងវេរទៀនវស្សា និងសម្ភារៈប្រគេនព្រះសង្ឃ។ នៅពេលព្រឹកឡើងនៅថ្ងៃទី ១រោច ខែអាសាឍ មានម្ហូបអាហារ បង្អែម ប្រគេនដល់ព្រះសង្ឃ ហើយក្នុងអំឡុងរយៈ ៣ខែនេះ បងប្អូនដែលមានទម្លាប់គោរពព្រះពុទ្ធសាសនា ក៏និយមបន្តធ្វើម្ហូប នំចំណី និងគ្រឿងប្រើប្រាស់ផ្សេងៗមកប្រគេនជាបន្តបន្ទាប់សម្រាប់ផ្គត់ផ្គង់ព្រះសង្ឃគង់ចាំព្រះវស្សានេះក្នុងអំឡុងពេលនេះដែរ ។ ក្រៅពីរបស់ប្រើប្រាស់ និងម្ហូបអាហារ បងប្អូនខ្មែរក៏បានជាវទានវស្សាទៅប្រគេនព្រះសង្ឈផងដែរ ព្រោះយើងមានជំនឿថាពន្លឺទៀនគឺជួយបំភ្លឺអនាគតជាតិអោយភ្លឺស្រស់បំព្រង និងមានសេចក្តីសុខចម្រើនដោយអំពើល្អ សេចក្តីល្អ ហើយគេត្រូវរក្សាភ្លើងទៀនឱ្យឆេះជាប់រហូតគ្រប់រយៈពេលបីខែ។ មួយវិញទៀតនេះជាការជួយដល់វត្តអារាមក្នុងការមានទៀនប្រើប្រាស់ដើម្បីដុតបំភ្លឺនៅពេលយប់ផងដែរ៕