ភ្នំពេញ៖ ឯកឧត្តម ស្រ៊ុន លឹមសុង អនុប្រធានរដ្ឋបាលជលផល និង ជាអនុប្រធានកម្មវិធី CAPFISH-Capture នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញពីការកើនឡើងនូវទិន្នផលនៃវិស័យនេសាទ និងវាវីវប្បកម្ម នៅក្នុងឆ្នាំ២០២៤កន្លងមកនេះ ដែលមានប្រមាណជាង៩២៧ពាន់តោន។
មានប្រសាសន៍នៅក្នុងពិធីបើកសិក្ខាសាលាក្នុងពិធីបិទគម្រោង«បង្កើតការងារជាសេដ្ឋកិច្ចវិលជុំរបស់សហគមន៍នេសាទនៅបឹងទន្លេសាបខាងលិច ក្នុងតំបន់១ ដែលរៀបចំឡើងដោយអង្គការអុកស្វាមកម្ពុជា កាលពីចុងសប្តាហ៍មុននេះ ឯកឧត្តម ស្រ៊ុន លឹមសុង បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤កន្លងមក រដ្ឋាភិបាលនៃប្រទេសកម្ពុជា ជាពិសេសរដ្ឋបាលជលផល សង្កេតឃើញថាប្រទេសកម្ពុជាទទួលបានផលនេសាទ និងវារីវប្បកម្មសម្រេចបានចំនួនជាង ៩២៧ពាន់ តោន កើនឡើង ៦១ពាន់តោន។
ឯកឧត្តមបានបញ្ជាក់ថា ចំនួននេះបើធៀបនឹងឆ្នាំ២០២៣កន្លងមកនេះ គឺមានកើនឡើងប្រមាណ៧% ដែលក្នុងនោះផលនេសាទទឹកសាបទទួលបាន៤៦៧ពាន់តោន ផលនេសាទសមុទ្រទទួលបាន ១៣៩ពាន់តោន និងផលវារីវប្បកម្ម ៣២០ពាន់តោន។
បើតាមប្រភពដដែលនេះបានបន្ថែមថា ទន្ទឹមនេះការអភិរក្សសត្វផ្សោតដែលជារតនសម្បត្តិជាតិ ក្រសួងទទួលបានតួលេខវិជ្ជមាន ដែលមានសត្វផ្សោតបានកើតកូនចំនួន៩ក្បាល និងស្លាប់៤ក្បាល តាមការប៉ានស្មានមានសត្វផ្សោតសរុបចំនួន ១០៤ក្បាលក្នុងឆ្នាំ២០២៤។
ជាមួយគ្នានេះ ក៏មានវត្តមានជ្រូកទឹកជាច្រើនឡើងវិញបន្ទាប់ពីបាត់ខ្លួនជាង១០ឆ្នាំកន្លងមក ជាមួយគ្នានេះ ផ្សោតឃ្លៀច (ផ្សោតពណ៌ ផ្កាឈូក) និងផ្សោតក្បាលត្រឡោកក៏កើនឡើងច្រើនផងដែរ ប្រមាណជាង១០០ក្បាល ដែលតែងតែមានវត្តមានជាញឹកញាប់នៅតំបន់ឆ្នេរ ពិសេសខេត្តកំពតនិងកែប។
លទ្ធផលទាំងនេះមិនអាចសម្រេចបានឡើយ ប្រសិនបើគ្មានការចូលរួមយ៉ាងសកម្មពីសហគមន៍ អាជ្ញាធរមូលដ្ឋាន និងដៃគូអភិវឌ្ឍន៍ទាំងអស់។ ទាំងនេះជាចំណូលបន្ថែមរបស់ប្រជានេសាទដែលមិនអាចខ្វះបាន។ ការអនុវត្តគម្រោងរបស់អង្គការអុកស្វាមនេះ រដ្ឋបាលជលផលមានមោទនភាពចំពោះសមិទ្ធិផលសំខាន់ៗ ដែលសម្រេចបាន ក្នុងការរួមចំណែកអភិវឌ្ឍជលផលនិងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការប្តេជ្ញាចិត្ត និងការសហការរបស់អ្នកទាំងអស់គ្នា។ នេះបើយោងតាមឯកឧត្តម ស្រ៊ុន លឹមសុង អនុប្រធានរដ្ឋបាលជលផល និង ជាអនុប្រធានកម្មវិធី CAPFISH-Capture នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
យ៉ាងនេះក្តី សិក្ខាសាលាមួយត្រូវបានធ្វើឡើងគឺជាឱកាសដ៏ល្អសម្រាប់យើងពិភាក្សា សិក្សា និងចែករំលែកបទពិសោធន៍ ដើម្បីបន្តការអភិវឌ្ឍន៍សហគមន៍នេសាទឲ្យកាន់តែប្រសើរឡើង។
សូមបញ្ជាក់ថា ដើម្បីរួមចំណែកថែរក្សាការពារអត្ថប្រយោជន៍ទាំងអស់នេះឱ្យនៅគង់វង្សជានិរន្តរ៍នោះ ក្រសួងកសិកម្មនិងរុក្ខាប្រមាញ់និងនេសាទបានពង្រឹងកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអាជ្ញាធរមានសមត្ថកិច្ច និង អង្គការជាតិនិងអន្តរជាតិក្នុងការទប់ស្កាត់ បទល្មើសនេសាទកាន់តែមានប្រសិទ្ធភាព ដើម្បីធានាបាននូវការផ្គត់ផ្គង់ កាត់បន្ថយការនាំចូល រក្សាបានតុល្យភាពតម្លៃទីផ្សារ ព្រមទាំងធានាបាននូវគុណភាព និងសុវត្ថិភាពសម្រាប់អ្នកបរិភោគ៕