ដីគម្របព្រៃឈើរដ្ឋក្នុងឃុំ ល្វែងឫស្សីកំពុងតែ ត្រូវបានជនខិលខូចសម្រុករុករានទន្ទ្រានយកធ្វើជាកម្មសិទ្ធិយ៉ាងអាណាធិបតេយ្យ

0
Oplus_0

ដោយអ៊ុក ផ្លុង
សៀមរាប÷ មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថាដីគម្របព្រៃឈើរបស់រដ្ឋ ក្នុងឃុំល្វែងឫស្សីកំពុងតែត្រូវបានជនខិលខូចរុករានទន្ទ្រានយកយ៉ាងអាណាធិបតេយ្យ ទើបអ្នកសារព័ត៌មានចុះទៅទីតាំងនានាតាមសេចក្តីជូនដំណឹងរបស់ប្រជាជនម្តងហើយម្តងទៀតដើម្បីផ្ដិតយករូបភាពនិងធ្វើការផ្សព្វផ្សាយជូនសាធារណជនជា ព័ត៌មាន។ ជាក់ស្តែងកាលពីថ្ងៃទី២០ និង៣០ ខែមិថុនា ចុងក្រោយថ្ងៃទី០២ ខែកក្កដាឆ្នាំ២០២៥ អ្នកសារព័ត៌មានបានសិក្សាឃើញថាដីព្រៃនៅចំណុចអូរសោម និងព្រៃគគីរ ស្ថិតក្នុងភូមិ តាអុង ឃុំ ល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានជន អាត្មានិយមរុករានទន្ទ្រានយក ជាច្រើនកន្លែងដោយ១កន្លែង មិន តិច ជាង៣ ហិចតានោះឡើយ អ្នកខ្លះ រុករានដោយប្រើប្រាស់ពូថៅ ផ្គាក់ ខ្លះទៀត ប្រើប្រាស់ គ្រឿងចក្រយកទៅឈូសឆាយយ៉ាងអាណាធិបតេយ្យ ។ គេ មិនដែល មានឃើញជំនាញរដ្ឋបាលព្រៃឈើឬអាជ្ញាធរ ដែនដី ណាចុះបង្រ្កាបនិងទប់ស្កាត់ ឡើយ? ។ បញ្ហាដីគម្របព្រៃឈើក្នុងឃុំល្វែងឫស្សីដដែល បុរសម្នាក់អះអាងថាខ្លួនជាមេការអេស្កាវ៉ាទ័រ ត្រូវបានគេជួលឲ្យមើល ការខុសត្រូវ នៃការវ៉ៃដីព្រៃចំនួន ២០ហិចតា នៅចំណុច ត្រាវភ្លើងឆេះ ស្ថិតក្នុង ភូមិ កកោះ ឃុំ ល្វែងឫស្សី ស្រុកជីក្រែងខេត្តសៀមរាបដែលមានឈ្មោះ ស៊ុយ ជាអ្នករត់ការ គាត់បន្តថា លោក ស៊ុយ ឲ្យលុយ ទៅ មេព្រៃ ចំនួន ១ពាន់ដុល្លារ, ឲ្យទៅមេប៉ុស្តិ៍ ៥០០ ដុល្លារ និងឲ្យទៅ មេភូមិ កកោះ ចំនួន១៥០ដុល្លារ ម៉្យាងវិញទៀត អាជ្ញាធរក្នុងស្រុកជីក្រែងសុទ្ធតែបានដឹងអស់ហើយ។ ពាក់ព័ន្ធករណីទន្ទ្រានយកព្រៃនៅចំណុចអូរសោម និងព្រៃគគីរ នាយសង្កាត់រដ្ឋបាលព្រៃឈើ កំពង់ក្តី លោក វង្ស សាំងសំរិត ហៅ (ហុង ដា) បានឆ្លើយប្រាប់ អ្នកសារព័ត៌មាន តាម ទូរស័ព្ទថាលោកមិនដែលបានទៅ ពិនិត្យមើល ទេ ចំណែកដីព្រៃ នៅ ភូមិ កកោះ លោកមិនដឹងថា តើដីនោះ ស្ថិតនៅ ក្នុង ខេត្តសៀមរាបឬក៏នៅ ខេត្តកំពង់ធំ ។ រីឯលុយចំនួន១ពាន់ ដុល្លារ លោកមិនបានទទួលពីលោក ស៊ុយ ដូចអ្វីដែលមេកាអេស្កាវ៉ាទ័របាននិយាយនោះឡើយ។ មេឃុំ ល្វែងឫស្សី លោក យុន ប្រុស ក៏បានឆ្លើយតាមទូរស័ព្ទដែលថាក្រោយពីទទួលបានសេចក្តីរាយការណ៍ពីអ្នកសារព័ត៌មានថាមានការរុករាន ទន្ទ្រានយក ដី ចំណុច អូរសោម និង ព្រៃគគីរលោកបានបញ្ជា សហការីទៅ ពិនិត្យមើល ហើយ ជាលទ្ធផលសហការីរបស់លោកថាដី ទាំងនោះសុទ្ធតែជាដីចាស់ដែល ប្រជាពលរដ្ឋ ធ្លាប់អាស្រ័យផលជាច្រើន ឆ្នាំមកហើយ ប៉ុន្តែ រឿងដីនៅត្រាវ ភ្លើងឆេះ ភូមិ កកោះលោកមិនបាន ដឹងទេ។
មេប៉ុស្តិ៍នគរបាលសង្កាត់រដ្ឋបាលល្វែងឫស្សី លោក អោក ជា បានឆ្លើយតបអ្នកសារព័ត៌មាន តាមទូរស័ព្ទ ថា លោកមិនដែល ពាក់ព័ន្ធរឿង លុយកាក់ ជាមួយការឈូស ឆាយដី ព្រៃម្ដងណាឡើយ លោកបន្តថា លោក កំពុងតែរកមុខលោកស៊ុយ ដើម្បី សួរនាំឲ្យដឹង រឿងម្ដង។ មេភូមិ កកោះអ្នកស្រី ស៊ាម បានឆ្លើយថា រឿងគ្រឿងចក្រ ចូលវ៉ៃព្រៃនៅចំណុច ត្រាវភ្លើងឆេះ មាន ពិតប្រាកដ មែន ប៉ុន្តែ រឿងអ្នកស្រីទទួលលុយ១៥០ ដុល្លារពីអ្នកវ៉ៃព្រៃ អ្នកស្រីសូមបដិសេធដោយហ៊ានស្បថដាក់កូនទាំងបីនិងប្ដីសម្លាញ់ម្នាក់ផង។ ជុំវិញករណីមេការអេស្កាថា លោក ស៊ុយ រត់ការវ៉ៃព្រៃចចំណុចត្រាវភ្លើងឆេះនេះអ្នកសារព័ត៌មានមិនអាចសុំការបកស្រាយ ពី លោក ស៊ុយ ថាតើរឿងនេះពិតដូចអ្វីដែលមេការអេស្កាបាននិយាយឬយ៉ាងណានោះទេព្រោះគ្មានលេខទូរស័ព្ទរបស់លោក ស៊ុយ ។
ជាចុងក្រោយប្រជាពលរដ្ឋសំណូមពរដល់ អភិបាលខេត្ត សៀមរាបគឺ ឯកឧត្តម ប្រាក់ សោភ័ណ្ឌ និងប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប គឺ លោក ទៀ គឹម សុទ្ធ មេត្តាជំរុញ លោកអភិបាលស្រុក ជីក្រែង គឺលោក បូ ម៉េងទ្រី និង នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ក្តី គឺលោក សូរ ផល្លា ឲ្យ សហការគ្នាដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពស្រុកជីក្រែង ចុះ បង្ក្រាបនិងទប់ស្កាត់ការរុករករានទន្ទ្រានដីព្រៃរបស់រដ្ឋ ក្នុងស្រុកជីក្រែងជាពិសេស ឃុំ ល្វែងឫស្សី តែម្ដងព្រោះបច្ចុប្បន្ន ឃុំនេះមានការអភិវឌ្ឍយ៉ាងខ្លាំងខាងទន្ទ្រានដីរដ្ឋយកមកធ្វើកម្មសិទ្ធិឯកជន ក្រោមការគ្រប់គ្រងដែលមានលោកយុនប្រុសជាមេឃុំ និងលោក វង្ស សាំងសំរិត ជានាយសង្កាត់រដ្ឋបាលព្រៃឈើ ពួកគាត់បន្តថាសូម អញ្ជើញ លោកទាំងពីរ ទៅពិនិត្យដោយផ្ទាល់ដីចំណុចអូរសោម និងព្រៃគគីរ។ តើមានជនខិលខូច កំពុងទន្ទ្រាន យកមែនឬ ក៏សុទ្ធសឹងតែ ជាដីចាស់ដែល ប្រជាពលរដ្ឋធ្លាប់អាស្រ័យផលជាច្រើនឆ្នាំ? ហើយថែមទាំង ថា បាន ធ្វើជា មេ ឃុំ កុំធ្វើដូចស្ដេចកណ្ដៀរ សម្ងំនៅតែបាតដំបូក ហើយក៏ កុំធ្វើជា មេព្រៃ ដូចអា ជ័យ ចាំចំការ។ ប្រជាពលរដ្ឋ បាន ប្រមានថា ដីក្នុងឃុំ ល្វែងឫស្សី បើគ្មានការ យកចិត្តទុកដាក់ ក្នុងការ បង្ក្រាបនិងទប់ស្កាត់នោះទេធនធានធម្មជាតិដីគម្របព្រៃឈើ ទុកសម្រាប់ឲ្យ សត្វព្រៃ ជ្រកកោនដែលជាសម្បត្តិរដ្ឋនឹងក្លាយជាកម្មសិទ្ធិឯកជនឆាប់ៗនេះជឿជាក់ជាមិនខាន៕