កំពង់ចាម: ក្រោមការចាត់តាំងរបស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ប្រមាណ២៧០នាក់ បានចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ប្រមាណ៤៥៦៨នាក់ នៅវិទ្យាល័យកោះសូទិន ស្ថិតក្នុងឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
ឯកឧត្តមឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកោះសូទិន បានថ្លែងថា ក្រុមគ្រូពេទ្យនៃសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ជិត៣០០នាក់ ដែលសុទ្ធសឹងតែជាវេជ្ជបណ្ឌិតជំនាញ ភាគច្រើនបានបញ្ចប់ការសិក្សានៅក្រៅប្រទេស និងមានបទពិសោធន៍ជាច្រើនឆ្នាំ នៅតាមមន្ទីរពេទ្យធំៗនារាជធានីភ្នំពេញ បានចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នាពេលនេះ គឺជាស្មារតីមនុស្សធម៌ ស្តែងចេញពី សេចក្តីស្រឡាញ់ ដោយមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ ដែលជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការគិតគូរ និងយកចិត្តទុកដាក់ពីសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ ។
ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ការចុះពិនិត្យ និងព្យាបាលជំងឺ នាពេលនេះ គឺ ដើម្បីលើកម្ពស់កម្រិតសុខភាព ជូនបងប្អូនប្រពលរដ្ឋ ដែលជាផ្នែកមួយបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ពីព្រោះថា បើយើងមានជំងឺឈឺស្កាត់ យើងត្រូវទៅកាន់ពេទ្យឯកជន និងត្រូវការចំណាយបង់ប្រាក់ផ្ទាល់ខ្លួន ប៉ុន្តែកម្មវិធីនាថ្ងៃនេះ គឺពុំមានការបង់ថ្លៃសេវាព្យាបាលឡើយ ។ឯកឧត្តម បានលើកឡើងដែរថា ស្របពេលប្រទេសជាតិយើងមានសុខសន្តិភាព និងការអភិវឌ្ឍរីកចំរើន បច្ចុប្បន្ន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគិតគូ និងលើកកម្ពស់កម្រិតជីវភាព របស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ។ យ៉ាងណាមិញ ទន្ទឹមនឹងការ កសាងសមិទ្ធផល នៃផ្នែកហេដ្ឋារចនាសម្ព័ន្ធ រាជរដ្ឋាភិបាលកម្ពុជា ក៏បានយកចិត្តទុកដាក់ខ្ពស់ ផងដែរ អំពីសុខភាព របស់បងប្អូនប្រជាពលរដ្ឋទូទៅ ពីព្រោះថា ដើម្បី ជីវិតរស់នៅបានយឺនយូរ ចាំបាច់ណាស់ មនុស្សម្នាក់ៗ ត្រូវតែមានសុខភាពទាំងផ្លូវកាយ និងសុខភាពទាំងផ្លូវចិត្ត ។
ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក បានបញ្ជាក់ថា សេវាដែលផ្តល់ជូនប្រជាពលរដ្ឋក្នុងឱកាសនេះ រួមមាន រួមមានជំងឺទូទៅ ជំងឺកុមារ ជំងឺមនុស្សចាស់ ជំងឺសសៃរឈាម និងបេះដូង ជំងឺសន្លាក់ និងវះកាត់តូច ជំងឺភ្នែក ជំងឺច្រមុះ ត្រចៀក បំពង់ក ជំងឺមាត់ធ្មេញ ជំងឺសើរស្បែក និងកាមរោគ ជំងឺផ្លូវចិត្ត ជំងឺតម្រងនោម រោគស្រ្តី និងពិនិត្យផ្ទៃពោះ អេកូសាស្រ្ត មន្ទីរពិសោធន៍ចល័ត និងអប់រំសុខភាពសាធារណ:ដល់បងប្អូនប្រជាពលរដ្ឋផងដែរ ៕