ភ្នំពេញ៖ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានបង្ហាញនៅឆន្ទៈជាវិជ្ជមាន ក្នុងការពិនិត្យលទ្ធភាពជួយសម្រាលបន្ទុកហិរញ្ញវត្ថុ សម្រាប់បងប្អូនប្រជាពលករដែលត្រលប់មកពីថៃវិញ។ ដែលនេះបានឆ្លើយតបទៅនឹងការអំពាវនាវរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់នៅលើបណ្តាញសង្គម នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះថា រាល់សកម្មភាពរបស់សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបង្ហាញអំពីឆន្ទៈក្នុងការចូលរួមក្នុងស្មារតីសាមគ្គីឯកភាពជាតិ និងការជួយគ្នាទៅវិញទៅមក ពេលប្រទេសជាតិនិងប្រជាពលរដ្ឋខ្មែរប្រឈមនឹងបញ្ហា។
សូមរំលឹកថា សម្តេចធិបតី នាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុ សម្រាប់បងប្អូនប្រជាពលករដែលត្រលប់មកពីថៃវិញ ចំពោះអ្នកដែលមានជាប់ជំពាក់បំណុលជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅតាមលទ្ធភាព ឬក្នុងមួយរយៈពេលកំណត់ណាមួយ ដែលអាចធ្វើទៅបាន៕