ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនអតីតយុទ្ធជន ,​ពលករចំណាកស្រុកវិលត្រឡប់មកពីប្រទេសថៃ និងប្រជាពលរដ្ឋភៀសសឹក

0

ខេត្តកំពង់ធំ ៖នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បាទដឹកនាំសហការី នាំយកអំណោយមនុស្សធម៌ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  អនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា  និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាត ,ពលករចំណាកស្រុកវិលត្រឡប់មកពីប្រទេសថៃ និងប្រជាពលរដ្ឋភៀសសឹកដោយសារសង្គ្រាមឈ្លានពាន ចំនួន ២៥គ្រួសារ ដែលកំពុង រស់នៅលើដីសម្បទានសង្គមកិច្ចសម្រាប់អតីតយុទ្ធជន អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​សម្ដេច​តេជោ​ ធិបតី​ ស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត  ដែលសម្តេច​ និង​លោកជំទាវតែងតែមានការព្រួយបារម្ភពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនយើងដែលធ្លាប់មានគុណបំណាច់ចំពោះជាតិមាតុភូមិហើយជាមួយនោះដែរសម្ដេចក៏បានសុំផ្ដាំផ្ញើសាកសួរសុខទុក្ខចំពោះពលករចំណាកស្រុកវិលត្រឡប់មកពីប្រទេសថៃ និងប្រជាពលរដ្ឋដែលបានភៀសសឹកដោយសារសង្គ្រាមឈ្លានពានមកពីតំបន់សមរភូមិប្រយុទ្ធនៅតាមព្រំដែនកម្ពុជា-ថៃ  និងបានសូមជូនពរដល់បងប្អូន និងពូមីងទាំងអស់ សូមទទួលបាននូវសុខភាពល្អ អាយុយឺនយូរ និងទទួលបាននូវពុទ្ធពរទាំង ៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានផ្សព្វផ្សាយសភាពការណ៍ទូទៅស្ដីពីសង្គ្រាមឃ្លានពានដ៍ឃោឃៅព្រៃផ្សៃ ពីសំណាក់ពួកចោរសៀម មកលើដែនអធិបតេយ្យភាព​ និងបូរណភាពទឹកដីកម្ពុជា រយៈពេល ៥យប់ ៥ថ្ងៃ នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារនិងខេត្តឧត្តរមានជ័យ ព្រមទាំងស្ថានការណ៍ក្រោយមានបទឈប់បាញ់ ដែលបានសម្របសម្រួលដោយឯក​ឧត្តម ដូណាល់ ត្រាំ​ ប្រធានាធិបតីសហរដ្ឋអាមេរិក ,តំណាងភាគីចិន និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្ដូរវេន។ តែភាគីថៃនៅតែរំលោភបំពានជាបន្តបន្ទាប់ ដោយបានចល័តកងទ័ព រាយលួសបន្លា​ ដាក់កង់ឡាន រំលោភព័ទ្ធយកផ្ទះប្រជាពលរដ្ឋ ទន្ទ្រានយកទឹកដីកម្ពុជា ដោយគ្មានការកោតក្រែងអំពីច្បាប់អន្តរជាតិ  ដែល​កម្ពុជា​បាន​អត់​ធ្មត់​ និង​គោរពយ៉ាងមុឺងម៉ាត់នូវកិច្ចព្រមព្រាងទាំង១៣​ ចំណុច​ ដែល​ភាគី​ទាំង​ពីរ​បាន​ចុះហត្ថលេខា​ក្នុង​កិច្ច​ប្រជុំ​ GBC​ នៅ​បរទេស​ម៉ាឡេស៊ី​នៅថ្ងៃទី​០៧​ ខែ​សីហា​ ឆ្នាំ​២០២៥​ កន្លងទៅ​ ​។
ជាមួយនេះដែរ ឧត្តមសេនីយ៍ទោម សោម ស៊ុន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវ​តែ​ចងចាំ​ជានិច្ច​មិន​អាច​បំភ្លេច​បាន​ឡើយ​ នូវ​ភាពឈឺចាប់អំពីការ​ឈ្លាន​ពានដយោងឃ្នងនេះ​ ​ហើយ​ត្រូវតែជឿជាក់លើការដឹកនាំប្រកបដោយភាពឈ្លាសវៃ ម៉ឺងម៉ាត់ អត់ធ្មត់ខ្ពស់បំផុត​ របស់​សម្តេច​តេជោ​ ធិបតី​ ដើម្បីជោគជ័យ​ និង​សន្តិភាព​យូរ​អង្វែង​សម្រាប់ប្រជាជនកម្ពុជាយេីងទាំងមូល ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូនស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ដែលជាអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនក្រុមគ្រួសារតីតយុទ្ធជន ពលករចំណាកស្រុកវិលត្រឡប់មកពីប្រទេសថៃ និងប្រជាពលរដ្ឋភៀសសឹក ចំនួន ២៥គ្រួសារ  ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន ២៥គីឡូក្រាម មីជាតិចំនួនមួយកេស ត្រីខកំប៉ុងចំនួនមួយយួរ និងទឹកត្រីទឹកស៊ីអ៉ីវចំនួន ២យូរផងដែរ។