ពេលប្រទេសជាតិជួបវិបត្តិ ប្រជាពលរដ្ឋគ្រប់រូបត្រូវតែចេញទៅជួយ ទោះក្នុងតម្លៃណាក៏ដោយ

0

សៀមរាប: ព្រះសង្ឃខេត្តសៀមរាប បន្តនាំយកស្បៀងអាហារ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ផ្ដល់ជូនវីរកងទ័ពកំពុងឈរជើងតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។ជាក់ស្តែងកាលពីរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ស្បៀងអាហារនិងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ជាការឧបត្ថម្ភពីសប្បុរសជនខ្មែរនៅសហរដ្ឋអាមេរិក ផ្តួចផ្តើមដោយព្រះមង្គលមុនី គង់ ហែមរង្សី ព្រះចៅអធិការវត្តខេមរារាម សហរដ្ឋអាមេរិក និងសប្បុរសជននៅក្នុងប្រទេសកម្ពុជា រួមមាន ចង្ក្រានហ្កាស ធុងហ្កាស វិទ្យុទាក់ទង Power Bank កៅស៊ូភ្លៀង និងស្បៀងអាហារជាច្រើនទៀត យកទៅប្រគល់ជូនដល់បងប្អូនវីរកងទ័ព ដែលកំពុងឈរជើងការពារបូរណភាពទឹកដី តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ នៅតំបន់បុស្បស្បូវ ជាំតែ អានសេះ និងតំបន់មុំបី ដែលពិធីនេះបានធ្វើឡើងនៅវត្តទួលអណ្តែត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ព្រះសច្ចានុបាល នឿម វុទ្ធី ជាព្រះចៅអធិការវត្តស្វាយរមៀត ក្រុងសៀមរាប មានថេរដីកាថា ពេលប្រទេសជាតិមានកលាយុទាំងប្រជាពលរដ្ឋ និងព្រះសង្ឃត្រូវតែចេញទៅជួយ ទោះក្នុងតំម្លៃណាក៏ដោយ បើពុំដូចឆ្នេះទេប្រទេសជាតិយើងមិនអាចរឹងមាំបានទេ។ ជាស្តែងដូចបច្ចុប្បន្ននេះ ប្រទេសកម្ពុជាកំពុងតែមានវិបត្តិនៅតាមព្រំដែនដោយសារការឈ្លានពានរបស់ប្រទេសថៃ យើងឃើញថា ទាំងប្រជាពលរដ្ឋ និងព្រះសង្ឃបានចេញមកចូលរួមចំណែកជាមួយរដ្ឋាភិបាល ជួយដល់កងទ័ពយ៉ាងស្រាក់ស្រាំ ដើម្បីរួមគ្នាជាមួយកម្លាំងប្រដាប់អាវុធការពារទឹកដីរបស់យើង នេះជាអ្វីដែលយើងអាចធ្វើបាន ហើយក៏មានគ្មានអ្នកណាអាចមកបំពាន់យើងបានទៀតទេ បើសិនយើងនៅតែប្រកាន់ការរួបរួមគ្នា សាមគ្គីគ្នា។ ហើយទឹកដីជារបស់យើង អ្នកដែលរស់នៅលើទឹកដីនេះ ត្រូវតែមានការព្វកិច្ចការពារទឹកដីនេះ។ សូម្បីតែព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរ នៅសហរដ្ឋអាមេរិក ទោះនៅឆ្ងាយក៏ពិតមែន ប៉ុន្តែនៅតែចូលរួមក្នុងការពារទឹកដីខ្មែរយើងដែរផងដែរ។
ព្រះបវរវិជ្ជា ទេព ភឿន ព្រះវិន័យធរគណខេត្តសៀមរាប មានថេរដីកាថា ការផ្ដល់ជូននៅពេលនេះ មិនមែនដោយសាររាជរដ្ឋាភិបាលខ្វះខាតនោះទេ តែជាការចូលរួមជួយឧបត្ថម្ភបន្ថែមក្នុងស្មារតីខ្មែររួបរួមសាមគ្គីគ្នា លើកទឹកចិត្តដល់បងប្អូនកងទ័ព ដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែនការពារបូរណភាពទឹកដីពីការឈ្លានពានពីប្រទេសថៃ៕