រាជធានីភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ តវ៉ាជាផ្លូវការប្រឆាំងនឹងការបន្ដទន្ទ្រានដោយកងទ័ពថៃ ចូលក្នុងតំបន់ព្រំដែនរវាងកម្ពុជា-ថៃ ជាពិសេសតំបន់ដែលប្រជាពលរដ្ឋកម្ពុជាកំពុងរស់នៅ។
ក្រសួងការបរទេសកម្ពុជាលើកឡើងពីក្ដីកង្វល់យ៉ាងខ្លាំង ចំពោះការបន្ដដាក់លួសបន្លាបន្ថែមទៀត ក្នុងមូលដ្ឋានភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យ។
ក្រសួងការបរទេសកម្ពុជា បានចាត់ទុកសកម្មភាពបន្ដទន្ទ្រានកាន់កាប់ជាឯកតោភាគី ដោយកម្លាំងយោធាថៃ តាមវិធីដាក់លួសបន្លានេះ កំពុងធ្វើឱ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែង និងការប្ដេជ្ញាចិត្ដរបស់រដ្ឋាភិបាលទាំងពីរ ក្នុងការអនុវត្ដកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានឯកភាពគ្នា៕






































