ខេត្តកំពង់ធំ៖ ខណ្ឌរដ្ឋបាលជលផលខេត្ត នៃមន្ទីរកសិកម្ម រុនក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ សហការជាមួយរដ្ឋបាលខេត្ត បានរៀបចំប្រារព្ធពិធីលែងកូនបង្កងប្រមាណ៧ម៉ឺន មេពូជ៦គីឡូក្រាម ដើម្បីអបអរសាទរទិវាមច្ឆជាតិ ១កក្កដា
ឆ្នាំ២០២៥។ ពិធីនេះប្រព្រឹត្តទៅនៅបរិវេណស្ទឹងព្រៃប្រស់ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោកជំទាវ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អភិបាលរងខេត្ត ដោយមានការចូលរួមពី ប្រធានមន្ទីរជុំវិញខេត្ត មន្ត្រីខណ្ឌរដ្ឋបាលជលផល មន្ត្រីរដ្ឋបាលស្រុក ការិយាល័យ អង្គភាពជុំវិញស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ ប្រជាពលរដ្ឋ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស សរុបប្រមាណជា៣០០នាក់។
ឆ្លៀតក្នុងឱកាសនេះលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានលើកឡើងថាពិធីលែងកូនបង្កងនៅថ្ងៃនេះគឺត្រូវលែងចូលក្នុងស្ទឹងព្រៃប្រស់សម្រាប់បង្កើនផលបង្កងនៅទីនេះឱ្យសំបូរឡើងវិញ ដើម្បីទុកជាប្រយោជន៍ជូនបងប្អូននៅទីនេះប្រើប្រាស់។ រក្សាទុកនូវបង្កងមេពូជ សម្រាប់បន្តពូជ និងទាក់ទាញភ្ញៀវទេសចរណ៍។ ជលផលគឺជាអនុវិស័យធំទី២ បន្ទាប់ពីអនុវិស័យដំណាំ ជាម្ហូបអាហារចាំបាច់ដែលយើងមិនអាចខ្វះបាន។ ជាមួយនេះដែរលោកប្រធានមន្ទីរបានអំពាវនាវឱ្យប្រជាពលរដ្ឋ អាជ្ញាធរដែនដីចូលរួមថែរក្សាការពារធនធានជលផល ទប់ស្កាត់បទល្មើសផ្សេងៗដែលច្បាប់ហាមឃាត់ ដូចជា ឆក់ត្រី ស្បៃមុង ដូចពាកថា (ធនធានជលផលជារបស់យើងទាំងអស់គ្នា , យើងចិញ្ចឹមបង្កង បង្កងចិញ្ចឹមយើង)។
ថ្លែងក្នុងកម្មវិធីនេះលោក នួន ផារ័ត្ន បានមានប្រសាសន៍ថាពិធីលេងកូនបង្កងនេះ គឺអនុវត្តតាមលំអានដែលនៅក្នុងទិវាមជ្ឆជាតិ ជាគោលការណ៍អាទិភាពដែលរាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់ ទិវាមច្ឆជាតិនេះគឺជាទិវាដែលដាស់ស្មារតី ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ចងចាំអំពីមច្ឆានេះតែម្ដង។ បង្កង និងត្រីជាម្ហូបអាហារ ជាបញ្ហាសំខាន់សម្រាប់ជាស្បៀងមួយរបស់មនុស្សជាតិមិនថាជាតិណានោះទេគឺត្រូវការបង្កង និងត្រីសម្រាប់ធ្វើជាស្បៀង បានន័យថាស្បៀងមិនសំដៅលើស្រូវតែមួយមុខនោះទេ គឺសំដៅលើចំណីអាហារដែលយើងអាចទទួលទានបាន រួមទាំងបន្លែបង្ការផងដែរ ។ ពិសេសនៅក្នុងយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺគោលការណ៍ អភិរក្ស និងអភិវឌ្ឍបង្កង និងត្រី។
លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ធ្វើការផ្តាំផ្ញើ ដើម្បីអភិរក្សធនធានធម្មជាតិមច្ឆាជាតិ យើងត្រូវហូបបង្កង និងត្រី កុំឱ្យផុតពូជ ត្រូវការពារមេបង្កង មេត្រី យើងមានតំបន់អភិរក្សត្រីនៅតាមទន្លេ ស្ទឹង បឹង អូរ សូមកុំប៉ះពាល់វា ទុកសម្រាប់ធ្វើមេពូជ បន្តទៀត និងសូមចូលរួម កុំប្រើប្រាស់ឧបករណ៍ ណាដែលហាមឃាត់ បំផ្លាញមច្ឆាជាតិ និងរដូវត្រីពងកូន ជាពិសេសសូមកុំបំផ្លាញព្រៃលិចទឹក ព្រោះវាជាជម្រកនៃបង្កង និងត្រីពងកូន ត្រូវគោរពតាមច្បាប់ជលផលដែលបានចែង៕




































