សៀមរាប៖ នារសៀលថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៥ នៅទីស្នាក់ការសាខា ឯកឧត្តម គុជ លីណា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប អញ្ជើញជាអធិបតីទទួលអំណោយសប្បុរជនពី អង្គការ
មូលនិធិឌ្រីមមីកម្ពុជា សម្រាប់ចែកជូនក្រុមគ្រួសារភៀសសឹក ដែលកំពុងបន្តស្នាក់នៅទីតាំងសុវត្ថិភាពក្នុងភូមិសាស្ត្រខេត្តសៀមរាប។ ជំនួយសប្បុរសធម៌រួមមាន អាហារបំប៉នសុខភាព ថ្នាំប៉ូវកម្លាំង សម្ភារថែទាំខ្លួន សម្ភារប្រើប្រាស់ប្រចាំថ្ងៃ ចំណីអាហារ និងសម្ភារផ្សេងៗទៀត។
ក្នុងឱកាសនោះ ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍តំណាងឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការមូលនិធិឌ្រីមមីកម្ពុជា ដែលបានផ្ដល់អំណោយមនុស្សធម៌សម្រាប់ជនភៀសសឹក។ ទន្ទឹមនេះដែរ ឯកឧត្តមបានជម្រាបម្ចាស់អំណោយថា សាខានឹងចាត់ចែងអំណោយនេះដល់ដៃគ្រួសារភៀសសឹកនៅតាមទីតាំងសុវត្ថិភាពក្នុងពេលឆាប់ៗខាងមុខនេះ៕




































