ស្ពានមិត្តភាពកម្ពុជា-ចិនមេគង្គក្រចេះ នឹងបើកឲ្យដំណើរការឆ្លងបណ្តោះអាសន្នរយៈពេល ៣ថ្ងៃ សម្រាប់បេក្ខភាពប្រឡងមធ្យមសិក្សាទុតិយភូមិ

0

ខេត្តក្រចេះ៖ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នារសៀលថ្ងៃទី២៧សីហា២០២៥នេះ បានបើកឲ្យលោកគ្រូ អ្នកគ្រូ មាតាបិតា និងសិស្សានុសិស្ស ដែលជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ន ក្នុងរយៈពេល ៣ថ្ងៃ (២៧-២៨-២៩សីហា២០២៥) ដើម្បីផ្តល់ភាពងាយស្រួល និងសុវត្ថិភាព ​ដល់បេក្ខជនប្រឡង។

យោងសេចក្តីជូនដំណឹងរបស់ ក្រសួង​សាធារណការ និងដឹកជញ្ជូន​ កាលបរិច្ឆេទកំណត់សម្រាប់ការបើក​ឲ្យ​ឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ គឺ នៅថ្ងៃទី​២៧សីហា២០២៥ បើកនៅម៉ោង ១:០០នាទី ដល់ម៉ោង ៥:០០នាទីល្ងាច ,ថ្ងៃទី២៨សីហា២០២៥ បើកនៅម៉ោង៥:៣០នាទី ដល់ម៉ោង ៨:០០នាទីព្រឹក និងបើកពីម៉ោង ៥:០០នាទី ដល់ម៉ោង ៦:៣០នាទីល្ងាច ,ថ្ងៃទី២៩សីហា២០២៥ ចាប់បើកពីម៉ោង ៥:៣០នាទី ដល់ម៉ោង ៨:០០នាទីព្រឹក និងបើកនៅម៉ោង ៤:៣០នាទី រហូតដល់ម៉ោង ៥:៣០នាទីល្ងាច។

ការជូនដំណឹងរបស់ក្រសួង បានឲ្យដឹងទៀតថា ការបើកចរាចរណ៍ពិសេសសម្រាប់សិស្សានុសិស្ស ដែលជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នេះ គឺ​ អនុញ្ញាតបាន​សម្រាប់តែយានយន្ត​ធុនស្រាល រួមមាន៖ ម៉ូតូ កង់ និងការធ្វើដំណើរដោយថ្មើជើងប៉ុណ្ណោះ​។

ស្របពេលជាមួយគ្នានោះផងដែរ មន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ​លោក លឹម ស៊ីដេនីន បានថ្លែងប្រាប់អ្នកសារព័ត៌មាន​​ថា អំឡុង​​ថ្ងៃកាន់បិណ្ឌទី ១ ត្រូវ​នឹង​ថ្ងៃទី ៨កញ្ញា២០២៥ នៃពិធីបុណ្យភ្ជុំបិណ្ឌ រហូតដល់ថ្ងៃទី ២៥កញ្ញា២០២៥ ស្ពានឆ្លងកាត់ទន្លេមេគង្គក្រចេះ នឹងបើកឱ្យពលរដ្ឋ​ធ្វើ​ដំណើរការឆ្លងកាត់ជាបណ្តោះអាសន្ន។

ការថ្លែងបែបនេះ ក្នុងឱកាសលោករដ្ឋមន្ត្រី បានដឹកនាំប្រតិភូចុះពិនិត្យវឌ្ឍនភាព នៃការ​សាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ កាលពី​រសៀលថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ។

លោករដ្ឋមន្ត្រីបន្តថា ការ​ដាក់​ឲ្យដំណើរការ​ស្ពាន​ឆ្លង​ទន្លេ​មេគង្គ​ក្រចេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ នៅក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ការធ្វើដំណើររបស់សិស្សានុសិស្សទៅសាលារៀន និងការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅកាន់មន្ទីរពេទ្យ ជាពិសេសនៅគ្រាអាសន្ន ឬ ពេលយប់ព្រលប់ ដោយពុំចាំបាច់ចំណាយពេលវេលា និងប្រាក់កាសក្នុងការឆ្លងសាឡាង និងមាន​សុវត្ថិភាពខ្ពស់។

លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្ថែមទៀតថា តាមរយៈ​ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ និងផ្លូវតភ្ជាប់នឹងចូលរួមបម្រើដល់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនផ្ទៃក្នុងរបស់​ប្រទេស​កម្ពុជា ឱ្យកាន់តែមានភាពប្រទាក់ក្រឡា ជាពិសេសជំរុញកំណើនដឹកជញ្ជូនក្នុងវិស័យកសិកម្ម កសិឧស្សាហកម្ម និងទេសចរណ៍ នៅតាមបណ្តាខេត្តស្ថិតក្នុងភូមិ​ភាគ​ឦសាន នៃប្រទេសកម្ពុជា៕ដោយ៖ឡុង សំបូរ