មេភូមិភាគ៤កម្ពុជា និងមេភូមិភាគ២ថៃ ឯកភាពខិតខំដោះស្រាយបញ្ហាដោយសន្តិវិធី និងបញ្ចៀសការប៉ះទង្គិចគ្នា ពេលជួបប្រជុំជាមួយគ្នា នៅច្រកទ្វារព្រំដែនអន្ដរជាតិជាំ ក្នុងខេត្តឧត្តរមានជ័យ

0

ខេត្តឧត្តរមានជ័យ៖ មេបញ្ជាការយោធភូមិភាគទី៤កម្ពុជា និងមេភូមិភាគ២ថៃ បានឯកភាពរួមគ្នា ក្នុងការខិតខំដោះស្រាយបញ្ហាដោយសន្តិវិធី និងបញ្ចៀសការប៉ះទង្គិចគ្នា ដែលការឯកភាពគ្នានេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការ ព្រំដែនថ្នាក់យោធភូមិភាគ (RBC) នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ នៅច្រកទ្វារព្រំដែនអន្ដរជាតិជាំ នៃខេត្តឧត្តរមានជ័យ កម្ពុជា។

មេបញ្ជាការយោធភូមិភាគទី៤កម្ពុជា ឧត្តមសេនីយ៍ឯក ពៅ ហេង  និង មេបញ្ជាការកងទ័ពភូមិភាគទី២ថៃ ឧត្តមសេនីយ៍ ប៊ុនស៊ីន ផាតក្លាង បានឯកភាពគ្នាក្នុងការរក្សាទំនាក់ទំនងជាប្រចាំរវាងបណ្តាយោធភូមិភាគ និងតំបន់យោធា ព្រមទាំងបណ្តាអង្គភាព នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ និងខិតខំដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងបញ្ចៀសការប៉ះទង្គិចគ្នា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិកម្ពុជា។

មេភូមិភាគ៤កម្ពុជា និងមេភូមិភាគ ២ថៃ បានបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងបន្ថែមទៀតនៅគ្រប់កម្រិត ដើម្បីកសាងជំនឿទុកចិត្ត និងលើកកម្ពស់ភាពជាអ្នកជិតខាងល្អ។ តាមរយៈការប្រាស្រ័យទាក់ទងគ្នានេះ ភាគីទាំងពីរ បានសង្កត់ធ្ងន់ពីការវិវត្តជាវិជ្ជមាន និងវឌ្ឍនភាពដែលសម្រេចបានកន្លងមក សំដៅជំរុញកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ៕ដោយ៖ឡុង សំបូរ