(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ លោក ហឿន យ៉ិនធីរ អនុប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ធំ និងជាអនុប្រធានអចិន្ត្រៃយ៍
មូលនិធិសង្គហទានសង្គម នៃមន្ទីរធម្មការនិងសាសនាខេត្ត ព្រះភិក្ខុ ហែម គឹមហៀ ព្រះចៅអធិការវត្តក្រចាប់ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ អាជ្ញាធរមូលដ្ឋាន អញ្ជេីញជាអធិបតីក្នុងពិធីអប់រំសីលធម៍ ចរិយាធម៍ នៅសាលាអនុវិទ្យាល័យដំរីជាន់ខ្លា ស្ថិតនៅភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលមានសិស្សានុសិស្សចូលរួមសរុប ១៧៣នាក់ ស្រី៩០នាក់ ។
លោក ហឿន យ៉ិនធីរ អនុប្រធានមន្ទីរធម្មការនិងសាសនាខេត្តកំពង់ធំ គូសបញ្ជាក់ទៅកាន់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ថាកម្មវិធីផ្សព្វផ្សាយនេះធ្វើឡើងដើម្បីឱ្យសិស្សានុសិស្សមានឱកាសទទួលចំណេះដឹង និងប្រតិបត្តិតាមមាគ៌ាព្រះពុទ្ធសាសនា។ សិស្សានុសិស្សមានរបៀបរៀបរយ និងសណ្តាប់ធ្នាប់ល្អតាមក្រមសីលធម៌ សិស្សានុសិស្ស ក្លាយខ្លួនជាកូនល្អរបស់ឪពុកម្តាយជាសិស្សល្អរបស់លោកគ្រូអ្នកគ្រូ ជាសមាជិកល្អរបស់សង្គម និងជាពុទ្ធសាសនិកល្អរបស់ព្រះពុទ្ធសាសនា។ ការយល់ដឹងអំពីបុណ្យបាប គុណទោស ជាពិសេសដើម្បីអប់រំពង្រឹងគុណធម៌ សុជីវធម៌ និងចរិយាធម៌ក្នុងសង្គមឱ្យចៀសផុតពីការប្រើប្រាស់គ្រឿងញៀន ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ អំពើអនាចារ និងគ្រោះថ្នាក់ចរាចរណ៍ ហ្វឹកហាត់កាយវាចាចិត្តល្អ ក្នុងការរស់នៅប្រចាំថ្ងៃ។
ព្រះភិក្ខុ ហែម គឹមហៀ មានសង្ឃដីកាថា ព្រះពុទ្ធសាសនាពិតជាបានរួមចំណែកច្រើនណាស់ជួយដល់សង្គមជាតិ ឬមនុស្សជាតិទាំងមូល ដោយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំចិត្ត ឬអប់រំសីលធម៌ គុណធម៌ សុជីវធម៌ និងចរិយាធម៌ក្នុងសង្គមខ្មែរ។ ជាក់ស្ដែងនៅក្នុងសង្គមបច្ចុប្បន្ននេះមានមនុស្សមួយចំនួន ពេលខ្លះព្រោះតែភាពលោភលន់ ព្រោះតែការគិតតែប្រយោជន៍ផ្ទាល់ខ្លួនធ្វើឱ្យលែងស្គាល់បុណ្យ បាប គុណទោស ខ្លះទៀតលែងស្គាល់បងប្អូន ឬឪពុកម្តាយជាដើម។ ព្រះពុទ្ធសាសនាតែងតែដើរតួរជួយពង្រឹង ជួយណែនាំ ជួយអប់រំដល់មនុស្សទាំងនោះឱ្យមានសេចក្តីភ្ញាក់រលឹកឡើងវិញ ចេះស្គាល់គុណទោស បុណ្យបាប ចេះឱ្យតម្លៃមនុស្សចេះគិតផលប្រយោជន៍រួមជាធំ និងចេះធ្វើអំពើល្អផ្សេងៗជាដើម។
ទន្ទឹមនឹងនេះព្រះភិក្ខុ ហែម គឹមហៀ ព្រះចៅអធិការវត្តក្រចាប់ មានសង្ឃដីកាដោយមានក្តីសង្ឃឹមយ៉ាងមុតមាំថា កម្មវិធីអប់រំសីលធម៌តាមបែបព្រះពុទ្ធសាសនា ដែលបានប្រារព្ធឡើងនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការដាស់តឿនស្មារតីប្អូនសិស្សានុសិស្ស ក្រើនរំលឹកដល់ប្អូនៗសិស្សានុសិស្សទាំងអស់ត្រូវចងចាំពុទ្ធឱវាទ ឬខ្លឹមសារអប់រំដ៏មានសារសំខាន់នាថ្ងៃនេះ ដើម្បីប្រើជាពន្លឺដាស់តឿនខ្លួនឯង ក៏ដូចជាមិត្តភក្តិនៅជុំវិញខ្លួនឱ្យក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អទាំងនៅក្នុងសាលារៀន និងក្នុងសង្គម និងសូមសិស្សានុសិស្សទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ៗគ្នា និងចៀសឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។





































