អភិបាលខេត្តកំពង់ចាម លើកទឹកចិត្តដល់កងកម្លាំងនគរបាល ត្រូវសម្រួចឆន្ទៈឱ្យបានមោះមុត ក្នុង កិច្ចការពារបូរណភាពទឹកដី ដើម្បីបុព្វហេតុជាតិ

0

កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានលើកទឹកចិត្តដល់ កងកម្លាំងនគរបាលខេត្តកំពង់ចាមទាំងអស់ ត្រូវសម្រួចឆន្ទៈឱ្យបានមោះមុត ក្នុងកិច្ចការពារ បូរណភាពទឹកដី ដើម្បីបុព្វហេតុជាតិ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានល្អប្រសើរ ការថ្លែង បែបនេះពិធីជួបសំណេះសំណាលជាមួយកងកម្លាំងនគរបាលជាតិ និងត្រួតពិនិត្យយុទ្ធោបករណ៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំឱ្យបំផុសស្មារតីសាម ក្តីជាតិ រវាងកងកម្លាំង និងប្រជាជន គឺរួមគ្នា ដើម្បីធ្វើឱ្យមានភាពមោះមុត នៅក្នុងការបង្កើននូវស្មារ តី ការពារឱ្យបានបូរណភាពទឹកដីរបស់យើង ដោយមិនឱ្យមានការរំលោភបំពាន ឬឈ្លានពានពី ក្រុមអមិត្តនានា ដែលកំពុងតែមានបំណងមិនល្អ ក្នុងការឈ្លានពានដណ្តើមទឹកដីរបស់យើង បន្ថែម ពីនោះយើងក៏មានតួនាទីមួយទៀត គឺការសម្របសម្រួលក្នុងការធានាឱ្យបានសុវត្ថិភាពជូនពលករ ពលការនី ដែលកំពុងធ្វើការនៅប្រទេសថៃ ហើយត្រូវបង្ខំចិត្តវិលត្រឡប់មកមាតុភូមិកម្ពុជាយើង វិញ ។

ឯកឧត្តមអភិបាលខេត្ត បានសំណូមពរដល់បងប្អូនកងកម្លាំងទាំងអស់ ត្រូវបន្តបង្កើនស្មារតី ឱ្យមាន ភាពនឹងនរ ប្រកបដោយឆន្ទៈមោះមុត ក្នុងការការពារ សន្តិសុខសណ្តាប់ធ្នាប់ ជូនដល់បងប្អូន ប្រជាពលរដ្ឋរបស់យើង នៅក្នុងខេត្តផង ក៏ដូចជាទទួលនូវបេសកកម្ម ក្នុងការការពារបូរណភាព ទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែន ទិសយោធភូមិភាគទី៥ ដែលជាគោលដៅរបស់យើងត្រូវទៅកាន់ បន្ថែមពីនោះ យើងក៏ត្រូវរក្សាទុកកងកម្លាំងមួយចំនួន ដើម្បីទ្រនូវសភាពការណ៍ ការងារសន្តិសុខ ផ្ទៃក្នុងផងដែរ ។

ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បាននាំយក សំលៀកបំពាក់ឈុត បេសកកម្មចំនួន ២,០០០ឈុត និងអាវចំណាំងផ្លាត ចំនួន២០០អាវ ដែល ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ដើម្បីចែកជូនកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមផងដែរ ៕