មន្ត្រីជំនាញរ៉ែ និងថាមពលខេត្តស្ទឹងត្រែង រកឃើញកំហុសពីរយ៉ាងរបស់ក្រុមហ៊ុនឡុង សុភា អនុវត្តផ្ទុយពីបម្រាមរបស់រដ្ឋបាលខេត្ត គ្រោងផាកពិន័យចាប់ពី ៥លានរៀលឡើងទៅ និងបិទអាជីវកម្មបណ្តោះអាសន្ន

0

ខេត្តស្ទឹងត្រែង៖ មន្ត្រីជំនាញ នៃមន្ទីររ៉ែ និងថាមពលខេត្តស្ទឹងត្រែង នឹងផាកពិន័យជាប្រាក់ចាប់ពី ៥លានរៀលឡើងទៅ និងផ្អាកការធ្វើអាជីវកម្មជាបណ្តោះអាសន្ន ថែមទាំង ដាក់ឱសានវាទ ៣ថ្ងៃ ឱ្យចូលខ្លួនមកទទួលខុសត្រូវលើកំណត់ហេតុ និងការផាកពិន័យរបស់ ក្រសួងរ៉ែ និងថាមពល ក្រោយរកឃើញកំហុសពីរយ៉ាង ដែលក្រុមហ៊ុន ឡុង សុភា បានប្រព្រឹត្តផ្ទុយពីលក្ខខណ្ឌច្បាប់អនុញ្ញាតរបស់ រដ្ឋបាលខេត្តស្ទឹងត្រែង ក្រោមហត្ថលេខាសម្រេចរបស់ លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង។

កំហុសពីរយ៉ាងរបស់ក្រុមហ៊ុន ឡុង សុភា សុំច្បាប់ធ្វើខ្សាច់បក តែបែរជាធ្វើរ៉ែរ៉ែងយកមាស ដែលមន្ទីររ៉ែ និងថាមពលខេត្តស្ទឹងត្រែង មានលោកស្រី ញ៉ែម សុម៉ាលី ជាប្រធាន បានរកឃើញនោះ គឺ ១-ខុសអាជ្ញាបណ្ណដែលបានកំណត់ និង២-ការប្រើម៉ាស៊ីនរ៉ែងយករ៉ែ ដែលមិនអនុញ្ញាត។

សូមជម្រាបថា នៅពេលថ្មីៗកន្លងទៅនេះ មានអ្នកសារព័ត៌មានមួយក្រុម បានចុះទៅផ្តិតយករូបភាពជាក់ស្តែង និងបានធ្វើការផ្សព្វផ្សាយ ដោយបានដាក់ការសង្ស័យថា ក្រុមហ៊ុន លោក ឡុង សុភា បានបង្កប់គ្រឿងចក្រ ម៉ាស៊ីន និងឧបករណ៍បូមខ្សាច់ តែបែរជាបូម និងរ៉ែងយករ៉ែមាសផ្ទុយពីច្បាប់អនុញ្ញាតនោះមក ប្រធានមន្ទីររ៉ែ និងថាមពលខេត្តស្ទឹងត្រែង លោកស្រី ញ៉ែម សុម៉ាលី បានចាត់មន្ត្រីជំនាញក្រោមឱវាទ ឱ្យចុះពិនិត្យសកម្មភាព សម្ភារ និងឧបករណ៍នៅក្នុងការដ្ឋានរបស់ក្រុមហ៊ុន ឡុង សុភា ដែលក្នុងអាជ្ញាបណ្ណស្នើសុំធ្វើអាជីវកម្មរ៉ែខ្សាច់បក នៅក្នុងភូមិសាស្ត្រ ភូមិកញ្ចាញទឹក ឃុំស្រែសំបូរ ស្រុកសៀមប៉ាង។

លោកស្រី ញ៉ែម សុម៉ាលី បានថ្លែងប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា ចំពោះលទ្ធផលមន្ទីរពិនិត្យឃើញខុស ២ចំនុច មន្ទីរបានផាកពិន័យចាប់ពី ៥លានរៀលឡើងទៅ មើលតាមទំហំជាក់ស្តែង ដែលអាជីវករធ្វើសកម្មភាព និងត្រូវផ្អាកបណ្តោះអាសន្នលើអាជីវកម្ម រង់ចាំអាជីវករកែសម្រួលសង្វាក់ផលិតកម្ម ឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌអាជ្ញាបណ្ណ និងទុករយៈពេល ៣ថ្ងៃ សម្រាប់អាជីវករមកចុះហត្ថលេខាលើកំណត់ហេតុ។ លោកស្រីបញ្ជាក់ថា ចំពោះគ្រឿងឧបករណ៍នៅក្នុងការដ្ឋាននោះជាម៉ាស៊ីនរ៉ែងខ្សាច់ និងក្រួស មន្ទីរមិនមានសម្ថកិច្ចរឹបអូសវត្ថុតាងទេ លើកលែងតែព្រះរាជអាជ្ញាបញ្ជា យោងច្បាប់រ៉ែ គឺពិន័យជាទឹកប្រាក់។

ក្នុងអាជ្ញាបណ្ណសិប្បកម្មធនធានរ៉ែ (សម្រាប់អាជ្ញាបណ្ណយកខ្សាច់បក) ចេញដោយរដ្ឋបាលខេត្ត លេខ៩០២/២៤ លបជ ចុះហត្ថលេខាដោយលោក សរ សុពុត្រា អភិបាលនៃគណៈបាលខេត្តស្ទឹងត្រែង បានសម្រេចអនុញ្ញាតឱ្យលោក ឡុង សុភា ដែលមានអាស័យដ្ឋាននៅភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ធ្វើអាជីវកម្មយកខ្សាច់បក នៅតំបន់ភូមិកញ្ចាញទឹក ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលមានសុពលភាពចាប់ពីថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥។

ទាក់ទិនករណីខាងលើនេះ មេបញ្ជាការអាវុធហត្ថស្រុកសៀមប៉ាង លោកវរសេនីយ៍ ព្រំ វណ្ណៈ បានបញ្ជាក់ថា ទាក់ទងករណីក្នុងការដ្ឋានធ្វើអាជីវកម្មខ្សាច់បក ដែលបានដាក់ឧបករណ៍ផ្ទុយពីលក្ខខណ្ឌក្នុងអាជ្ញាបណ្ណ លោកពុំបានដឹងនោះឡើយ សូមសួរទៅខេត្តវិញ។

ដោយឡែក លោកឧត្តមសេនីយ៍ត្រី សេង សុភាព មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា លោកនឹងចាត់កម្លាំងចុះទៅពិនិត្យជាក់ស្ដែង ព្រោះប៉ុន្មានថ្ងៃមកនេះ មានការចាំបាច់ត្រូវរៀបចំទទួលទ័ព ទើបពុំទាន់បានចាត់កម្លាំងចុះទៅពិនិត្យ តែទោះយ៉ាងណា លោកនៅតែចាត់កម្លាំងចុះពិនិត្យជាក់ស្ដែងដែរ។

មន្ត្រីនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែង លោក ម៉ែន គុង បានថ្លែងឱ្យដឹងថា ឯកឧត្ដមអភិបាលខេត្ត នឹងធ្វើការបញ្ជាទៅមន្ទីរ និងគ្រប់ផ្នែកពាក់ព័ន្ធ អនុវត្តវិធានការច្បាប់ បើរកឃើញថា មានការអនុវត្តផ្ទុយនឹងគោលការណ៍ជាធរមាន៕ដោយ៖ឡុង សំបូរ