ខេត្តឧត្តរមានជ័យ៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន តំណាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍បែនេះ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ក្នុងពិធីប្រកាសចូលកាន់តំណែងជាផ្លូវការ អភិបាលរង នៃគណៈអភិបាលខេត្តឧត្តរមានជ័យ លោក ម៉េត មាសភក្តី នាយករងរដ្ឋបាលខេត្តឧត្តរមានជ័យ ជំនួសលោក ឃិន ញ៉ាណ អតីតអភិបាលរងខេត្តឧត្តរមានជ័យ ដែលដល់អាណត្តិ និងត្រូវផ្ទេរភារកិច្ច ទៅបម្រើការងារនៅ ទីស្តីការក្រសួងមហាផ្ទៃ និងត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងមហាផ្ទៃ។
ពិធីនេះក៏មានការចូលរួមពីលោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ ព្រមទាំងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរក្រុង ស្រុក និងមន្ត្រីរាជការពាក់ព័ន្ធជាច្រើនរូបទៀត ផងដែរ ។
លោក ម៉េត មាសភក្ដី ដែលទើបចូលកាន់តំណែងជា អភិបាលរងថ្មីខេត្តឧត្ដរមានជ័យ បានប្តេជ្ញាថា នឹងខិតខំប្រឹងប្រែងបំពេញការងារឲ្យបានល្អ គោរពតាមតួនាទី ភារកិច្ច ដើម្បីបម្រើផលប្រយោជន៍ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យបានល្អបំផុត និងបំពេញភារៈកិច្ច របស់ខ្លួនឲ្យបានល្អប្រសើរ គោរព ការពារ ជាដាច់ខាតរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន បានថ្លែង កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តគ្រប់លំដាប់ថ្នាក់ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តឧត្តរមានជ័យ មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ អង្គការសង្គមស៊ីវិល វិស័យឯកជន និងប្រជាពលរដ្ឋ ដែលបានចូលរួមសហការយ៉ាងសកម្ម ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បានយ៉ាងល្អប្រសើរ និងសម្រេចបាននូវសមិទ្ធិផលនានា ពិសេសបានយកចិត្តទុកដាក់ ចំពោះពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ ប្រកបដោយការទទួលខុសត្រូវខ្ពស់។
ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន បានក្រើនរំលឹក អភិបាលរងខេត្តឧត្ដរមានជ័យ ដែលទើបចូលកាន់មុខតំណែងថ្មី ត្រូវគោរព និងអនុវត្តឱ្យបានយ៉ាងម៉ឺងម៉ាត់ តាមឋានានុក្រមដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចក្រសួងមហាផ្ទៃ ដើម្បីសម្រេចឱ្យបានជោគជ័យ នូវគ្រប់កម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណ សំដៅលើកកម្ពស់អភិបាលកិច្ចល្អ រួមចំណែកកាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋ។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបន្តក្រើនរំលឹក អភិបាលរងថ្មីខេត្តឧត្ដរមានជ័យ ត្រូវបង្កើនការពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្នុងជួររដ្ឋបាលខេត្ត រដ្ឋបាលក្រុង-ស្រុក ត្រូវបង្កើនការទំនាក់ទំនងល្អ ជាមួយបណ្តាអង្គភាពពាក់ពន្ធ័ សមាគម និងអង្គការនានា ដើម្បីរួមចំណែកសម្រេចបានជោគជ័យ គ្រប់ផែនការការងារ និងបង្កើតជំនឿចិត្តពីសំណាក់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
ឯកឧត្តមរដ្ឋលេខាធិការ បានអំពាវនាវដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលខេត្តឧត្តរមានជ័យ ឱ្យរួមគ្នាបន្តជំរុញការអនុវត្តន៍ ទប់ស្កាត់ បង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ និងបន្តអនុវត្តលើយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១០ ឱ្យបានកាន់តែសកម្មថែមទៀត តាមរយៈការពង្រឹងប្រតិបត្តិការ កងកម្លាំងមានសមត្ថកិច្ច ក្នុងការត្រួតពិនិត្យទប់ស្កាត់ បង្ក្រាប ការចែកចាយ ការចរាចរណ៍ ការប្រើប្រាស់ខុសច្បាប់គ្រប់ប្រភេទ ឱ្យបានជាប់ជាប្រចាំ ទាំងនៅតាមក្លឹបកំសាន្ត និងទីតាំងផ្សេងទៀតក្នុងខេត្ត ដែលមានការសង្ស័យ និងវិធានការផ្វព្វផ្សាយ ចូលរួមណែនាំ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឱ្យបានប្រសើរជាងនេះ ថែមទៀត៕ដោយ៖ឡុង សំបូរ