អភិបាលខេត្តស្ទឹងត្រែង ព្រមានចាត់វិធានការច្បាប់ ចំពោះជនខិលខូចទាំងឡាយណា ដែលនៅតែបន្តប្រព្រឹត្តបទល្មើសនេសាទ ផ្ទុយពីច្បាប់ហាមឃាត់ !

0

ខេត្តស្ទឹងត្រែង៖ អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានព្រមានចាត់វិធានការច្បាប់ និងបានហាមបញ្ឈប់ជាបន្ទាន់ ចំពោះជនខិលខូចទាំងឡាយណា ដែលបានសមគំនិត ជាមួយអ្នកប្រព្រឹត្តបទល្មើសនេសាទ ផ្ទុយពីច្បាប់ហាមឃាត់ ខណៈដែលជនល្មើសមួយចំនួន ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅតុលាការអនុវត្តច្បាប់រួចមកហើយ ស្របពេលដែលរាជរដ្ឋាភិបាល បាននិងកំពុងផ្តល់សិទ្ធិអាទិភាពលើការផ្គត់ផ្គង់ធនធានជលផលក្នុងប្រទេស ប្រកបដោយចិរភាព និងសំបូរបែបឡើងវិញ។

ការព្រមានចាត់វិធានការច្បាប់ ចំពោះជនខិលខូចដែលនៅតែបន្តសមគំនិត ជាមួយអ្នកប្រព្រឹត្តបទល្មើសនេសាទ លើដែនដីរដ្ឋបាលខេត្ត បានធ្វើឡើងនាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ ក្នុងគ្រាដែលលោកអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីលែងកូនត្រី និងត្រីមេពូជចម្រុះប្រមាណជាង ១០ម៉ឺនក្បាល ដើម្បីអបអរទិវាមច្ឆជាតិ ០១ កក្កដា នៅទំនប់វារីអគ្គិសនីសេសានក្រោម២ ស្ថិតនៅក្នុងភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង។

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង លោក ទុំ នីរ៉ូ បានថ្លែងថា ការប្រារព្ធទិវាមច្ឆជាតិ ០១ កក្កដា ដែលរាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលជលផល បានធ្វើឡើងជារៀងរាល់ឆ្នាំនៅទូទាំងប្រទេស ក្នុងគោលបំណង ដើម្បីបំផុសស្មារតីក្នុងការចូលរួម ថែរក្សា ការពារ នូវធនធានជលផល ដ៏សំបូរបែបនៃយើង។

លោក ទុំ នីរ៉ូ បានលើកឡើងទៀតថា មកដល់បច្ចុប្បន្ននេះ កន្លែងអភិរក្សជលផលនៅក្នុងកន្លែងនេសាទសហគមន៍ និងកន្លែងនេសាទបម្រុងមានចំនួន ៧៨កន្លែង ក្នុងនោះរួមមាន៖ អន្លង់អភិរក្សសត្វផ្សោត ០៣កន្លែង និងអន្លង់អភិរក្សត្រីមេពូជសហគមន៍ ៧៥ កន្លែង។ លោកថា សម្រាប់រតនៈសម្បត្តិមានជីវិត គឺសត្វផ្សោតទឹកសាបនៅខេត្តស្ទឹងត្រែង គិតមកត្រឹមខែកក្កដា ឆ្នាំ២០២៥ គឺមានចំនួនប្រមាណ ២៥-៣០ ក្បាល។ ក្រៅពីនេះ ខេត្តស្ទឹងត្រែង គឺនៅមានធនធានជលផលកម្រៗមួយចំនួនទៀត ដែលនៅមានវត្តមាន ដូចជា ត្រីបបែលយក្សទឹកសាប ត្រីរាជ ត្រីគល់រាំង ត្រីត្រសក់ ត្រីប៉ាស៊ីអ៊ី ត្រីប៉ាវ៉ាមុខពីរ និងត្រីប៉ាសាណាក់ ជាដើម។ល។

លោក ទុំ នីរ៉ូ​ បានបញ្ជាក់ពីការលែងកូនត្រី និងត្រីមេពូជចម្រុះ នាថ្ងៃនេះ គឺមានចំនួនជាង ១០ម៉ឺនក្បាល (កូនត្រីចម្រុះ ១០ម៉ឺនក្បាល និងត្រីមេពូជ ១៣០គីឡូក្រាម) ក្នុងនោះរួមមាន៖ កូនត្រីឆ្អិន ៦ម៉ឺនក្បាល កូនត្រីប្រា ២ ម៉ឺនក្បាល កូនត្រីពោធិ៍ ២ម៉ឺនក្បាល និងត្រីមេពូជ១៣០ គីឡូក្រាម រួមមាន៖ (ត្រីគ្រំ ត្រីក្រាញ់ ត្រីប្រុស ត្រីរៀល ត្រីឆ្អិន និងត្រីប្រា) ដើម្បីបង្កើនផលស្តុកធម្មជាតិ ក្នុងតំបន់ទំនប់វារីអគ្គិសនីសេសានក្រោម២ ឱ្យសម្បូរហូរហៀរឡើងវិញ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងតំបន់នេះ។

តំណាងក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោម២ បានលើឡើងថា នៅក្នុងទិវាមច្ឆជាតិ ថ្ងៃទី០១ កក្កដា ដែលជាថ្ងៃពិសេសមួយ សម្រាប់ការថែរក្សាប្រព័ន្ធអេកូឡូហ្ស៊ី និងមនុស្ស។ ជាមួយគ្នានេះក៏មានចាត់វិធានការជាច្រើន ដើម្បីការពារជីវចម្រុះ និងបានសាងសង់ផ្លូវត្រីតាមធម្មជាតិ ដែលមានកម្ពស់ខ្ពស់បំផុត និងប្រវែងវែងជាងគេនៅលើពិភពលោក ដែលបានផ្តល់ផ្លូវជីវិតសម្រាប់ត្រីធ្វើការបន្លាស់ទី។

លោកបន្តថា ការតាមដានប្រសិទ្ធភាពឆ្លងត្រីជាច្រើនឆ្នាំ បានបង្ហាញឱ្យឃើញថា ផ្លូវត្រីមានប្រសិទ្ធភាពល្អ រហូតមកដល់ឆ្នាំ២០២៥នេះ យើងបានធ្វើសកម្មភាពលែងពូជត្រី ៦ដង ដែលបានជំរុញធនធាននេសាទ ក្នុងបាតអាងកាន់តែភាពសម្បូរបែប។ ដោយឡែក ខេត្តស្ទឹងត្រែង បានរៀបចំទិវាមច្ឆជាតិចំនួន ២២លើករួចមកហើយ នៅតាមបណ្តាប្រភពទឹកនានា នៅក្នុងខេត្តស្ទឹងត្រែង ភាគឦសាន្តកម្ពុជា៕ដោយ៖ឡុង សំបូរ