មន្ទីររ៉ែ និងថាមពលខេត្ដក្រចេះ ស្រាយបំភ្លឺក្រោយការចុះផ្សាយព័ត៌មានថា មានការធ្វើសកម្មភាពរ៉ែមាសយ៉ាងអនាធិបតេយ្យនៅភូមិអូរត្រូន

0

ខេត្តក្រចេះ៖ មន្ទីររ៉ែ និងថាមពលខេត្ដក្រចេះ បានស្រាយបំភ្លឺព័ត៌មាន ឆ្លើយតបនឹងការចុះផ្សាយថា “ទីតាំងជាច្រើនកន្លែង កំពុងសម្រុកធ្វើសកម្មភាពយកមាសយ៉ាងអនាធិបតេយ្យ”នៅក្នុងភូមិអូរត្រូន ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។

តាមរយៈសេចក្តីបំភ្លឺ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ម្សិលមិញ មន្ទីរបានបញ្ជាក់ពីសារបានរឿងថា កាលពីថ្ងៃទី២៨មិថុនា២០២៥ មន្ទីរបានទទួលដំណឹងពីការធ្វើសកម្មភាពរ៉ែមាសអនាធិបតេយ្យ នៅក្នុងដែនអាជ្ញាបណ្ណក្រុមហ៊ុន “XING YUAN KANNG YEAK CO,LTD” នៅភូមិឧបសម្ព័ន្ធអូរត្រូន ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ពីអាជ្ញាធរមូលដ្ឋានរួចរាល់ហើយ។ លោកថា នៅថ្ងៃទី២៩មិថុនា២០២៥ លោកមេភូមិអូរត្រូន និងតំណាងក្រុមហ៊ុន បានចុះពិនិត្យ និងធ្វើកំណត់ហេតុឱ្យពួកគាត់ រុះរើសម្ភារ និងបញ្ឈប់សកម្មភាពរ៉ែមាសអនាធិបតេយ្យតទៅទៀត។

មន្ទីររ៉ែ និងថាមពលខេត្តក្រចេះ បានបញ្ជាក់ថា បើទោះបីជាមានការណែនាំជាបឋមពីអាជ្ញាធរមូលដ្ឋាន និងតំណាងក្រុមហ៊ុនរួចហើយក្តី មន្ទីរនឹងបន្តចុះតាមដានខ្លមមើលក្នុងករណីប្រទះឃើញមានការប្រព្រឹត្តបទល្មើសខាងលើទៀត មន្ទីរនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមាន។

ជុំវិញបញ្ហានេះ មន្ទីររ៉ែ និងថាមពលខេត្តក្រចេះ បានប្តេជ្ញាបញ្ចប់ នូវសកម្មភាពរ៉ែអនាធិបតេយ្យ និងជំរុញឱ្យមានការធ្វើអាជីវកម្មរ៉ែដោយស្របច្បាប់ ដែលនាំមកនូវផលប្រយោជន៍ជាតិជាច្រើន មានជាអាទិ៍៖ ការបង្កើតឱ្យមានឱកាសការងារនៅនឹងកន្លែង និងប្រយោល ការចូលរួមចំណែកដល់ការបង្កើតប្រភពចំណូលថវិកាជាតិបន្ថែម និងការបំបាត់នូវផលប៉ះពាល់ធ្ងន់ធ្ងរទៅដល់បរិស្ថាន និងសង្គម ព្រមទាំងចូលរួមចំណែកអភិវឌ្ឍសហគមន៍មូលដ្ឋាន តាមរយៈការធ្វើអាជីវកម្មរ៉ែប្រកបដោយចិរភាព។

ជាមួយគ្នានេះ មន្ទីររ៉ែ និងថាមពលខេត្តក្រចេះ បានអំពាវនាវទៅដល់ប្រជាពលរដ្ឋ ដែលកំពុងតែធ្វើអាជីវកម្មរ៉ែមាសអនាធិបតេយ្យ បញ្ឈប់នូវរាល់សកម្មភាពខុសច្បាប់ទាំងនេះ ហើយចូលរួមទប់ស្កាត់ ដោយជូនដំណឹងពីសកម្មភាពរ៉ែអនាធិបតេយ្យមកមន្ទីរ។

គួរបញ្ជាក់ថា នៅប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះ មានការចុះផ្សាយ អំពីការធ្វើសកម្មភាពរុករករ៉ែមាសយ៉ាងអនាធិបតេយ្យ ដោយខុសច្បាប់ រាប់សិបកន្លែង ស្ថិតនៅក្នុងភូមិអូរត្រូន ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។

ជុំវិញរឿងនេះ លោក សុខ យឿន មេភូមិអូរត្រូន បានទទួលស្គាល់ថា ក្នុងមូលដ្ឋានរបស់លោក ពិតជាមានការធ្វើសកម្មភាពរុករករ៉ែមាសខុសច្បាប់មែន តែមិនមានសកម្មភាពធំដុំនោះទេ គឺមានតែប្រជាពលរដ្ឋធ្វើសកម្មភាពបន្តិចបន្តួច តែប៉ុណ្ណោះ។

លោក សុខ យឿន បានបញ្ជាក់ថា នៅតំបន់រ៉ែមាស បើមិនឱ្យប្រជាពលរដ្ឋទៅរុករករ៉ែមាស ឲ្យទៅធ្វើអ្វីវិញ ហើយលោក ក៏មិនអាចបញ្ឈប់សកម្មភាពរបស់ពួកគាត់បានទេ ព្រោះវាជាមុខរបររបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ ដែលគ្មានការងារធ្វើពិតប្រាកដ។

ក្រោយទទួលបានដំណឹងនេះ លោក រ័ត្ន តុលា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តក្រចេះ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យ ធ្វើការណែនាំ និងបានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពរុករករ៉ែមាស អនាធិបតេយ្យនេះតទៅទៀត នាថ្ងៃទី៣០មិថុនា២០២៥៕ដោយ៖ឡុង សំបូរ