រដ្ឋសភាគ្រោងបើកកិច្ចប្រជុំធ្វើវិសោធនកម្មដកសញ្ជាតិខ្មែរលើអ្នកឃុបឃិតជាមួយជនបរទេស

0

ព្រៃវែង៖ ថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយ សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំ និងបណ្ដុះបណ្ដាល ជា ស៊ីម កំចាយមារ ខេត្តព្រៃវែង កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា ការវិសោធនកម្មរដ្ឋធម្មនុញ្ញ គឺដើម្បីដកសញ្ជាតិពីពលរដ្ឋខ្មែរ គឺអាចដំណើរការទៅមុខបានដោយគ្មានអ្វីមករារាំងនោះទេ។ សម្តេចបន្តថា ក្រុមប្រឹក្សាធម្មនុញ្ញបានពិនិត្យរួចរាល់ហើយកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ដោយមានសំឡេងសមាជិកទាំងមូលនៃក្រុមប្រឹក្សាធម្មនុញ្ញបានលើកដៃអនុម័ត។

សម្ដេចតេជោ បន្តថា រដ្ឋសភាគ្រោងនឹងកោះប្រជុំវិសាមញ្ញ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីពិភាក្សាលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដកសញ្ជាតិខ្មែរ ចំពោះបុគ្គលណាគុបគិតជាមួយបរទេស បំផ្លាញផលប្រយោជន៍ជាតិខ្មែរ។

សូមរំលឹកថា កាលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ បានស្នើឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានពិចារណាធ្វើវិសោធនកម្មច្បាប់ដកសញ្ជាតិខ្មែរ ជនទាំងឡាយណាគុបគិត ជាមួយបរទេសបំផ្លាញខ្មែរ៕