អភិបាលខេត្តបន្ទាយមានជ័យណែនាំដល់មន្រ្តីចូលកាន់មុខតំណែងអភិបាលរងក្រុងប៉ោយប៉ែតថ្មីត្រូវពង្រឹងការងារផ្តល់សេវាសាធារណះជូនពលរដ្ឋឲ្យបានប្រសើរ

0

បន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យណែនាំដល់មន្រ្តីចូលកាន់មុខតំណែងអភិបាលរងក្រុងប៉ោយប៉ែតថ្មីត្រូវពង្រឹងការងារផ្តល់សេវាសាធារណះជូនពលរដ្ឋឲ្យបានប្រសើរ ថ្លែងបែបនេះខណះឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក វឺ ថងរ័ក្ស ជាអភិបាលរងក្រុងប៉ោយប៉ែតថ្មីជំនួសលោក ហឿន វីរៈ ដែលត្រូវបានផ្លាស់ប្តូរមុខតំណែង ពីអភិបាលរងក្រុងប៉ោយប៉ែត ទៅកាន់តំណែងជាអភិបាល នៃគណៈស្រុកព្រះនេត្រ នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥។

ដើម្បីឆ្លើយតបនូវសេចក្តីទុកចិត្តលោក វឺ ថងរ័ក្ស អភិបាលរងក្រុងប៉ោយប៉ែត បានប្តេជ្ញាចិត្ត ៧ចំនុចសំខាន់ៗ ជាពិសេសប្តេជ្ញាអនុវត្តការងារ តាមឋានានុក្រម ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ឱ្យបានល្អប្រសើរ សាមគ្គីភាព ឯកភាពជាមួយគ្រប់ អង្គភាពពាក់ព័ន្ធ ដើម្បីសម្រេចបាននូវគ្រប់ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន និងប្តេជ្ញារគោរពយ៉ាងខ្ជាប់ខ្ជួន នូវអភិក្រមទាំង៥ របស់មន្ត្រី “ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ” ដើម្បីលត់ដំខ្លួន ឱ្យសក្តិសមជាមន្ត្រី ទទួលការជឿជាក់ពីប្រជាពលរដ្ឋ។

ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្ត លេីកឡេីងថា ការតែងតាំងមន្រ្តីរាជការ គឺជាដំណើរការប្រក្រតី សម្រាប់ដំណើរការគ្រប់គ្រងបុគ្គលិកបំពេញការងារប្រចាំថ្ងៃ ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន ក្នុងគោលបំណងលើកកម្ពស់ ប្រសិទ្ធភាព និងប្រសិទ្ធផលនៃការគ្រប់គ្រង។

ឯកឧត្ដម បន្តថា យ៉ាងណាមិញការគ្រប់គ្រងមន្រ្តីរាជការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺត្រូវបានរាជរដ្ឋាភិបាលធ្វើប្រតិភូកម្មអំណាច មកឱ្យគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក តាមរយៈអនុក្រឹត្យលេខ២៤០ អនក្រ.បក ឆ្នាំ២០១៧ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការបំពេញការងាររបស់មន្រ្តីរាជការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ដែលកិច្ចការនេះ រដ្ឋបាលខេត្ត តែងតែបានយកចិត្តទុកដាក់អនុវត្តយ៉ាងសុក្រឹត្យ ដោយអនុលោមតាមបទដ្ឋានគតិយុត្តជាធរមានពោលគឺ ករណីតែងតាំងគឺត្រូវផ្អែកលើគោលការណ៍មុខតំណែងដែលនៅទំនេរដែលត្រូវបំពេញ។

ឯកឧត្ដម អភិបាលខេត្ត ក៏បានណែនាំដល់អភិបាលក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់ពង្រឹងប្រសិទ្ធភាពការផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយគណនេយ្យភាព តម្លាភាព និងភាពរហ័សទាន់ចិត្ត ជាពិសេសសេវាតម្រូវការ និងសេវាសំណូមពររបស់ប្រជាពលរដ្ឋ, ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ទប់ស្កាត់បញ្ហាក្មេងទំនើង បញ្ហាគ្រឿងញៀន បញ្ហាល្បែងស៊ីសងខុសច្បាប់ បញ្ហាគ្រោះថ្នាក់ចរាចរ ជាពិសេស ត្រូវខិតខំអនុវត្តនូវគោលនយោបាយ ” ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ឱ្យទទួលបានលទ្ធផលល្អប្រសើរថែមទៀត៕ដោយ៖ឃិន គន្ធា