ខេត្តក្រចេះ៖ កម្មករពីរនាក់បានស្លាប់បាត់បង់ជីវិត ដោយសារផ្ទាំងថ្មម៉ាតរលំសង្កត់ពីលើ នារសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងការដ្ឋានថ្មម៉ាត សំបូរ ម៉ាញនីង ស្ថិតក្នុងភូមិ អូរត្រូន ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។
ប្រភពព័ត៌មានបានឱ្យដឹងថា កម្មករដែលរងគ្រោះរហូតបាត់បង់ជីវិតទាំងពីរនាក់នោះ ត្រូវគេស្គាល់ឈ្មោះ ១-ឈ្មោះ កាន សម្បត្តិ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេការអារថ្ម ,២-ឈ្មោះ ព្រំ ហ្រ្វីវិចារ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ជនរងគ្រោះទាំងពីរនាក់ រស់នៅភូមិសំរ៉ង ឃុំឃ្សឹម ស្រុកស្នួល ខេត្ដក្រចេះ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីពិនិត្យសាកសព និងប្រមូលព័ត៌មានជុំវិញកន្លែងកើតហេតុនោះរួចមក សមត្ថកិច្ចរកឃើញថា ជនរងគ្រោះទាំងពីរនាក់ ពិតជាស្លាប់ដោយសារថ្មបាក់សង្កត់ពីលើពិតប្រាកដមែន។ ក្រោយការពិនិត្យ សាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែក ពាក់ព័ន្ធនឹងការដោះស្រាយ ឬទូទាត់សំណងយ៉ាងណា តាមច្បាប់ការងារ នៅមិនទាន់មានការបញ្ជាក់នៅឡើយទេ។
សូមបញ្ជាក់ថា ក្រុមហ៊ុន សំបូរ ម៉ាញនីង ដែលស្ថិតនៅក្នុងភូមិ អូរត្រូន ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ត្រូវគេដឹងថា បានធ្វើសកម្មភាពជីកយកថ្មម៉ាត នៅទីតាំងកើតហេតុខាងលើ ជាច្រើនឆ្នាំមកហើយ៕ដោយ៖ឡុង សំបូរ